អ្នកគាំទ្រនឹងត្រលប់ចូលកីឡដ្ឋានក្នុងក្របខ័ណ្ឌ Premier League វិញបានមុនដាច់ឆ្នាំ២០២០ ដោយរដ្ឋាភិបាលអង់គ្លេសបានប្រកាសថាតំបន់ដែលមានហានិភ័យឆ្លងកូវីដ១៩ទាបនឹងត្រូវបានអនុញ្ញាតឱ្យមានទស្សនិកជនចូលទស្សនាផ្ទាល់ក្នុងកីឡដ្ឋានក្នុងចំនួនអតិបរមា៤ពាន់នាក់។
អង់គ្លេសត្រូវបានដាក់ក្នុងគ្រាមានអាសន្នរហូតដល់ថ្ងៃទី២ខែធ្នូ ប៉ុន្តែស្ថានភាពកូវីដ១៩ក្នុងប្រទេសនេះត្រូវបានរំពឹងថានឹងប្រសើរឡើងគ្រប់គ្រាន់ដើម្បីអនុញ្ញាតឱ្យទស្សនិកជនត្រលប់ចូលកីឡដ្ឋានវិញ។
លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានមានប្រសាសន៍ថានៅពេលណាស្ថានភាពប្រទេសត្រលប់មកការរឹតបន្តឹងកម្រិតទី៣វិញ ពេលនោះមានតែតំបន់ដែលត្រូវបានចាត់ថាមានហានិភ័យឆ្លងកូវីដខ្ពស់ប៉ុណ្ណោះទើបមិនអនុញ្ញាតឱ្យមានទស្សនិកជនក្នុងកីឡដ្ឋាន។
ក្នុងតំបន់ដែលមានហានិភ័យកម្រិតទី២ នឹងត្រូវបានអនុញ្ញាតឱ្យមានទស្សនិកជនក្នុងកីឡដ្ឋានច្រើនបំផុត២ពាន់នាក់ ឬ៥០%នៃចំណុះសរុប អាស្រ័យលើថាមួយណាមានចំនួនតិចជាង។
ពេលនោះនឹងក្លាយជាលើកដំបូងតាំងពីខែមីនាឆ្នាំ២០២០មកដែលការប្រកួតផ្លូវការក្នុងប្រទេសអង់គ្លេសអនុញ្ញាតឱ្យមានទស្សនិកជនក្នុងកីឡដ្ឋានឡើងវិញ៕