នៅក្នុងខណៈការប្រយុទ្ធគ្នាកំពុងបន្តក្នុងប្រទេសរបស់ខ្លួន អ្នកប្រដាល់ល្បីឈ្មោះអ៊ុយក្រែន លោក Vasiliy Lomachenko ដែលជាអតីតជើងឯកពិភពលោក៣ប្រភេទទម្ងន់ផ្សេងគ្នា និងអតីតកីឡាករបាល់ទាត់ Arsenal និងជម្រើសជាតិអ៊ុយក្រែន លោក Oleh Luzhnyi ទុកអាជីពរៀងៗខ្លួនមួយឡែកសិន ហើយចុះឈ្មោះចូលបម្រើកងទ័ពដើម្បីការពារប្រទេសរបស់ពួកគេពីការវាយប្រហារដោយប្រទេសរុស្ស៊ី។
អ្នកប្រដាល់ Vasiliy វ័យ៣៣៤ឆ្នាំ ដែលមានកំណត់ត្រាប្រកួត១៨ដង ឈ្នះ១៦លើក (ឈ្នះសន្លប់១១ដង) និងចាញ់២លើក បានបង្ហោះរូបភាពក្នុងឯកសណ្ឋានទាហាន នៅគណនីហ្វេសប៊ុករបស់លោក ជាមួយនឹងការត្រៀមខ្លួនរួចរាល់ដើម្បីចូលសមរភូមិការពារជាតិរបស់ខ្លួន។
ESPN បានរាយការណ៍ថាលោក Vasiliy ដែលជាម្ចាស់មេដាយមាសអូឡាំពិក២គ្រឿងផងនោះ បានធ្វើដំណើរទៅប្រទេសក្រិកចំថ្ងៃរុស្ស៊ីចូលលុកលុយប្រទេសអ៊ុយក្រែនថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ប៉ុន្តែលោកបានវិលមកប្រទេសកំណើតវិញភ្លាម គឺមកទីក្រុង Odessa ដើម្បីបាននៅក្បែរគ្រួសារនិងមនុស្សជាទីស្រឡាញ់របស់លោកកាលពីថ្ងៃសៅរ៍កន្លងទៅ។
Vasiliy មិនមែនជាកំពូលអ្នកប្រដាល់តែម្នាក់របស់អ៊ុយក្រែនដែលចូលធ្វើទាហាននោះទេ។ បងប្អូនបង្កើតដែលជាអតីតជើងខ្លាំងប្រដាល់ល្បីពេញពិភពលោក Wladimiry Klitschko និង Vitaly Klitschko ក៏បានសម្រេចចិត្តចូលកាន់អាវុធបម្រើជាតិអ៊ុយក្រែនប្រឆាំងនឹងការទន្ទ្រានដោយរុស្ស៊ីដែរ។ លោក Vitaly Klitschko បច្ចុប្បន្នជាអភិបាលរដ្ឋធានី Kyiv។
រីឯអតីតកីឡាករបាល់ទាត់ល្បីឈ្មោះ Oleh Luzhnyi ដែលបានឈ្នះជើងឯក Premier League និង FA Cup ជាមួយ Arsenal អំឡុងលេងឱ្យក្លិបអង់គ្លេសមួយនេះ៤ឆ្នាំ ពី១៩៩៩ដល់២០០៣ ក៏បានទុកអាជីពប្រចាំថ្ងៃរបស់ខ្លួនជាគ្រូបាល់ទាត់ ទៅចូលធ្វើទាហានផងដែរ ដើម្បីការពារប្រទេសអ៊ុយក្រែន។
លោក Oleh Luzhnyi និយាយប្រាប់សារព័ត៌មាន Sky Sports ថា៖ «ស្ថានការណ៍ពេលនេះគឺអាក្រក់ខ្លាំងណាស់។ ខ្ញុំចង់ទៅធ្វើជាគ្រូបង្វឹកនៅក្នុងចក្រភពអង់គ្លេសជាថ្មី ប៉ុន្តែមុនអ្វីៗទាំងអស់ ខ្ញុំត្រូវឈរយ៉ាងរឹងមាំនិងប្រយុទ្ធដើម្បីការពារប្រជាជនរបស់ខ្ញុំ ប្រទេសរបស់ខ្ញុំ និងដើម្បីប្រជាធិបតេយ្យ។ ពួកយើងសង្ឃឹមថាជម្លោះនេះនឹងចប់ឆាប់ៗ ស្របពេលជនស្លូតត្រង់ជាច្រើនកំពុងបាត់បង់ជីវិត ហើយគ្រួសារកំពុងព្រាត់ប្រាសគ្នា។ ប្រទេសមួយកំពុងត្រូវបានឈ្លានពាននិងបំផ្លាញ តើគេធ្វើដើម្បីអ្វី? ពួកយើងត្រូវរួបរួមគ្នាជាធ្លុងមួយនិងនាំសង្គ្រាមឧក្រិដ្ឋនេះទៅរកទីបញ្ចប់»។ នេះជាការបញ្ជាក់របស់លោក Oleh Luzhnyi ដែលបានកើតក្នុងឆ្នាំ១៩៦៨ សម័យសហភាពសូវៀត។
លោក Oleh Luzhnyi បានលេងឱ្យជម្រើសជាតិសហភាពសូវៀតពីឆ្នាំ១៩៨៩ដល់១៩៩០ រួចលេងឱ្យជម្រើសជាតិអ៊ុយក្រែនពីឆ្នាំ១៩៩២មកទល់នឹងឆ្នាំ២០០៣ បន្ទាប់ពីប្រទេសនេះទទួលបានឯករាជ្យ ក្រោយការដួលរលំនៃសហភាពសូវៀត។
ក្នុងអាជីពក្លិប លោកបានលេងឱ្យក្លិប Torpedo Lutsk និង SKA Karpaty Lviv ពីឆ្នាំ១៩៨៥ដល់១៩៨៨ រួចផ្លាស់មកលេងឱ្យ Dynamo Kyiv ១៩៨៩ដល់១៩៩៩, Arsenal ១៩៩៩ដល់២០០៣, Wolverhampton Wanderers ២០០៣-០៤ និងចុងក្រោយ Venta ក្នុងឆ្នាំ២០០៥។ លោកបានក្លាយជាគ្រូបង្វឹកតាំងពីឆ្នាំ២០០៥មក ដោយភាគច្រើនធ្វើការនៅក្លិប Dynamo Kyiv ក្នុងនាមជាគ្រូជំនួយនិងអ្នកចាត់ការស្ដីទី។
គួរជម្រាបផងដែរថា នៅក្នុងខណៈនេះ មិនមែនតែអ្នកកីឡាទេដែលចូលធ្វើទាហានដើម្បីការពារអ៊ុយក្រែនពីការវាយប្រហារដោយរុស្ស៊ី។ សូម្បីបវរកញ្ញាល្បីឈ្មោះអ៊ុយក្រែន Anastasiia Lenna ក៏បានចូលរួមជាមួយជនរួមជាតិអ៊ុយក្រែនផ្សេងទៀតដើម្បីកាន់អាវុធការពារជាតិរបស់ខ្លួនផងដែរ ដែលជាការស្នេហាជាតិដ៏ពិតប្រាកដប្រកបដោយសេចក្ដីក្លាហាន។
ការវាយប្រហាររបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនបានអូសបន្លាយជាច្រើនថ្ងៃមកហើយ ប៉ុន្តែនៅថ្ងៃចន្ទទី២៨ខែកុម្ភៈនេះមានដំណឹងវិជ្ជមានមួយដោយថ្នាក់ដឹកនាំភាគីទាំងពីរយល់ព្រមចូលតុចរចាគ្នានៅព្រំដែនអ៊ុយក្រែន-បេឡារូស៕