ពេជ្រ អាទិទេព ធ្លាប់ចាប់ចិត្តការងារទេសចរណ៍ មុនប្រលូកគុនខ្មែរវាយមិនទាន់ស្គាល់ចាញ់
ជើងថ្មីគុនខ្មែរ ពេជ្រ អាទិទេព ធ្លាប់មានបំណងចង់ក្លាយជាមគ្គទេ្ទសក៏ទេសចរណ៍ម្នាក់កាលពីខ្លួននៅកំពុងសិក្សា មូលហេតុដែលរូបគេចង់ចាប់មុខរបរមួយនេះ ក៏ព្រោះតែគេចង់មានសេរីភាពក្នុងការដើរហើរ និងផ្សព្វផ្សាយតំបន់រមណីយដ្ឋាននានាក្នុងស្រុកខ្មែរទៅឱ្យភ្ញៀវបរទេសដែលមកទស្សនាប្រទេសកម្ពុជាឱ្យបានស្គាល់។
យ៉ាងណាក្តីកូនអ្នកខេត្តកំពង់ធំរូបនេះថាមិនមានការស្តាយក្រោយទេ ដែលមិនបានសម្រេចបំណងរបស់គេកាលពីក្មេង ដោយបច្ចុប្បន្នកំពុងតែសម្រួចគោលដៅក្នុងវិស័យគុនខ្មែរក្នុងក្លឹបរបស់លោកគ្រូពេជ្រ សុផាន់ មួយរយៈមកនេះ។ កូនសិស្សលោកគ្រូកម្លាំងបាយ ពេជ្រ សុផាន់ ក៏បានបន្តថាការប្រលូកក្នុងវិស័យគុនខ្មែរក៏ជាបំណងរបស់គេតាំងពីតូចមកដែរ និងតាំងចិត្តបង្កើនកេរ្តិ៍ឈ្មោះ ចង់គ្រងខ្សែក្រវាត់ និងជោគជ័យដូចកីឡាករលំដាប់ៗក្នុងពេលបច្ចុប្បន្ន។
ខ្ញុំមានក្តីស្រមៃចង់រៀនភាសាអង់គ្លេសឱ្យពូកែ ចង់ដើរបកប្រែជាមគ្គទេ្ទសក៏ទេសចរណ៍ទៅឱ្យជនបរទេស ព្រោះខ្ញុំចូលចិត្តមានសេរីភាពក្នុងការដើរឱ្យបានស្គាល់កន្លែងច្រើន ។
ពេជ្រ អាទិទេព ជាកីឡករដែលកំពុងកាន់កាប់កំណត់ត្រាល្អក្នុងប្រភេទគីឡូ ៥៧គីឡូក្រាម ពោល ១៨ប្រកួតមិនដែលចាញ់ និងផ្ទួលដៃគូឱ្យសន្លប់ ១៣ដង នៅក្នុងអាជីពប្រដាល់គុនខ្មែរបានរយៈពេល ១ឆ្នាំ ១ខែមកនេះ៕