សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានដាក់បម្រាមរយៈពេល៥ឆ្នាំនិងពិន័យជាប្រាក់២សែនដុល្លារលើប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិក (CAF) Ahmad ពីបទបំពានក្រមសីលធម៌ជាច្រើនករណី។
លោក Ahmad វ័យ៦០ឆ្នាំដែលជាអនុប្រធាន FIFA ផងដែរនោះ ត្រូវបានរកឃើញថាបានបំពានក្រមសីលធម៌ទាក់ទងនឹងភាពស្មោះត្រង់ចំពោះកាតព្វកិច្ច, ការជូននិងទទួលអំណោយ, ការរំលោភតួនាទី និងវិតិកម្មធន (ការយកមូលនិធិទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន) ពីឆ្នាំ២០១៧ដល់២០១៩។
លោកអាចប្ដឹងទាស់ទៅ CAS បានចំពោះទណ្ឌកម្មខាងលើ។ លោក Ahmad កន្លងមកបានទាត់ចោលការចោទប្រកាន់ ដោយថាលោកមិនបានប្រព្រឹត្តខុសអ្វីឡើយ៕