Skip to content
    ទំព័រដើម  »  កីឡាជាតិ

ចូលលេងជំនួសគេទាំងមិនសូវស្គាល់ច្បាស់អ្វីជាប៉េតង់ រ៉ន ស្រីពេជ្រ ក្លាយធនធានជម្រើសជាតិដ៏ឆ្នើមមួយរូប

រ៉ន ស្រីពេជ្រ ជាកីឡាការិនីក្រុមប៉េតង់ក្រសួងមហាផ្ទៃ និង ជម្រើសជាតិកម្ពុជាមួយរូប។ នាងរំឭកថា ដើមឡើយមិនសូវស្គាល់អ្វីហៅថា កីឡាប៉េតង់ទេ តែដោយសារថ្ងៃមួយមានការប្រកួតនៅសាលារៀនកាលឆ្នាំ២០១៧ អំឡុងរៀនថ្នាក់ទី៧ នាងក៏បានចូលជំនួសគេ ហើយចាប់អារម្មណ៍កីឡានេះរហូតមក។

ក្រោយមក យុវតីមានកំណើតនៅភូមិអង្គរទ្រេត ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង​ បានបន្តការចូលរួមការប្រកួតនានាក្នុងខេត្ត និងទៅដល់រាជធានីភ្នំពេញថែមទៀត។

ក្នុងដំណើរលើវិថីកីឡានេះដំបូងៗ ក៏មានពាក្យពេចន៍បង្អាក់មួយចំនួនដែរពីអ្នកស្រុកភូមិ ដូចជាការចាប់កីឡាមិនមានប្រយោជន៍អ្វីជាដើម ប៉ុន្តែស្រីពេជ្រ ថា បានការលើកទឹកចិត្តខ្លាំងពីអ្នកម្ដាយ នាងបានខិតខំប្រឹងប្រែងតស៊ូរហូតបានផ្លែផ្កាជាបន្តបន្ទាប់។

រ៉ន ស្រីពេជ្រ ប្រាប់ថា ការប្រឹងប្រែងក្នុងកីឡាបានផ្ដល់ផ្លែផ្កាជាហូរហែដល់រូបនាងទាំងស្នាដៃ ប្រាក់ចំណូល និងការសិក្សា។ បច្ចុប្បន្ននាងជានិស្សិតផ្នែកច្បាប់ ហើយថា នាពេលអនាគតក៏ចង់ក្លាយជាគ្រូបង្ហាត់កីឡាប៉េតង់មួយរូបដើម្បីចែករំលែកបទពិសោធដល់យុវជនជំនាន់ក្រោយ៕