Skip to content
Bruno ទម្លាយមូលហេតុមិនទាត់ប៉េណាល់ទីយកហ៊ែតទ្រីក ខណៈ James ធ្វើបានរឿងមួយដូច Giggs ពេល Man Utd ឈ្នះយប់មិញ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Bruno ទម្លាយមូលហេតុមិនទាត់ប៉េណាល់ទីយកហ៊ែតទ្រីក ខណៈ James ធ្វើបានរឿងមួយដូច Giggs ពេល Man Utd ឈ្នះយប់មិញ


Bruno Fernandes និយាយថាគេបានបោះបង់ឱកាសដើម្បីបំពេញហ៊ែតទ្រីក (hat-trick)ក្នុងពាន UEFA Champions League ដែល Manchester United ឈ្នះ៤-១លើ Istanbul Basaksehir នៅ Old Trafford យប់ថ្ងៃអង្គារទី២៤ខែវិច្ឆិកាឆ្នាំ២០២០ ដើម្បីរក្សាពាក្យសន្យាចំពោះ Marcus Rashford។
ខ្សែបម្រើប្រយុទ្ធដ៏មុតស្រួចរូបនេះរកបាន២គ្រាប់ដំបូងសម្រាប់ក្រុមលោក Ole Gunnar Solskjaer ក្នុងនាទីទី៧និង១៩។ បន្ទាប់មក Man Utd បានបាល់ពិន័យ១១ម៉ែត្រ ប៉ុន្តែ Bruno ដែលតែងតែជាជម្រើសទី១ក្នុងការទាត់នោះ បានទុកឱ្យ Marcus Rashford ជាអ្នកស៊ុតជំនួសវិញ ហើយ Rashford ធ្វើបានយ៉ាងជោគជ័យក្នុងនាទី៣៥។

នៅក្រោយការប្រកួត តារាជម្រើសជាតិព័រទុយហ្គាល់ខាងលើបានទម្លាយមូលហេតុមិនស៊ុតប៉េណាល់ទីយកហ៊ែតទ្រីកបែបនេះថា៖ «ពិតណាស់ កីឡាករណាក៏ចង់បាន hat-trick ដែរ ប៉ុន្តែក្រោយការប្រកួត Premier League ចុងសប្ដាហ៍មុន ខ្ញុំបានប្រាប់ Rashford ថាគាត់អាចស៊ុតបាល់១១ម៉ែត្របន្ទាប់ (ប្រសិនបានបាល់ពិន័យ)។ ទន្ទឹមនឹងនេះ គាត់ក៏ជា Top Scorer ម្នាក់ក្នុង Champions League ដែរ ដូច្នេះវាសំខាន់សម្រាប់គាត់ក្នុងការទទួលបានទំនុកចិត្ត។ វាមិនសំខាន់ថានរណាទាត់បាល់ពិន័យ១១ម៉ែត្រនោះទេ សំខាន់គឺក្រុមរបស់យើងរកបានគ្រាប់បាល់»។

សម្រាប់អ្នកចាត់ការ Ole Gunnar Solskjaer វិញ លោកនិយាយថាការចែកគ្នាទាត់បាល់ពិន័យ១១ម៉ែត្រដូច្នេះគ្មានបញ្ហាអ្វីឡើយសម្រាប់លោក ព្រោះ Rashford ក៏ពូកែទាត់ដែរ ខណៈកន្លងមក Anthony Martial ក៏បានទាត់១១ម៉ែត្រ១គ្រាប់ទល់ Leipzig ផងដែរ។

គួរជម្រាបផងដែរថា យប់មិញនេះជាលើកដំបូងតាំងពីខែមេសាឆ្នាំ២០០៧មក ដែល Man Utd បាននាំមុខគូប្រកួតដល់ទៅ៣គ្រាប់មុននៅក្នុងវគ្គទី១នៃការប្រកួតពាន Champions League នៅ Old Trafford តាំងពីក្រោយពេលពួកគេបានធ្វើទល់នឹង Roma (កាលណោះឈ្នះ៧-១នៅទីបញ្ចប់)។

ក្នុងវគ្គទី២ ក្រុមជើងឯកទួរគី បានតាមពីក្រោយ១គ្រាប់វិញដោយការស៊ុតហ្វ្រ៊ីឃីគរបស់ Deniz Turuc ក្នុងនាទី៧៥។ Turuc ក្លាយជាកីឡាករទី១តាំងពីខែមីនាឆ្នាំ២០១០មកដែលស៊ុតបាល់ direct free-kick ចូល Man Utd ក្នុងពាន UCL បន្ទាប់ពី Franck Ribery បានធ្វើសម្រាប់ Bayern Munich ១០ឆ្នាំមុន។
Daniel James ដែលបានប្ដូរចូលជំនួស Rashford ក្នុងនាទី៥៩ បានស៊ុតបញ្ចូលទីគ្រាប់ចុងក្រោយសម្រាប់ក្រុមបិសាចក្រហមក្នុងនាទី៩០+២។ ការណ៍នេះបានធ្វើឱ្យ James ក្លាយជាកីឡាករវេលស៍ទី១ដែលស៊ុតចូលក្នុងពាន UCL សម្រាប់ Man Utd តាំងពីក្រោយពេល Ryan Giggs បានស៊ុតចូល Benfica ក្នុងខែកញ្ញាឆ្នាំ២០១១មក។

គួរជម្រាបផងដែរថា Man Utd បានឈ្នះការប្រកួតពានទ្វីបអឺរ៉ុបក្នុងទឹកដី៧ដងចុងក្រោយដោយស៊ុតចូលគូបដិបក្ខសរុប២៤គ្រាប់និងរបូតវិញត្រឹម២គ្រាប់ប៉ុណ្ណោះ។

ហើយបើគិតតែក្នុងពាន UCL នៅ Old Trafford ២ប្រកួតចុងក្រោយក្នុងរដូវកាលនេះ Man Utd ស៊ុតចូលគូប្រកួតដល់ទៅ៩គ្រាប់ ខណៈក្នុង Premier League វិញ ពួកគេរកបានតែ៣គ្រាប់ប៉ុណ្ណោះពីការប្រកួត៥លើកចុងក្រោយនៅ Old Trafford។

Man Utd ឥឡូវមាន៩ពិន្ទុពី៤ប្រកួត ឈរលេខ១ពូល H ខណៈ PSG និង Leipzig មាន៦ពិន្ទុដូចគ្នា រីឯ Istanbul មាន៣ពិន្ទុពីជ័យជម្នះលើ Man Utd កាលជើងទី១៕