Phil Foden និង Jack Grealish ទទួលបានការព្រមានពីអ្នកចាត់ការ Pep Guardiola របស់ក្លិប Manchester City បន្ទាប់ពីកីឡាករពីររូបនេះ មិនមានឈ្មោះក្នុងបញ្ជីកីឡាកររបស់ក្រុមមេឃខៀវ ក្នុងការប្រកួតជ័យជម្នះទល់នឹង Newcastle កាលពីថ្ងៃអាទិត្យ។
កីឡាករអង់គ្លេសពីររូបនេះបានចេញទៅក្រៅនៅពេលយប់ បន្ទាប់ពីជួយ Man City ឈ្នះការប្រកួតនៅក្នុងទឹកដីរបស់ខ្លួនទល់នឹង Leeds United ដោយ ៧-០ កាលពី៥ថ្ងៃមុន។ ក្រោយឈ្នះ Newcastle ៤-០ ក្នុងកីឡដ្ឋាន St. James’ Park លោក Guardiola បង្ហើបដោយប្រយោលថា អវត្តមានរបស់ Foden និង Grealish មិនមែនដោយសារលោកចង់ឱ្យពួកគេសម្រាកពីការប្រកួតនោះទេ។
លោក Guardiola ត្រូវបានរាយការណ៍ថា មិនសប្បាយចិត្តចំពោះស្ថានភាពបច្ចុប្បន្ន ហើយអតីតអ្នកចាត់ការ Bayern Munich រូបនេះ បានប្រាប់កូនក្រុមរបស់លោក ឱ្យប្រយ័ត្នប្រយែង ចំពោះការអបអរថ្ងៃបុណ្យ Chrismas ដោយសារមានការរាតត្បាតនៃវីរុសកូរ៉ូណា ជាពិសេសប្រភេទបម្លែងថ្មីអូមីក្រុង។
អ្នកចាត់ការជនជាតិអេស្ប៉ាញ បាននិយាយថា៖ “ខ្ញុំមានការយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះអាកប្បកិរិយាកីឡាករ ទាំងលើទីលាន និងក្រៅទីលាន”។ នៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់ BBC Radio 5 លោក Guardiola បានបន្ថែមថា៖ “ហើយនៅពេលដែលសកម្មភាពក្រៅទីលានមិនសមរម្យ ពួកគេនឹងមិនបានចូលលេងនោះទេ។ ដូច្នេះពួកគេត្រូវផ្ដោតការយកចិត្តទុកដាក់គ្រប់ពេល ព្រោះអាចបែកអារម្មណ៍ក្នុងកម្មវិធីបុណ្យ Christmas ហើយគ្រប់យ៉ាងអាចនឹងកើតឡើង អ្នកត្រូវមានការផ្ដោតអារម្មណ៍”។
ក្រោយឈ្នះ ក្រុមសារិកាព្រៃ ៤-០ Man City បន្ដក្ដោបកំពូលតារាង Premier League ដោយនាំមុខ៣ពិន្ទុលើ ក្រុមលេខ២ Liverpool ដែលស្មើក្រៅទឹកដីទល់នឹង Tottenham Hotspur កាលពីចុងសប្ដាហ៍ និងមានគម្លាត៦ពិន្ទុពី Chelsea។ ហើយនេះក៏ជាជ័យជម្នះលើកទី៨ជាប់ៗគ្នារបស់ពួកគេ ក្នុងលីគកំពូលអង់គ្លេស៕