ការដោះដូរតែងតែកើតមានឡើងនៅពេលដែលក្លិបបាល់ទាត់ចង់ផ្លាស់ប្ដូរសមាសភាពនៅក្នុងក្រុម ហើយពេលខ្លះកីឡាករ ចង់ទទួលយកការប្រកួតប្រជែងថ្មី និងហេតុផលផ្សេងៗមួយចំនួនទៀត។
នៅក្នុងចំណោមការដោះដូរទាំងនោះ មានកីឡាករខ្លះបានចាកចេញពីក្លិបធំ ទៅចូលរួមជាមួយនឹងក្លិបតូចជាង ឬ ក្លិបមិនសូវល្បី ដើម្បីបន្ដឱកាសចូលលេង ដែលការផ្ទេរខ្លះសឹងតែមិនគួរឱ្យជឿ។ តាមការចុះផ្សាយរបស់សារព័ត៌មាន The Sun បានបង្ហាញពីការដោះដូរដែលចំលែក និង មិននឹកស្មានដល់ទាំង៧ កើតឡើងនៅក្នុងប្រវត្តិសាស្ដ្របាល់ទាត់អឺរ៉ុប។
Nicklas Bendtner
នៅថ្ងៃចុងក្រោយនៃការដោះដូរនៅខែសីហាឆ្នាំ ២០១២ ក្លិប Juventus ប្រឈមនឹងការខ្វះខាតកីឡាករនៅតំបន់ប្រយុទ្ធ ហើយក្លិបអ៊ីតាលី បានសម្រេចខ្ចី កីឡាករ Nicklas Bendtner ពីក្លិប Arsenal។
ការដោះដូរនេះ បានធ្វើឱ្យអ្នកគាំទ្រក្រុមកាំភ្លើងធំមានការភ្ញាក់ផ្អើល និងរីករាយចំពោះការចាកចេញរបស់ ខ្សែប្រយុទ្ធរូបនេះ ពីទីក្រុងឡុងដុង។ នៅអ៊ីតាលី Bendtner មានឱកាសចូលលេងបានត្រឹមតែ១១ប្រកួតប៉ុណ្ណោះសម្រាប់ Juventus មុនពេលបញ្ចប់កិច្ចសន្យាខ្ចីហើយត្រលប់ទៅ Arsenal វិញ។
Bojan Krkic
នៅក្នុងឆ្នាំ ២០១៤ អ្នកចាត់ការក្លិប Stoke City លោក Mark Hughes បានដាក់សំណើដ៏គួរឱ្យភ្ញាក់ផ្អើល សម្រាប់កីឡាករដែលមានសមត្ថភាពខ្ពស់ ដែលពេលខ្លះត្រូវបានហៅថាជា Messi ទី២ ក្នុងតម្លៃ ១,៨លានផោន។
ប៉ុន្ដែអ្វីៗមិនដូចការរំពឹងទុក ខ្សែប្រយុទ្ធអេស្ប៉ាញអាចរកគ្រាប់បាល់បាន១៦គ្រាប់ប៉ុណ្ណោះ សម្រាប់ការចូលលេង៨៥ប្រកួត ហើយកីឡាកររូបនេះ ត្រូវបានដាក់ឱ្យក្លិប Mainz 05 និង Alaves ខ្ចី មុនលក់ចេញទៅឱ្យក្លិបអាមេរិក Montreal Impact នៅឆ្នាំ ២០១៩។
Tevez & Mascherano
ប្រហែលនេះជាការដោះដូរមួយគូដ៏គគ្លើនមួយ នៅក្នុងប្រវត្ដិសាស្ដ្ររបស់ Premier League។ កីឡាករអាហ្សង់ទីនទាំងពីររូប ត្រូវបានទិញចូលពីក្លិប Corinthians នៅក្នុងឆ្នាំ២០០៦ ប៉ុន្ដែនៅលេងឱ្យ West Ham បានតែ១មួយរដូវកាលប៉ុណ្ណោះ ដោយ Tevez ផ្ទេរមកចូលរួមជាមួយ Manchester United ហើយ Mascherano ចុះហត្ថលេខាជាមួយ Liverpool នៅរដូវកាលបន្ទាប់។
ក្រោយមកលោក Alan Pardew ដែលកាលនោះជាអ្នកចាត់ការ West Ham បានទំលាយឱ្យដឹងថាលោកបានស្នើនាយកប្រតិបត្តិរបស់ក្លិប ដើម្បីទិញ James Milner តែម្នាក់ប៉ុណ្ណោះ ហើយក្រោយមកបែរជាបាន កីឡាករអាហ្សង់ទីនទាំងពីររូបទៅវិញ។
Luther Blissett
វីរបុរស និង ជាកំពូលអ្នករកគ្រាប់បាល់ច្រើនបំផុតសម្រាប់ Watford, Blissett បានសម្រេចផ្ទេរទៅ AC Milan ក្នុងតម្លៃ ១លានផោន បន្ទាប់ពីឈ្នះពានស្បែកជើងមាសនៅក្នុងឆ្នាំ ១៩៨៣។
ប៉ុន្ដែកីឡាករជនជាតិចាម៉ៃកា លេងមិនបានល្អដូចនៅអង់គ្លេសនោះទេ ដោយរកគ្រាប់បាល់បានតែ៥គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន ៣០ប្រកួតឱ្យ Milan។
Edgar Davids
ខ្សែបម្រើឆ្នើម ដែលប្រកបអាជីពជាមួយក្លិបធំៗដូចជា AC Milan, Juventus និង Barcelona ជាដើម បានសម្រេចផ្លាស់ទៅចូលរួមជាមួយ ក្លិប Barnet ក្នុងនាមជាគ្រូបង្វឹក និង ជាកីឡាកររបស់ក្លិបដែលនៅក្នុងលីគទី៤អង់គ្លេស នៅក្នុងឆ្នាំ២០១២។
កីឡាករហុល្លង់រូបនេះ ជារឿយៗបានល្មើសនឹងច្បាប់ល្បែងនៅលើទីលានប្រកួត ហើយត្រូវបានបណ្ដេញចេញ៣លើក នៅក្នុងចំណោម៨ប្រកួតដំបូង ក្នុងរដូវកាល ២០១៣-១៤ ហើយតែងទទួលបានកាតលឿងរាល់ការការប្រកួតទាំងនោះ។ អ្វីដែលកាន់តែហួសចិត្តនោះគឺ ខ្សែបម្រើរូបនេះ បានជ្រើសរើសពាក់អាវលេខ១ ដែលជាទូទៅជាលេខរបស់អ្នកចាំទី ដោយលោកបានលើកឡើងថា លោកចង់បង្កើតការនិយមថ្មីសម្រាប់ខ្សែបម្រើ។ នៅឆ្នាំ ២០១៤ Davids បានលាលែងពីតំណែង។
Fernando Hierro, Youri Djorkaeff និង Jay Jay Okocha
លោក Sam Allardyce បានចុះហត្ថលេខាផ្ទេរ កីឡាករឆ្នើមបីរូបរួមមាន Fernando Hierro, Youri Djorkaeff និង Jay-Jay Okocha នៅក្នុងឆ្នាំតែមួយ។ Okocha បានផ្ទេរមកចូលរួមជាមួយ Bolton ពីក្លិប PSG ដោយពុំមានតម្លៃផ្ទេរ ហើយបានក្លាយជាកីឡាករដែលអ្នកគាំទ្រ Bolton ពេញចិត្ត។
Djorkaefff បានរកគ្រាប់បាល់បញ្ចូលទី ២១គ្រាប់ សម្រាប់៨៧ប្រកួត ខណៈ Hierro បានបញ្ចប់អាជីពនៅ Wanderers ក្នុងវ័យ៣៧ឆ្នាំ។
Roberto Mancini
Mancini បានរួមចំណែកធំ ក្នុងការជួយក្រុម Sampdoria ឈ្នះពាន Serie A ម្ដង Coppa Italia ៤លើក និង European Cup Winners’ Cup មួយផងដែរ។
ប៉ុន្ដែពុំមាននរណាស្មានដល់ថា ខ្សែប្រយុទ្ធអ៊ីតាលីរូបនេះ បញ្ចប់អាជីពជាមួយ Leicester ក្រោមកិច្ចសន្យាខ្ចីនៅឆ្នាំ២០០១ បន្ទាប់ពីបានចំណាយពេល៣រដូវកាលជាមួយ Lazio។ ក្រោយបានចូលលេងពេញ៩០នាទី៥ប្រកួតសម្រាប់ក្រុមកញ្ជ្រោងខៀវ Mancini ដែលកាលនោះមានអាយុ៣៦ឆ្នាំ បានបញ្ចប់កិច្ចសន្យាជាមួយក្លិបអង់គ្លេសនៅខែកុម្ភៈឆ្នាំ ២០០១ ហើយត្រលប់ទៅអ៊ីតាលីវិញ មកកាន់តំណែងជាគ្រូបង្វឹកក្រុម Fiorentina៕