មហាសេដ្ឋីជនជាតិអង់គ្លេស Sir Jim Ratcliffe ដែលទើបទិញបានភាគហ៊ុន២៥%ក្នុងក្លិប Manchester United ពីមហាសេដ្ឋីអាមេរិកត្រកូល Glazers បាននិយាយថាលោកត្រូវការពេលវេលានិងភាពអត់ធ្មត់ ដើម្បីនាំជោគជ័យកីឡាត្រឡប់មកក្លិបបិសាចក្រហមឡើងវិញ។
កំពូលអ្នកមានវ័យ៧១ឆ្នាំរូបនេះបានឈានដល់ការព្រមព្រៀងទិញភាគហ៊ុន Man Utd ចំនួន២៥% ដែលមានតម្លៃជាទឹកប្រាក់ស្មើនឹង១.៣ពាន់លានដុល្លារ ឬ១.០៣ពាន់លានផោន។ ប៉ុន្តែត្រូវចំណាយពេល៦ទៅ៨សប្ដាហ៍ក្នុងការបំពេញសំណុំបែបបទឯកសារផ្សេងៗ ទម្រាំអាចអនុវត្តតួនាទីរបស់លោកនៅក្នុងក្លិបជាផ្លូវការបាន។ Sir Jim Ratcliffe និងសហការីរបស់លោកនឹងគ្រប់គ្រងប្រតិបត្តិការផ្នែកកីឡា ហើយលោកក៏នឹងផ្ដល់ថវិកា៣០០លានដុល្លារផ្សេងទៀតសម្រាប់ការវិនិយោគកីឡដ្ឋានរបស់ Man Utd នៅពេលអនាគត។
នៅក្នុងវេលាដំបូងនេះ Sir Jim Ratcliffe ដែលក៏ជាម្ចាស់ក្លិប Nice នៅបារាំងផងនោះ បានសរសេរលិខិតផ្ញើទៅអ្នកគាំទ្រ Man Utd ថា៖ «ពួកយើងទទួលស្គាល់ទំនួលខុសត្រូវរបស់យើងក្នុងនាមជាអ្នកថែរក្សាក្លិបជំនួសមុខឱ្យពួកអ្នក។ ខ្ញុំជឿជាក់ថាពួកយើងអាចនាំយកជោគជ័យផ្នែកកីឡានៅលើទីលានដើម្បីបំពេញបន្ថែមពីលើជោគជ័យផ្នែកពាណិជ្ជកម្មដែលក្លិបបានទទួល។ វាទាមទារពេលវេលានិងភាពអត់ធ្មត់ ទន្ទឹមគ្នាជាមួយការគ្រប់គ្រងដែលតឹងរ៉ឹងនិងមានវិជ្ជាជីវៈខ្ពស់បំផុត។
ពួកអ្នកមានមហិច្ឆតាសម្រាប់ Manchester United ហើយពួកយើងក៏មានមហិច្ឆតាដូចគ្នាដែរ។ នៅក្នុងកីឡា គ្មានការធានាជាក់លាក់ទេ ហើយការផ្លាស់ប្ដូរអាចត្រូវការពេលដោយចៀសមិនផុត ប៉ុន្តែពួកយើងនឹងធ្វើវាសម្រាប់រយៈពេលវែងឆ្ងាយ ហើយជាមួយគ្នាពួកយើងអាចជួយនាំ Manchester United ត្រឡប់ទៅទីតាំងដែលស័ក្ដិសមឡើងវិញ គឺនៅទីកំពូលនៃបាល់ទាត់អង់គ្លេស បាល់ទាត់អឺរ៉ុប និងបាល់ទាត់ពិភពលោក។ ខ្ញុំនឹងបំពេញទំនួលខុសត្រូវនេះយ៉ាងម៉ឺងម៉ាត់បំផុត។
ដោយឡែក កាលពីយប់ថ្ងៃអង្គារទី២៦ធ្នូ Man Utd បានវាយបកឈ្នះ Aston Villa ៣-២ ក្នុងរាត្រី Boxing Day ក្រោមក្រសែភ្នែកក្រុមការងារជំនិតរបស់ម្ចាស់ក្លិបថ្មី គឺ Sir Dave Brailsford និងអតីតប្រធានប្រតិបត្តិ Juventus និង PSG លោក Jean-Claude Blanc។ គ្រាប់បាល់របស់ Garnacho ២គ្រាប់ក្នុងនាទី៥៩និង៧១ និង Hojlund ក្នុងនាទី៨២ ដណ្ដើមបាន៣ពិន្ទុសម្រាប់ក្រុមលោក Erik Ten Hag បន្ទាប់ពី Aston Villa បាននាំមុខ២គ្រាប់មុនក្នុងវគ្គទី១ ក្នុងនាទី២១និង២៦។
នៅពេលសម្រាកចន្លោះវគ្គ១៥នាទី លោក Ten Hag បាននិយាយទៅកាន់កីឡាករ Man Utd ថា៖ ចូររក្សាជំនឿចិត្តហើយពួកយើងនឹងឈ្នះ។ នៅក្រោយការប្រកួតអ្នកចាត់ការជនជាតិហុល្លង់រូបនេះនិយាយថាលោកសប្បាយចិត្តនិងអន្ទះសារចំពោះការវិនិយោគថ្មីនៅក្នុងក្លិប Man Utd។ លោកថាម្ចាស់ភាគហ៊ុនថ្មីចង់ធ្វើការជាមួយលោក ហើយលោកក៏ចង់ធ្វើការជាមួយពួកគេដែរ។
Man Utd ពេលនេះឡើងមកលេខរៀងទី៦ក្នុងតារាង Premier League ដោយមាន៣១ពិន្ទុពី១៩ប្រកួត និងផលសងគ្រាប់បាល់ ដក៤ ខណៈក្រុមកំពូលតារាង Liverpool មាន៤២ពិន្ទុ ឯ Arsenal ធ្លាក់មកលេខ២ មាន៤០ពិន្ទុ នៅរង់ចាំការប្រកួតសប្ដាហ៍១៩ទល់ West Ham រាត្រីថ្ងៃព្រហស្បតិ៍៕