កីឡាករ កីឡាការិនីបញ្ចសីឡាត់ជម្រើសជាតិកម្ពុជា១៥រូបបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅរសៀលថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីចូលរួមប្រកួតអន្តរជាតិនៅឥណ្ឌូនេស៊ី ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែកក្កដា។
នេះជាលើកដំបូងហើយដែលអត្តពលិកបញ្ចសីឡាត់ជម្រើសជាតិកម្ពុជាចេញទៅប្រកួតនៅក្រៅប្រទេស ព្រោះទើបបង្កើតសហព័ន្ធឡើង តែប៉ុន្មានខែប៉ុណ្ណោះមុនស៊ីហ្គេម២០២៣។ ប៉ុន្តែឯកឧត្ដម សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចសីឡាត់កម្ពុជាទទូចថា អត្តពលិករបស់ខ្លួនមានការកើនឡើងទាំងបច្ចេកទេសនិង កម្លាំង ហើយអ្វីដែលខ្វះខាត គឺមានតែបទពិសោធប៉ុណ្ណោះ។
នេះគឺជាឪកាសយើងត្រូវការឲ្យកីឡាករ កីឡាការិនី គ្រូបង្វឹករបស់យើង ទទួលបានបទពិសោធ បន្ថែមក្នុងការប្រកួតនេះ ដើម្បីវាស់ស្ទង់ពីកម្រិតបច្ចេកទេសរបស់ពួកគាត់ ឈានទៅសម្រចគោលដៅ និងចក្ខុវិស័យ ក្នុងការចូលរួមប្រកួត (អាស៊ាន ម៉ាតថលអាត អេន អ៊ីនដ ហ្គេម) Asian Martial Arts and Indoor Games លើកទី៦ ឆ្នាំ២០២៤ នៅប្រទេសថៃ នាថ្ងៃទី២២ ដល់២៩ ខែវិច្ឆិការ ឆ្នាំ២០២៤ខាងមុខនេះ និងត្រៀមចូលរួមការប្រកួតកម្រិតពិភពលោក នៅ(យូណាយធីតអារ៉ាប់ អ៊ីមម៉ារ៉េត) United Arab Emirate ក្នុងថ្ងៃទី១៨ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ ហើយអ្វីដែលសំខាន់ គឺយើងប្រុងប្រៀបខ្លួន ដើម្បីចូលរួមការប្រកួតស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។
ទាក់ទងទៅនឹងក្ដីរំពឹងវិញ ឯកឧត្ដមប្រធានសហព័ន្ធដដែលអះអាងថា មិនអាចដៅបាននៅឡើយទេ សម្បូរប្រទេសល្អៗចូលរួមដែលមានបទពិសោធច្រើនជាងកម្ពុជាទៅទៀត។ ប៉ុន្តែឯកឧត្ដមជឿជាក់ថា នឹងអាចដណ្ដើមបានមេដាយមួយចំនួនពីការប្រកួតលើកដំបូងនេះ៕