Paris Saint-Germain កំពុងប្រឈមនឹងការធ្លាប់ចេញពី UEFA Champions League បន្ទាប់ពីរងបរាជ័យ ១-០ ក្រោមថ្វីជើងរបស់ Bayern Munich កាលពីយប់ថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា។
គ្រាប់បាល់តែមួយគ្រាប់រកបានដោយខ្សែការពារកូរ៉េខាងត្បូង Kim Min-jae គ្រប់គ្រាន់ឱ្យក្រុមបង្វឹកដោយលោក Vincent Kompany ក្រសោបបាន៣ពិន្ទុ ទល់ក្រុម PSG ដែលនៅសល់សមាជិក១០រូបលើទីលាន បន្ទាប់ពីខ្សែប្រយុទ្ធស្លាប Ousmane Dembele ទទួលបានកាតលឿងទី២ក្នុងនាទីទី៥៦។
ក្រៅពីឈ្នះ Girona ក្រុម PSG មិនទទួលបានជ័យជម្នះ៤លើកជាប់គ្នាក្នុងពានអឺរ៉ុប ហើយធ្លាក់ទៅកាន់តំបន់ត្រូវកាត់ចេញ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយចប់ការប្រកួត លោក Enrique បាននិយាយថា៖ “យើងបានបង្ហាញពីអារម្មណ៍មិនល្អ តាំងពីនាទីដំបូង។ Bayern Munich បានត្រួតត្រាមកលើយើងក្នុងវគ្គទី១ យើងគិតថា យើងមានឱកាសច្រើន ហើយខ្ញុំគិតថា យើងចាប់ផ្ដើមវគ្គទី២ បានប្រសើរជាងវគ្គទី១។ ប៉ុន្ដែបន្ទាប់ពី Ousmane Dembele ត្រូវបានបណ្ដេញចេញពីទីលាន យើងត្រូវលំបាក”។
បរាជ័យនេះ បានធ្វើឱ្យក្រុមដឹកនាំដោយលោក Luis Enrqiue មានគម្លាតកាន់តែឆ្ងាយក្នុងការប្រជែងយកកៅអី Top 8 ដើម្បីមានឱកាសកក់កៅអីវគ្គ១៦ក្រុមចុងក្រោយ Champions League។ PSG ឈរនៅលេខ២៦ក្នុងតារាង ដោយទទួលបានតែ៤ពិន្ទុប៉ុណ្ណោះពី៥ប្រកួត ដោយ ឈ្នះ១ប្រកួត ស្មើម្ដង និងចាញ់៣លើក ហើយបីប្រកួតដែលនៅសល់ ក្រុមជើងឯកលីគកំពូលបារាំង នឹងលេងទល់ RB Salzburg, Manchester City និង Stuttgart។
រីឯ Bayern វិញបានរំកិលឡើងមកលេខ១១ មាន៩ពិន្ទុ ពីការឈ្នះ៣លើក និងចាញ់ពីរប្រកួត ហើយពួកគេនៅសល់ការប្រកួតទល់ Shakhtar Donetsk, Feyenoord និង Slovan Bratislava ក្នុងប្រកួតដែលនៅសល់។
ក្រុមកំពូលតារាង Ligue 1, PSG នឹងប្រកួតទល់ Nantes នាថ្ងៃសៅរ មុនធ្វើដំណើរទៅប្រកួត UCL ទល់ RB Salzburg នាដើមខែធ្នូខាងមុខ មុនពេលប្រកួតបន្ដបន្ទាប់ទល់ Man City និង Stuttgart ក្នុងខែមករា។
លោក Enrique បានបន្ដថា៖ “វានឹងពិបាកក្នុងការយកពិន្ទុទាំងនោះ ប៉ុន្ដែនៅសល់៣ប្រកួតទៀត ហើយយើងសង្ឃឹមថាអាចឆ្លងទៅវគ្គបន្ទាប់”៕