លោក Frank Lampard ត្រូវបានបណ្ដេញពីតំណែងអ្នកចាត់ការក្លិប Chelsea ខណៈកីឡាករត្រូវបានផ្ដល់ដំណឹងឱ្យផ្អាកហ្វឹកហាត់នៅព្រឹកថ្ងៃចន្ទនេះ។
អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ប្រឈមនឹងបញ្ហាលំបាកក្នុងតំណែងរបស់ខ្លួន ក្រោយដឹកនាំក្រុមតោខៀវទទួលបានលទ្ធផលមិនសូវល្អនៅ Premier League ២០២០-២១។
បច្ចុប្បន្ន Chelsea ឈរនៅលេខរៀងទី៩ ក្នុងតារាងលីគកំពូលអង់គ្លេស និងមានគម្លាត១១ពិន្ទុពីក្រុមកំពូលតារាង Manchester United បើទោះបីពួកគេបានចំណាយ ២២៨,៧លានផោន ដើម្បីនាំយកកីឡាករឆ្នើមមកជួយពង្រឹងក្រុម នៅពេលដោះដូរដើមរដូវកាលក្ដី។
ក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដុង ត្រូវបានចាត់ទុកថាជាបេក្ខភាពប្រជែង Premier League នៅដើមខែធ្នូ ក្រោយមិនបរាជ័យ៩ប្រកួតនៅក្នុងលីគ។ ប៉ុន្ដែបរាជ័យ ជាបន្ដបន្ទាប់នៅក្នុងទឹកដីរបស់ក្រុម Everton និង Wolverhampton Wanderers ធ្វើឱ្យកៅអីរបស់លោក Lampard កាន់តែឡើងកម្ដៅ។ ហើយ៨ប្រកួតចុងក្រោយនៅក្នុងលីគពួកគេទទួលបានតែ៧ពិន្ទុប៉ុណ្ណោះ ដោយឈ្នះ២លើក ស្មើម្ដង និង បរាជ័យ៥ដង។
ហើយនៅថ្ងៃចន្ទនេះ លោក Lampard ត្រូវបានបណ្ដេញចេញពីតំណែងនៅថ្ងៃចន្ទនេះ ហើយប្រភពមួយចំនួនទៀតពីអ្នកសារព័ត៌មាន Fabrizio Romano បានអះអាងថា បេក្ខភាពដែលអាចជំនួសតំណែងរបស់អតីតអ្នកចាត់ការក្លិប Derby County រូបនេះគឺលោក Thomas Tuchel។
អតីតគ្រូបង្វឹកជនជាតិអាល្លឺម៉ង់ បច្ចុប្បន្នពុំទាន់មានក្លិបសម្រាប់ដឹកនាំនៅឡើយទេ ក្រោយចែកផ្លូវគ្នាជាមួយជាមួយ ក្លិបបារាំង Paris Saint-Germain កាលពីខែធ្នូ ឆ្នាំ២០២០៕