Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ

Savinho ពីក្មេងកសិករ​ដាំបន្លែ​និង​ច្បូត​ដោះ​គោ​យក​ទឹកដោះនៅទីជនបទ ក្លាយជាកីឡាករអាជីពនៅក្លឹបលំដាប់ពិភពលោក Manchester City

ប្រិយមិត្តអ្នកតាមដានបាល់ទាត់អឺរ៉ុបប្រហែលជាបានជ្រាបហើយថា Savinho ជាសមាជិកថ្មីទី​១​របស់ Manchester City ក្នុង​រដូវក្ដៅ​២០២៤នេះ ក្រោយ​ផ្លាស់​មក​ពី​ក្លឹបបារាំង Troyes ក្នុង​តម្លៃ​៣៣,៧​លាន​ផោន ឬ​៤៣,៥​លាន​ដុល្លារ​អាមេរិក។ ប៉ុន្តែ​ប្រិយមិត្ត​ប្រហែល​មិន​ទាន់​ជ្រាប​ទេ​អំពី​​ខ្សែ​ជីវិត​ដ៏​មិន​នឹក​ស្មាន​ដល់​របស់​កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ ពី​ក្មេង​កសិករ​នៅ​តំបន់​ជន​បទ​នៃ​ប្រទេស​ប្រេស៊ីល​ដែល​ធ្វើការ​ដាំបន្លែ ​ច្របាច់ដោះ​គោ​ជាមួយ​ជីតា ក្លាយ​ជា​កីឡាករ​អាជីព​នៅ​ក្លឹប​បាល់ទាត់​លំដាប់​ពិភពលោក Manchester City និង​ជាប់​ជម្រើស​ជាតិ​ប្រេស៊ីល​លេង​ពាន Copa America 2024​។

Savinho ​បាន​កើត​នៅ​ថ្ងៃ​ទី​១០​ខែ​មេសា​ឆ្នាំ​២០០៤ ​និង​ធំធាត់​នៅ​ផ្ទះ​ជីដូនជីតា​របស់​គេ​នៅ​តំបន់​ជន​បទ Sao Mateus ភាគ​អាគ្នេយ៍​ប្រទេស​ប្រេស៊ីល​។ កាល​នៅ​​តូច ​អ្វី​ដែល​គេ​រៀន​មុន​គេ​គឺ​ជិះសេះ ​ច្បូត​ដោះគោ​យក​ទឹកដោះ និង​ដាំ​បន្លែដូច​ជា​សាឡាត់ ននោង​បារាំង និង​ប៉េងបោះ ជា​ដើម​។ ស្រុក​កំណើត​និង​ការងារ​​ទាំង​អស់​នេះនៅ​តែ​ជា​គោលដៅ​សំណព្វ​ចិត្ត​របស់ Savinho មក​ទល់​នឹង​ពេល​នេះ​។ ម្ដាយ​របស់​គេ​គឺ​អ្នក​ស្រី Dona Nilma បាន​និយាយ​ថា​ ប្រសិន​បើ​អ្នក​សួរ​កូន​របស់​ខ្ញុំ​ថា​ចង់​ទៅ​កម្សាន្ត​នៅ​ទីក្រុង Cancun ​ប្រទេស​ម៉ិកស៊ីកូ ឬ​ទៅ​លេង​ជីដូនជីតា​នៅ​ស្រុក​កំណើត? គេ​ប្រាកដ​ជា​នឹង​ជ្រើស​យក​​ជម្រើស​​ខាង​ក្រោយ​នេះ​។

ថ្វី​បើ​ចូល​ចិត្ត​ធ្វើ​​ការងារ​កសិកម្ម​ជា​ប្រចាំ​ថ្ងៃ ប៉ុន្តែ Savinho មាន​ទេពកោសល្យ​ខាង​លេង​បាល់ទាត់​។ អ្នក​ស្រី Dona Nilma ​បាន​រំឭក​ថា កាល Savinho ទើប​មាន​អាយុ​៥​ឆ្នាំ មាន​គ្រូ​បាល់ទាត់​ក្នុង​ស្រុក​ម្នាក់​បាន​​និយា​យ​ប្រាប់​អ្នក​ស្រី​ថា Savinho នឹង​ក្លាយ​ជា​កីឡាករ​បាល់ទាត់​នាពេល​អនាគត​។

ដំបូង Savinho ផ្ដើម​លេង​បាល់ទាត់​លើឆ្នេរ​ខ្សាច់ ហើយ​បន្ទាប់​មក​បានប្ដូរ​មក​លេង​​បាល់ទាត់​លើ​ស្មៅ​វិញ​។ ភ្លាម​នោះ គេ​ក៏​បាន​ក្លាយ​ជា​គោលដៅ​រ៉ាដា​របស់​ក្រុម​ធំ​ៗ​ក្នុង​ប្រទេស​។ ទីបំផុត ក្លឹប​យក្ស​មួយ​របស់​ប្រេស៊ីល Atletico Mineiro បាន​ចុះ​កិច្ចសន្យា​យក Savinho ចូល​ក្រុម​យុវជន​ថ្នាល​របស់​ពួក​គេ​ បន្ទាប់​ពី​ក្មេង​ម្នាក់​នេះ​បាន​បង្ហាញ​សមត្ថភាព​យ៉ាង​ទាក់​ភ្នែក​ទល់​នឹង​ក្រុម U17 Atletico Mineiro នៅ​ខណៈ​ដែល Savinho ទើប​មាន​អាយុ​១១​ឆ្នាំ​ប៉ុណ្ណោះ​។ ខ្សែ​ប្រយុទ្ធ​ស្លាប​ជំនាញ​ជើង​ឆ្វេង​រូបនេះ​បាន​វិវឌ្ឍ​ខ្លួន​យ៉ាង​រហ័ស ហើយ​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ដែល​បាន​ចូលលេង​សម្រាប់​ក្រុម​ធំ Atletico Mineiro ក្នុងលីគ​ប្រេស៊ីល នៅ​ក្នុង​វ័យ​ត្រឹម​១៦​ឆ្នាំ​។ ហើយ​នៅ​វ័យ​១៨​ឆ្នាំ គេ​បាន​ក្លាយ​ជា​កីឡាករ​ក្មេង​បំផុត​ដែល​រក​បាន​គ្រាប់​បាល់​សម្រាប់ Atletico Mineiro ក្នុង​ការ​ប្រកួត Copa Libertadores។

ការ​រះឡើង​យ៉ាង​លឿន​របស់ Savinho ​បាន​ទាក់ទាញ City Football Group ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ក្លឹបធំ​ៗ​ជា​ច្រើន​ដូច​ជា Manchester City, New York City, Troyes, Girona, Lommel, Melbourne City, Palermo និង​ក្លឹប​ជា​ច្រើន​ផ្សេង​ទៀត ឱ្យ​ទិញ Savinho ពី Atletico Mineiro ក្នុង​តម្លៃ​១២,៥​លាន​អឺរ៉ូ (១៣,៦​លាន​ដុល្លារ) ​ក្នុង​ឆ្នាំ​២០២២ ដោយ​ប្រជែង​ឈ្នះ Arsenal ហើយ​យក​ទៅ​បញ្ចូល​​ជា​សមាជិក​ក្លឹប Troyes ក្នុង​លីគ​កំពូល​បារាំង​។ ប៉ុន្តែ Savinho ពុំ​បាន​លេង​ឱ្យ Troyes ទេ ដោយ​ត្រូវ​បាន​ផ្ទេរ​ឱ្យក្លឹប PSV Eindhoven ខ្ចី​ក្នុងរ​ដូវកាល​២០២២-២៣ រួច​បន្ត​ឱ្យ Girona ​ខ្ចី​ក្នុង​រដូវកាល​២០២៣-២៤​។

​គ្រាន់​តែ​ឃើញ​ការ​ហ្វឹកហាត់​លើក​ដំបូង​របស់ Savinho នៅ Girona ភ្លាម​ក្នុង​រដូវ​ក្ដៅ​២០២៣ អ្នកចាត់ការ Girona លោក Michel Sanchez លង់​ចិត្ត​ស្រឡាញ់​និង​ជឿជាក់​លើ​ទេពកោសល្យ​របស់ Savinho ភ្លែត​។ លោក Michel បាន​និយាយទៅ​កាន់​នាយក​កីឡា Quique Carcel ថាពួក​យើង​នឹង​បញ្ចប់​រដូវកាល​ La Liga 2023-24 ក្នុង​លំដាប់ Top 8។ ដោយសារតែ Girona ជា​ក្រុម​តូច​មិន​សូវ​សម្បូរ​ថវិកា​និង​ធនធាន​កីឡាករល្បីៗ​ធៀបនឹង​ក្លឹប​ធំៗ​ដទៃ​ក្នុង​លីគ​កំពូល​អេស្ប៉ាញ លោក​នាយក​កីឡា Carcel បានតប​ទៅ​លោក​គ្រូ Michel ​ក្នុង​របៀប​ហួស​ចិត្ត​ថា «​លោក​គ្រូ​ក្ដៅខ្លួន​ឬអ្វី»?

តែ​លទ្ធផល​ជាក់​ស្ដែង​ចេញ​មក គឺ​ល្អហួស​ពី​ការ​រំពឹង​ទុក​របស់​លោក​គ្រូ Michel ទៅទៀត ដោយ Girona បានប្រដេញ​ពិន្ទុជាមួយ Real Madrid និង Barcelona អស់​រយៈ​ពេល​យ៉ាង​យូរ ​នៅ​ទី​កំពូល​តារាង មុន​នឹង​បញ្ចប់រដូវកាល​ក្នុង​ចំណាត់​ថ្នាក់​ទី​៣ បាន​កៅអី UEFA Champions League 2024-25 ដែល​ជា​សមិទ្ធផល​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ៩៣​ឆ្នាំ​នៃ​ការ​កកើត​ក្លឹប​នេះ​។

លោកគ្រូ Michel និយាយ​ថា លោក​ដឹង​ថា​អ្វី​ដែល​លោក​អះអាង​គឺ​មាន​លក្ខណៈហ៊ាន​ជ្រុល​បន្តិច ប៉ុន្តែ​លោក​ថា​​តាំង​ពី​ជំនាន់ Vinicius Junior មក លោក​ពុំ​ដែល​ឃើញ​កីឡាករ​ណា​​ពូកែ​ក្នុង​ស្ថានភាព​១ទល់​១​ដូច Savinho ទេ​។ លោក​ថា​ កីឡាករ​ដូច Bellingham ល្បី​និង​មាន​គេ​ស្គាល់​ច្រើន​ស្រាប់​ហើយ តែ​សម្រាប់ Savinho ដែលចេញ​ពី​ស្ថានភាព​មិន​សូវ​មាន​​អ្នកចាប់​អារម្មណ៍ លោក​និយាយ​ថា​គេជា​កីឡាករដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បំផុត​ក្នុង La Liga រដូវកាល​កន្លងទៅ​។

Savinho ​កម្ពស់​១​ម៉ែត្រ​៧៦​ស.ម រក​បាន​១១​គ្រាប់ និង​អាស៊ីស​១០​​លើក​សម្រាប់ Girona រដូវកាល​មុន​។ គេ​មាន​ល្បឿន​ដ៏​លឿន​ជាមួយ​បាល់​។ គេ​បាន​ឡើង​កូដ​រហូត​ជាប់​ជម្រើស​ជាតិ​ក្រុមធំ​ប្រេស៊ីល​ក្នុង​ខែ​មីនា​២០២៤ និង​បាន​បង្ហាញ​ខ្លួន​ក្នុងការ​ប្រកួត​មិត្តភាព​ទល់​នឹង​អង់គ្លេស​នៅ Wembley​។ ក្នុង​ព្រឹត្តិការណ៍ Copa America 2014 Savinho ​បាន​ជាប់​ក្នុង​បញ្ជី​ចុង​ក្រោយ​ប្រេស៊ីល និង​បាន​លេង ហើយ​រក​បាន​គ្រាប់​បាល់​១​គ្រាប់ផង​ដែរ​ ក្នុង​ជ័យជម្នះ​វគ្គ​ចែក​ពូល​៤-១​លើ​ប៉ារ៉ាហ្គាយ ដែល​ជា​គ្រាប់​ដំបូង​របស់​គេ​សម្រាប់​ប្រេស៊ីល​។

អ្នកចាត់ការ Man City លោក Pep Guardiola មុខជា​សង្ឃឹម​ថា​អាច​ទាញ​បាន​សមត្ថភាព​​​ពី​សក្ដានុពល​របស់ Savinho​។ លេង​នៅ Premier League និង​ក្រោម​ការ​បង្វឹក​របស់លោក Guardiola ច្បាស់​ណាស់​ថា​មិន​ងាយ​ស្រួល​ទេសម្រាប់ Savinho ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​ស្លាប​វ័យ​ក្មេង​ដែល​​មាន​ប្រភព​ចេញ​ពី​ត្រកូល​​កសិករ​ជនបទ​ប្រេស៊ីល​​រូបនេះ​នឹង​មិន​រួញរា​ឡើយ​។ គេ​កំពុងបំពេញ​ក្ដី​ស្រមៃ​របស់​គេ​៕