ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានរាយការណ៍ថា បានយល់ព្រមទទួលសំណើបន្ដកុងត្រាជាមួយក្លឹប Al-Nassr ដោយគេខិតកៀកក្នុងការចុះហត្ថលេខាលើកុងត្រាតម្លៃខ្ទង់រយលានជាមួយក្លឹបនៃក្របខណ្ឌ Saudi Pro League។
យោងតាមប្រភពពីសារព័ត៌មានអារ៉ាប៊ី សាអ៊ូឌីត Al Khobar និង សារព័ត៌មានព័រទុយហ្កាល់ O Jogo បានឱ្យដឹងថា Ronaldo នឹងតកុងត្រាជាមួយក្លឹបដែលមានមូលដ្ឋានក្នុងទីក្រុង Riyadh រហូតដល់ខែមិថុនា ឆ្នាំ២០២៦ ហើយនឹងទទួលបាន២០០លានអឺរ៉ូត្រលប់ទៅវិញ។
កីឡាករឆ្នើមព័រទុយហ្កាល់ បានចូលរួម Al-Nassr ក្នុងខែមករា ឆ្នាំ២០២៣ ហើយបានចុះកុងត្រាជាមួយក្លឹបរហូតដល់ខែមិថុនា ឆ្នាំ២០២៥។ យោងតាមប្រភពពីសារព័ត៌មាន Al Sharq News និងទិន្នន័យពី Bloomberg និង Forbes, Ronaldo ជាកីឡាករដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតនៅអារ៉ាប៊ី សាអ៊ូឌីត ២០០លានអឺរ៉ូ បូករួមតម្លៃសិទ្ធិប្រើប្រាស់រូបភាព៦០លានអឺរ៉ូផ្សេងទៀត។
ទន្ទឹមនឹងការត្រៀមបន្ដកិច្ចសន្យាថ្មី Ronaldo នៅរក្សាតំណែងជាកីឡាករបាល់ទាត់ដែលមានប្រាក់ឈ្នួលខ្ពស់បំផុតលើលោក ដោយរកបាន៣.៨លានអឺរ៉ូក្នុងមួយសប្ដាហ៍ ឬជាងកន្លះលានអឺរ៉ូក្នុងមួយថ្ងៃ។
ដ្បិតឈានដល់វ័យ៤០ឆ្នាំ នាខែកុម្ភៈខាងមុខ តែ Ronaldo នៅបង្ហាញសមត្ថភាពក្នុងការរកគ្រាប់បាល់បានយ៉ាងល្អដោយរកបាន៧៥គ្រាប់ក្នុងការបង្ហាញខ្លួន៨៤ប្រកួតសម្រាប់ Al-Nassr។ តាំងពីផ្លាស់មកប្រកបអាជីពនៅតំបន់មជ្ឈឹមបូព៌ា Ronaldo ឈ្នះពានតែមួយប៉ុណ្ណោះជាមួយ Al-Nassr គឺ Arab Club Championship 2023។
សម្រាប់រដូវកាលនេះវិញ Al Nassr ហាក់បាត់បង់ការប្រកួតប្រជែងក្នុងលីគដោយពួកគេឈរនៅចំណាត់ថ្នាក់លេខ៣ក្នុងតារាង Saudi Pro League មានគម្លាតពីកំពូលតារាង៩ពិន្ទុ ខណៈក្រុមលេខ១ និងលេខ២ Al-Hilal និង Al-Ittihad កំពុងមានការប្រកួតប្រជែងជាមួយគ្នា ដោយពួកគេមាន៣៧ពិន្ទុដូចគ្នាពី១៤ប្រកួត៕