វ័យជាង៧០ឆ្នាំហើយ សុខភាពនៅតែល្អ អតីតកីឡាករបាល់ទាត់ជម្រើសជាតិ ទេស ស៊ីម៉ាណា ហៅខ្លឹង ពន្យល់បែបនេះ!
ស្ថិតក្នុងវ័យ៧១ឆ្នាំទៅហើយក្ដី លោក ទេស ស៊ីម៉ាណា ហៅខ្លឹង អតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ អះអាងថា នៅតែមានសុខភាពមាំមួនល្អ ដោយសារតែការលេងកីឡាជាប្រចាំ ជាពិសេសកីឡាបាល់ទាត់ដែលជាជំនាញរបស់ខ្លួននេះឯង។
អតីតខ្សែការពារខាងលើប្រាប់ថា លោកតែងតែលេងកីឡាបាល់ទាត់លក្ខណៈសុខភាពស្ទើរតែរៀងរាល់ថ្ងៃ ហើយចំពោះការទទួលទានអាហារមិនសូវជាតមអ្វីប៉ុន្មានទេ តែលោកមិនដែលជួបប្រទះជំងឺផ្សេងៗដូចជា បញ្ហាសម្ពាធឈាម, ទឹកនោមផ្អែម ឬលើសជាតិអាស៊ីតអ្វីទេ។
លោក ទេស ស៊ីម៉ាណា ផ្ដើមលេងកីឡាបាល់ទាត់កម្រិតវិទ្យាល័យក្នុងរាជធានីភ្នំពេញ តែដោយសារមានសមត្ថភាពល្អ ក៏ទទួលបានឱកាសជាប់ជម្រើសជាតិយុវជនកម្ពុជាទៅប្រកួតនៅប្រទេសសិង្ហបុរី។ សម័យ៣ឆ្នាំ៨ខែ២០ថ្ងៃចូលមកដល់ លោក និង បងប្រុសដែលជាកីឡាករបាល់ទាត់ដែរនោះបានភៀសខ្លួនទៅនៅប្រទេសវៀតណាម និងបានបន្តលេងកីឡាបាល់ទាត់នៅទីនោះ។ ដល់ឆ្នាំ១៩៨៩ លោកបានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ និងបន្តលេងកីឡាបាល់ទាត់ក្នុងក្រុមក្រសួងពាណិជ្ជកម្ម ដល់ឆ្នាំ១៩៩២ លោកបានចូលនិវត្តន៍ហើយធ្វើការនៅក្រសួងនេះរហូតមក។
ក្រោយព្យួរស្បែកជើងពីកីឡាបាល់ទាត់ លោក ខ្លឹង មិនបានធ្វើជាគ្រូបង្វឹកទេ ដោយសារតែរវល់នឹងការជាមន្ត្រីរាជការ តែលោកនៅតែបន្តលេងជាលក្ខណៈសុខភាពដល់សព្វថ្ងៃ។ លោកក៏បានផ្ដាំផ្ញើដល់យុវជនជំនាន់ក្រោយដែលកំពុងប្រកបអាជីព និងអ្នកចង់ប្រកបអាជីពកីឡាបាល់ទាត់ ត្រូវតែប្រឹងប្រែង ព្រោះស្ថានភាពបច្ចុប្បន្នមានលក្ខណៈប្រសើរជាងមុន កីឡាករអាចរកចំណូលបានច្រើន៕