ខកខានចូលរួមការប្រកួតនានាយូរចាប់តាំងពីចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទះមក អតីតស្មាត់ជម្រើសជាតិ មី រស្មី ទទួលស្គាល់ថា ពេលខ្លះមានអារម្មណ៍រមាស់ដៃខ្លះដែរ ជាពិសេសពេលឃើញគេប្រកួតក្រៅផ្លូវការ តែដោយសាររវល់ការងារពេក មិនសូវបានចូលរួមទេ។
អតីតសមាជិកក្រុមបាល់ទះវិសាខាបញ្ជាក់ថា អាចលេងក្រៅផ្លូវការយូរៗម្ដងបាន និងអាចត្រឹមកាហ្វេគុយទាវប៉ុណ្ណោះ មិនអាចដល់អង្ករបាវបានទេ ព្រោះកីឡាករឥឡូវល្អៗច្រើន។
មី រស្មី បានចូលរួមហ្វឹកហាត់បាល់នៅក្លិបវិសាខា តាំងពីនៅជាក្លិបសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ក្នុងឆ្នាំ២០១៣។ គេធ្លាប់ជាប់ជម្រើសជាតិទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៧ និង២០១៩។
កីឡាករមានកំណើតនៅខេត្តស្វាយរៀងក៏ទៅលេងនៅក្លិបថៃ NK Fitness កាលឆ្នាំ២០១៧ ផងដែរ៕