Skip to content
    ទំព័រដើម  »  កីឡាជាតិ

សិស្សនារីវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ចូលចិត្តលេងកីឡាបាល់ទះ

ដំបូងឡើយមិនមែនជាអ្នកមានចំណាប់អារម្មណ៍លើការលេងកីឡាទេ ប៉ុន្តែបន្ទាប់ពីបានចូលហ្វឹកហាត់កីឡាបាល់ទះ និងបានប្រកួតប៉ុន្មានលើកកន្លងមក យុវតី អ៊ុក សុវណ្ណកញ្ញាពេជ្រ បានរំលេចនូវអត្ថប្រយោជន៍យ៉ាងច្រើនទាក់ទងទៅនឹងផ្លូវអារម្មណ៍ និងសុខភាព។

សិស្សថ្នាក់ទី១១នៃវិទ្យាល័យ ហ៊ុន សែន តាខ្មៅ មើលឃើញថា ការលេងកីឡាបាល់ទះបានជួយឱ្យនាងទទួលបានភាពរីករាយ កាត់បន្ថយតានតឹងពីការសិក្សា។ នាងក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សផ្សេងៗទៀតឆ្លៀតពេលលេងកីឡាឱ្យបានច្រើន។

ចំណែកយុវតី ចាន់សារី សិស្សថ្នាក់ទី១០នៃវិទ្យាល័យ ហ៊ុនសែន តាខ្មៅ ដូចគ្នាធ្លាប់ហ្វឹកហាត់កីឡាតេក្វាន់ដូដែរតែមិនអាចទៅមុខរួច ក៏ប្ដូរមកហាត់​កីឡាបាល់ទះវិញក្រោយ។ រយៈពេល៣ខែក្នុងការហ្វឹកហាត់ លីបេរ៉ូរូបនេះទទូចថា ពិតជាល្អខ្លាំងចំពោះសុខភាព។

ក្រុមបាល់ទះនារីវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងការប្រកួតកីឡាមហាជនខេត្តកណ្ដាល ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅពីថ្ងៃទី២២ដល់ថ្ងៃទី២៨ ខែមេសា ដោយមាន៣ប្រភេទកីឡា គឺបាល់ទាត់ បាល់ទះ និង បាល់បោះ៕