កីឡាករមួយចំនួនអាយុ៦០ ៧០ឆ្នាំអីទៅហើយ តែនៅលេងកីឡាបាល់ទាត់បានយ៉ាងល្អ មិនទ្រុឌទ្រោមតាមអាយុ។ នេះជាការសរសើរដល់ក្រុមបាល់ទាត់វ័យចាស់២០២២ ពីសំណាក់ប្រធានក្រុមស្រលាញ់កីឡា លោក ឡាំ ទីនី។
អតីតអ្នកចាត់ការក្រុមបាល់ទាត់ណាហ្គាវើលដ៍ដដែលបានចាត់ទុកថា ក្រុមបាល់ទាត់ចាស់២០២២បានបង្ហាញភាពជាគំរូមួយដល់យុវជនជំនាន់ក្រោយថា ទោះបីមានវ័យចំណាស់ទៅហើយ តែនៅអាចលេងកីឡាបាន។ ដូច្នេះហើយបានជាលោក និងសមាជិកក្រុមដែលមានវ័យតិចជាង បានប្រមែប្រមូលគ្នាដើម្បីលេងកីឡា ក្នុងន័យរក្សាសុខភាពឱ្យបានល្អ។
សម្រាប់ក្រុមស្រលាញ់កីឡាគឺជាក្រុមដែលប្រមូលផ្ដុំដោយអតីតកីឡាក្លិបបាល់ទាត់ណាហ្គាវើលដ៍ និងអ្នកធ្វើការនៅក្រុមហ៊ុនណាហ្គាវើលដ៍។
ក្រុមបាល់ទាត់វ័យចាស់២០២២ និងក្រុមបាល់ទាត់ស្រលាញ់កីឡាបានជួបគ្នាខែប្រកួតលក្ខណៈមិត្តភាពដើម្បីជាការរឹតចំណងទំនាក់ទំនងរវាងគ្នា និងគ្នាផង ក៏ដូចជាអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ។ ការប្រកួតនេះប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០២៤ នាកីឡដ្ឋានអគ្គិសនីកម្ពុជា៕