វីរបុរស Manchester United និង អង់គ្លេស Wayne Rooney បានទម្លាយរឿងសម្ងាត់មួយឱ្យដឹងថាក្នុងរដូវក្ដៅឆ្នាំ២០០៤ ក្លិប Everton ចង់លក់រូបគេឱ្យផ្ទេរទៅ Chelsea ជាង Man Utd ព្រោះ Chelsea ផ្ដល់សំណើដែលមានតម្លៃថ្លៃជាង។
កាលណោះ Rooney វ័យ១៨ឆ្នាំ បានផ្ទេរយ៉ាងល្បីល្បាញពី Goodison Park ទៅ Old Trafford ក្នុងតម្លៃឯតទគ្គកម្ម២៧លានផោន។
និយាយក្នុងកម្មវិធីសម្ភាស UTD Podcast ខ្សែប្រយុទ្ធដែលកំពុងនៅជាមួយក្លិប Derby និយាយថា៖ «ខ្ញុំបានដឹងថាការចូលរួម Man Utd ជាជម្រើសមួយមុនដល់ព្រឹត្តិការណ៍ Euro 2004។ ខ្ញុំបានដឹងថា Manchester United ចង់បានខ្ញុំ។ ខ្ញុំគិតថាទៅ Euros សិនហើយលេងឱ្យបានល្អនៅទីនោះ ប្រហែលធ្វើឱ្យតម្លៃផ្ទេររបស់ខ្ញុំកាន់តែខ្ពស់ ប៉ុន្តែខ្ញុំបានបាក់ឆ្អឹងប្រអប់ជើង រួចហើយខ្ញុំក៏បានដឹងរឿងមួយចំនួន»។
«Everton ពេលនោះកំពុងខ្វះខាតលុយយ៉ាងខ្លាំង ហើយពួកគេទទួលបានសំណើជាច្រើនពីក្លិបផ្សេងៗ។ ពួកគេបានជំរុញខ្ញុំឱ្យចុះកិច្ចសន្យាជាមួយ Chelsea ព្រោះពួកគេឱ្យលុយច្រើនជាងគេ។ តែពេលខ្ញុំដឹងថា Man Utd ចាប់អារម្មណ៍ខ្ញុំ ខ្ញុំចង់បានការបញ្ជាក់ខ្លះពីពួកគេថាពិតជាចង់បានខ្ញុំមែនឬយ៉ាងណា។ នៅពេលអ្វីៗត្រូវបានបញ្ជាក់ Man Utd ជាក្លិបតែមួយគត់ក្នុងចិត្តខ្ញុំ»។
«តាមពិតទៅ Man Utd ចង់ពន្យារមួយឆ្នាំសិន ប៉ុន្តែស្រាប់តែពេលនោះ Newcastle ចូលមកចរចាជាមួយ Everton និងជាមួយខ្ញុំដែរ។ ពេលនោះខ្ញុំមិនអាចចាំមួយឆ្នាំទៀតបានទេ។ ខ្ញុំមិនអាចនៅ Everton មួយឆ្នាំទៀតទេ ដូច្នេះខ្ញុំបានត្រៀមទៅ Newcastle នៅឆ្នាំនោះ។ ខ្ញុំបាននិយាយជាមួយ Newcastle អំពីប្រាក់ខែនិងលក្ខខណ្ឌផ្សេងៗដែលខ្ញុំចង់បាន។ ខ្ញុំបានប្រាប់ពួកគេថាបើពេលណា Man Utd ចូលមកដេញថ្លៃយកខ្ញុំ ពួកគេត្រូវតែអនុញ្ញាតឱ្យខ្ញុំចេញ។ Newcastle បានយល់ព្រម។ តែខ្ញុំក៏បានត្រលប់ទៅនិយាយជាមួយ Man Utd ដែរថាបើមិនទិញខ្ញុំឥឡូវនេះទេ ខ្ញុំទៅ Newcastle ហើយ ខណៈលក្ខខណ្ឌត្រូវរ៉ូវគ្នារួចស្រាប់។ ដល់អីចឹង Man Utd មិនចង់ឱ្យខ្ញុំទៅ Newcastle សិននោះទេ ដូច្នេះខ្ញុំក៏មកទីនេះ(Man Utd)នៅឆ្នាំនោះតែម្ដង។ វាពិតជាការផ្ទេរដ៏ស័ក្ដិសមឥតខ្ចោះសម្រាប់ខ្ញុំ»។
Rooney មានអាជីពយ៉ាងជោគជ័យនៅ Man Utd រយៈពេល១៣ឆ្នាំ ដោយបានលើកពាន Premier League ៥ដង, FA Cup ១ដង, League Cup ៣ដង, Champions League ១ដង, Europa League ១ដង និង FIFA Club World Cup ១ដង។ គេបានចូលលេងសរុប៥៥៩លើកសម្រាប់ក្រុមបិសាចក្រហមនិងរកបានគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្លិបនេះ គឺ២៥៣គ្រាប់ មុនពេលត្រលប់ទៅ Everton វិញក្នុងឆ្នាំ២០១៧។
ដោយឡែក Chelsea ក្នុងឆ្នាំ២០០៤នោះ លោក Jose Mourinho បានទិញចូលកីឡាករ៩នាក់ រួមទាំង Didier Drogba (មកពី Marseille) និង Mateja Kezman (មកពី PSV) ផងដែរ៕