កត្តាធម្មជាតិ បូករួមទាំងការលេងកីឡាជាប្រចាំ, ការបង្ហាត់កូនក្រុម និងមិនទទួលទានចំណីអាហារមិនល្អ គឺជាមូលហេតុដែលអតីតខ្សែបម្រើជម្រើសជាតិកម្ពុជា ចាន់ ឫទ្ធី នៅតែអាចថែរក្សាកាយសម្បទាបានល្អ ពោលមិនឡើងគីឡូខូចរូបរាង ដូចអតីតកីឡាករមួយចំនួន។
ស្ថិតក្នុងវ័យ៤៤ឆ្នាំ អតីតខ្សែបម្រើស្លាបឆ្វេងដ៏ឆ្នើមរូបនេះមានទម្ងន់៦២គីឡូក្រាម ហើយថា មិនដែលឡើងលើសហ្នឹងច្រើនទេ ត្រឹម៦៣ឬ៦៤គីឡូក្រាមប៉ុណ្ណោះ។ លោកថា ក៏មិនធ្លាប់មានជំងឺអ្វីប្រចាំកាយធ្ងន់ធ្ងរដែរ។
លោក ចាន់ ឫទ្ធី ផ្ដើមលេងកីឡាបាល់ទាត់អំឡុងឆ្នាំ១៩៩០ នៅក្រុមក្រសួងការពារជាតិ និងធ្លាប់ឱ្យភ្នំពេញក្រោន ហើយចន្លោះ២០១០ដល់២០១២ លេងនៅប្រទេសថៃក្នុងក្រុម Nakhon Pathom និង Surin មុនវិលមកកម្ពុជាវិញក្នុងឆ្នាំ ២០១២ លេងនៅបឹងកេត ដល់២០១៤ដែលលោកផ្ទេរទៅអង្គរថាយហ្គឺរ។ លោកចូលនិវត្តន៍ក្នុងឆ្នាំ២០១៧។ លោកជាប់ជម្រើសជាតិពីចន្លោះឆ្នាំ២០០៤ដល់២០១១។ បច្ចុប្បន្នលោកជាគ្រូបង្វឹកមួយរូបក្នុងយុវជនវិសាខា៕