កីឡាករបីរូបរបស់ Real Madrid ដែលលេងក្នុងជម្រើសដំបូងនៃការប្រកួតដែលទទួលបានជ័យជម្នះ ២-០ ទល់ Real Betis ត្រូវបានប្រកាសថាមានបញ្ហារបួសកាលពីថ្ងៃចន្ទម្សិលមិញនេះ។
ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្លឹបយក្សអេស្ប៉ាញ បានចេញសេចក្ដីប្រកាសថា ខ្សែបម្រើ Dani Ceballos បានរងរបួសអំឡុងការប្រកួតទល់នឹងក្លឹបចាស់របស់គេ Real Betis បន្ទាប់ពីទទួលបានឱកាសជាលើកដំបូង ក្នុងការបង្ហាញខ្លួននៅជម្រើស១១នាក់ ជាលើកដំបូងនារដូវកាល ២០២៤-២៥ ដែលផ្ដល់ឱ្យពីសំណាក់អ្នកចាត់ការ Carlo Ancelotti។
ទោះយ៉ាងណាក្ដី ក្លឹបមិនបានបញ្ជាក់ពីពេលវេលាដែលខ្សែបម្រើអេស្ប៉ាញរូបនេះ នឹងត្រលប់មកកាន់ទីលានប្រកួតវិញនោះទេ តែបើយោងតាមប្រភពពីសារព័ត៌មាន Marca បានឱ្យដឹងថា គេនឹងខកខានពីទីលានប្រកួតរយៈពេលពីរខែ។
ក្នុងថ្ងៃនៃការបង្ហាញខ្លួនលើកទី១៥០សម្រាប់ក្រុមអធិរាជស Ceballos បានរងរបួសនៅដើមវគ្គទី២ មុនពេលត្រូវបានប្ដូរចេញក្នុងនាទីទី៦៥ ហើយនោះជាពេលដែល Ferland Mendy ក៏ត្រូវបានប្ដូរចេញជំនួសដោយ Fran Garcia ផងដែរ។ ខ្សែការពារស្លាបឆ្វេងជម្រើសជាតិបារាំង ក៏ត្រូវបានរាយការណ៍ថា មានបញ្ហារបួស តាមរយៈការប្រកាសពីសហព័ន្ធកីឡាបាល់ទាត់បារាំង។
ខ្សែការពារ Lucas Digne របស់ក្លឹប Aston Villa ត្រូវបានកោះហៅមកជំនួស Mendy ចូលទៅក្នុងបញ្ជីក្រុមមាន់គកបារាំង សម្រាប់ការត្រៀមខ្លួនប្រកួត UEFA Nations League ទល់អ៊ីតាលី និង បែលហ្ស៊ិក។
យោងតាមប្រភពពី Marca, មូលហេតុដែល Real Madrid មិនទាន់ប្រកាសជាផ្លូវការចំពោះស្ថានភាពរបួសរបស់ Mendy ដោយសារក្លឹបត្រូវរង់ចាំ ខ្សែការពាររូបនេះ ធ្វើតេស្តនៅក្លឹបសិន។
ហើយមិនយូរប៉ុន្មានមានការប្រកាសថា ខ្សែបម្រើ Aurelien Tchouameni ដែលរួមចំណែកយ៉ាងសំខាន់លើទីលានសម្រាប់ក្រុមដឹកនាំដោយលោក Carlo Ancelotti ក៏មានបញ្ហារបួសផងដែរ តែពុំសូវធ្ងន់ធ្ងរនោះទេ នេះបើយោងតាមប្រភពពី Relevo។ Tchouameni មានបញ្ហាសាច់ដុំលើជើងខាងឆ្វេង ហើយបានដកខ្លួនចេញពីបញ្ជីក្រុមមាន់គកបារាំង ជំនួសខ្សែបម្រើ Matteo Guendozi របស់ក្លឹប Lazio។