Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Pedri ថាមានតែពីរក្រុមទេ ដែលកំពុងមានប្រៀបក្នុងការប្រជែងជើងឯក La Liga

ខ្សែបម្រើ Pedri សមាជិកក្លឹប Barcelona បានសារភាពថា Real Madrid និង Atletico Madrid ជាគូប្រជែងក៏មានប្រៀបក្នុងការឈ្នះពាន La Liga រដូវកាលនេះ បន្ទាប់ពីក្រុមរបស់ខ្លួនបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នាជាមួយ Getafe កាលពីថ្ងៃសៅរ៍។

បន្ទាប់ពីបានគ្រងជើងឯក Spanish Super Cup និង ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ Copa del Rey, Barcelona បន្ដទទួលបានលទ្ធផលខកចិត្តក្នុង La Liga ក្រោយរបូតពីរពិន្ទុបន្ថែមទៀត ពីលទ្ធផលស្មើគ្នាជាមួយ Getafe 1-1 បើទោះបីជាខ្សែការពារ Jules Kounde មានឱកាសរកគ្រាប់បាល់នាំមុខមុនមួយគ្រាប់ក៏ដោយ។

ក្រុមដឹកនាំដោយលោក Hansi Flick ទទួលបានជ័យជម្នះតែម្ដងប៉ុណ្ណោះ ក្នុងចំណោម៨ប្រកួតចុងក្រោយក្នុងលីគ ដោយឈ្នះ Real Mallorca ៥-១ ហើយពួកគេឈរនៅលេខ៣ក្នុងតារាង La Liga មានគម្លាតតាមពីក្រោយក្រុមលេខ២ Atletico Madrid ៥ពិន្ទុ និងក្រុមកំពូលតារាង Real Madrid ដែលទើបយកឈ្នះ Las Palmas ៤-១ កាលពីថ្ងៃអាទិត្យ ៧ពិន្ទុ។

បន្ទាប់ពីទទួលបានលទ្ធផលខកចិត្តនៅទឹកដី Coliseum, តារាឆ្នើម Pedri ដែលបានបង្ហាញខ្លួនពេញ៩០នាទីទល់ Getafe បានដកក្រុមរបស់គេពីបេក្ខភាពប្រជែងជើងឯកលីគជាមួយក្រុមទាំងពីរមកពីទីក្រុងម៉ាឌ្រីដ ដែលកំពុងត្រួតត្រាលើតារាង La Liga និងជាក្រុមដែលមានភាគរយខ្ពស់ក្នុងការឈ្នះពាននេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយចប់ការប្រកួតទល់ Getafe, Pedri បាននិយាយថា៖ “យើងប្រហែលជាត្រូវតែធ្វើឱ្យបានល្អឥតខ្ចោះ និងឈ្នះរាល់ការប្រកួតដែលនៅសល់ ដើម្បីអាចស្ដារស្ថានភាពនៅ La Liga។ វាពិតជាលំបាកក្នុងការលេងទល់ Getafe។ ពួកគេការពារបានយ៉ាងល្អ។ វាពិតស្មុគស្មាញណាស់។ ប៉ុន្ដែយើងគួរតែការពារពេលមានគ្រាប់បាល់នាំមុខឱ្យល្អជាងនេះ”។

ឆ្លងកាត់២០ប្រកួតក្នុងលីគ ក្រុមបង្វឹកដោយលោក Flick ទទួលបាន៣៩ពិន្ទុ ពីបរាជ័យ៥លើក ស្មើ៣ដង និងឈ្នះ១២ប្រកួត ដែលរាល់បញ្ចូលទាំងជ័យជម្នះ ៤-០ លើក្រុមការពារជើងឯក Real Madrid កាលពីចុងខែតុលា។ ដោយឡែក Atletico Madrid បានរបូតតំណែងកំពូលតារាង ក្រោយបរាជ័យ ១-០ ក្រោមថ្វីជើងរបស់ Leganes ដែលជាឱកាសសម្រាប់ Real Madrid ដណ្ដើមកៅអីក្រុមលេខ១ បន្ទាប់យកបាន៣ពិន្ទុពី Las Palmas ក្នុងទឹកដីរបស់ខ្លួន ហើយក្រុមរួមទីក្រុងម៉ាឌ្រីដទាំង២ មានគម្លាតពីគ្នាតែ២ពិន្ទុប៉ុណ្ណោះ។

Pedri និង មិត្តរួមក្រុម Barcelona ផ្សេងទៀតនឹងត្រៀមខ្លួន សម្រាប់ការប្រកួតក្នុងវគ្គចែកពូល UEFA Champions League នារាត្រីថ្ងៃអង្គារ ក្នុងជំនួបទល់ Benfica ដើម្បីដណ្ដើមកៅអីវគ្គ១៦ក្រុមចុងក្រោយ មុនពេលត្រលប់ទៅកាន់ការប្រកួត La Liga ជាថ្មីក្នុងជំនួបទល់ ក្រុមបាតតារាង Valencia នារាត្រីថ្ងៃអាទិត្យ៕