Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Messi បង្ហើបតម្រុយវិជ្ជមាន ចំពោះលទ្ធភាពក្នុងការចូលរួម World Cup 2026

ប្រធានក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន Lionel Messi បានបង្ហើបពីតម្រុយវិជ្ជមានក្នុងឱកាសចូលរួមព្រឹត្តិការណ៍ FIFA World Cup 2026 បន្ទាប់ពីក្រុម Inter Miami ចាប់ផ្ដើមការប្រកួតដំបូងក្នុងឆ្នាំ២០២៥ ទល់ Club America។

ពុំមានការធានានៅឡើយទេថាតើ Messi នឹងចូលរួមព្រឹត្តិការណ៍ World Cup ដែលអាមេរិក កាណាដា និងម៉ិកស៊ីកូធ្វើជាម្ចាស់ផ្ទះ ឬយ៉ាងណា ដោយប្រធានក្រុមអាហ្សង់ទីននឹងឈានដល់វ័យ៣៩ឆ្នាំ ពេលដែលក្រុមអាហ្សង់ទីនចាប់ផ្ដើមបេសកកម្មការពារតំណែងជើងឯករបស់ពួកគេ។

ទោះយ៉ាងណាក្ដី តារាឆ្នើមរបស់ Inter Miami បានបង្ហើបឱ្យដឹង គេកំពុងមានអារម្មណ៍រីករាយជាមួយនឹងការប្រកួត និងនៅតែមានមហិច្ឆតាខ្ពស់អាជីពបាល់ទាត់ ក្រោយពេលដែល Miami ឈ្នះការប្រកួតមិត្តភាពទល់ Club America។

អតីតតារាឆ្នើមរបស់ Barcelona បាននិយាយថា៖ “យើងកំពុងមានការប្រកួត Pre-season, យើងមានការហ្វឹកហាត់មួយចំនួន។ ដូច្នេះវាបានជួយយើងក្នុងការបង្កើនភាពរីកចម្រើនជាមួយគ្រូបង្វឹកថ្មី ហើយបន្ដពង្រឹងក្រុមឱ្យកាន់តែប្រសើរ”។

Messi ដែលបច្ចុប្បន្នកំពុងឈរនៅកំពូលតារាងអ្នករកគ្រាប់បាល់ច្រើនបំផុត ក្នុងវគ្គជម្រុះ World Cup 2026 ប្រចាំទ្វីបអាមេរិកខាងត្បូង ពោលគឺ៦គ្រាប់ បានរួមចំណែកដ៏ធំ ក្នុងការជួយអាហ្សង់ទីនដណ្ដើមកៅអីជុំចុងក្រោយពានរង្វាន់បាល់ទាត់ពិភពលោក ខណៈក្រុមដឹកនាំដោយគ្រូបង្គោល Lionel Scaloni កំពុងឈរនៅកំពូលតារាងមាន២៥ពិន្ទុពី ១២ប្រកួត។

នៅពេលត្រូវបានសួរថាតើ គេនឹងបន្ដលេងរហូតដល់ World Cup 2026 ឬយ៉ាងណា ម្ចាស់ពាន Ballon d’Or ៨សម័យមិនបានមិនបានអះអាងថាអាចនឹងចូលរួមឬយ៉ាងណាទេ ប៉ុន្ដែគេបានបង្ហើបពីតម្រុយវិជ្ជមានចំពោះការបន្ដជាមួយបាល់ទាត់។

ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំបានបន្ដថា៖ “ខ្ញុំទើបតែចាប់ផ្ដើមឆ្នាំថ្មី ខ្ញុំកំពុងចាប់ផ្ដើមដោយមានភាពរីករាយ ជាមួយនឹងមហិច្ឆតាយ៉ាងច្រើន។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចចាប់ផ្ដើមមានអារម្មណ៍ល្អ ហើយចាប់ផ្ដើមការប្រកួត pre-season បានល្អ ដោយបន្ថែមការលេង ដើម្បីស្ថិតក្នុងកម្រិតសមត្ថភាពល្អ ពេលការប្រកួតផ្លូវការមកដល់”។

Inter Miami រំពឹងថា Messi នឹងរក្សាកាយសម្បទាបានល្អ ដើម្បីអាចប្រកួតប្រជែងទល់នឹងក្រុមខ្លាំងៗជុំវិញពិភពលោកនាពាក់កណ្ដាលឆ្នាំ២០២៥ ក្នុងព្រឹត្តិការណ៍ FIFA Club World Cup ដែលនឹងធ្វើឡើងនាទឹកដីសហរដ្ឋអាមេរិក។ Miami ស្ថិតនៅក្នុងពូល A ជាមួយ Palmeiras, Porto និង Al Ahly។

ចំពោះការប្រកួត Club World Cup, Messi បានបន្ថែមថា៖ “យើងមានការប្រកួតយ៉ាងច្រើនមុនពេលប្រកួតនោះ។ ការពិតទៅគឺថា វាជាឆ្នាំដែលពោរពេញដោយការប្រកួត។ Club World Cup មិនទាន់មកដល់ទេ រហូតដល់ខែមិថុនា។ យើងក៏ស្ថិតក្នុងពូលដ៏លំបាកផងដែរ ហើយយើងនឹងប្រឹងប្រែងក្នុងការប្រកួតប្រជែង។ យើងនឹងប្រជែងប៉ុន្ដែដំបូងយើងគិតអំពីអ្វីដែលនឹងមកដល់សិន ដោយសារយើងមានការប្រកួតយ៉ាងច្រើន មុនព្រឹត្តិការណ៍នោះមកដល់”។

Messi នឹងត្រលប់មកកាន់ការប្រកួតជាថ្មីសម្រាប់ Inter Miami នាថ្ងៃទី២៩ ខែមករា ពេលដែលក្រុមបង្វឹកដោយលោក Javier Mascherano ប្រកួតមិត្តភាពទល់ Universatario។ Miami នឹងប្រកួតបើកឆាក MLS 2025 ទល់ New York City FC នាថ្ងៃទី២២ ខែកុម្ភៈខាងមុខ៕