Skip to content
កម្ពុជានឹងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយកូនហ្គោល International Series ដ៏ធំជាលើកដំបូង ក្នុងឆ្នាំ២០២៥
    ទំព័រដើម  »  ផ្សេងៗ

កម្ពុជានឹងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយកូនហ្គោល International Series ដ៏ធំជាលើកដំបូង ក្នុងឆ្នាំ២០២៥

(ភ្នំពេញ, កម្ពុជា ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥) ការប្រកួតវាយកូនហ្គោលអាជីពអន្តរជាតិ (International Series) បានបន្ថែមទីតាំងដ៏អស្ចារ្យថ្មីមួយទៀតហើយ សម្រាប់ការ​ប្រកួតជម្រុះ នៅក្នុងរដូវកាលឆ្នាំ ២០២៥ នេះ ដោយមានកម្ពុជាជាម្ចាស់ផ្ទះរៀបចំ។ ព្រឹត្តិការណ៍ប្រកួត​ដ៏ល្បីមួយនេះ ស្ថិតក្រោមការរៀបចំ​របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ហើយវាគឺជា ការបន្ថែមទីតាំងប្រកួតចុងក្រោយបំផុតទៅក្នុងតារាងកាលវិភាគនៃការប្រកួតជម្រុះលើទឹកដីថ្មី ដើម្បីបង្កើត ទីផ្សារថ្មីបន្ថែមទៀត។

ព្រឹត្តិការណ៍នេះ នឹងបង្ហាញខ្លួនលើកដំបូងនៅទីតាំងវាយកូនហ្គោលដ៏មានកិត្តិនាមល្បីល្បាញមួយ គឺ រមណីយដ្ឋានវាយកូនហ្គោល ឈុន អន នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែតុលា​ខាងមុខ។

ព្រឹត្តិការណ៍វាយកូនហ្គោលជុំទី៦ ក្នុងចំណោម១០ជុំ នៅពេញមួយរដូវកាលនេះ នឹងនាំមកនូវ​កីឡាករឆ្នើមប្រចាំលីគកំពូល ព្រមទាំងអ្នកមានថ្វី​ដៃលេចធ្លោជាច្រើនរូបផ្សេងទៀត​ឱ្យមកចូល​រួមក្នុងការប្រកួតជម្រុះនៅតំបន់អាស៊ីអាគ្នេយ៍។

អ្នកឧកញ៉ា​ គិត ម៉េង នាយកប្រតិបត្តិនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានថ្លែងថា៖ ការនាំយកមកនូវព្រឹត្តិការណ៍កីឡាកម្រិតពិភពលោកចូលមកកម្ពុជា ដោយមានរមណីយដ្ឋាន ឈុន អន ជាទីតាំងដ៏ធំទូលាយសម្រាប់រៀបចំការប្រកួតគឺជាចំណុចសំខាន់មួយក្នុងការអភិវឌ្ឍវិស័យកីឡាវាយកូនហ្គោលនិងវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ក្រោមគោលនយោបាយនៃរាជរដ្ឋាភិបាលនីតិកាលទី ៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រ និងស្វាគមន៍​យ៉ាងពេញទីចំពោះ​ព្រឹត្តិការណ៍កីឡាគ្រប់ប្រភេទផងដែរ។

“ដោយការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយកូនហ្គោល The International Series នៅកម្ពុជា យើងមិនត្រឹមតែបង្ហាញដល់ពិភពលោកអំពីសម្រស់នៃប្រទេសជាតិយើងទេ ប៉ុន្តែថែមទាំងបានជំរុញឱ្យយុវជន និងសហគមន៍ក្នុងស្រុកចូលរួមសកម្មជាមួយវិស័យកីឡាផងដែរ។ ព្រឹត្តិការណ៍នេះនឹងក្លាយជាមូលដ្ឋានសំខាន់មួយសម្រាប់ជំរុញវិស័យទេសចរណ៍ និង បដិសណ្ឋារកិច្ចព្រមទាំងបង្ហាញអំពីវប្បធម៌ដ៏ផូរផង់និងសម្បូរបែប ភ្ជាប់ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្ដៅដែលកម្ពុជាផ្តល់ជូន។

ពួកយើងមានការតាំងចិត្តដ៏មុតមាំក្នុងការធ្វើឱ្យការប្រកួតមួយនេះក្លាយជាបទពិសោធន៍មួយដ៏មិនអាចបំភ្លេចបានសម្រាប់កីឡាករ និងទស្សនិកជន ហើយពួកយើងកំពុងទន្ទឹងរងចាំយ៉ាងអន្ទះសារ ក្នុងការស្វាគមន៍អ្នកទាំងអស់គ្នា មកកាន់រមណីយដ្ឋាន ឈុន អន នាខែតុលាខាងមុខនេះ។

ដោយមានអ្នកលេងកីឡាវាយកូនហ្គោល ជើងខ្លាំងពី LIV Golf និង Asian Tour មកចូលរួម នោះកម្ពុជា​នឹងអាចបង្ហាញមុខមាត់នៅលើឆាកអន្តរជាតិ ហើយអ្នកគាំទ្រទូទាំងពិភពលោកនឹងអាចមើលឃើញនូវគុណភាពដ៏អស្ចារ្យនៃទីលាន និងបរិក្ខារវាយកូនហ្គោលដែលកម្ពុជាមាន។

លោក Rahul Singh នាយកនៃការរៀបចំព្រឹត្តិការណ៍ប្រកួត International Series បានមានប្រសាសន៍ផងដែរថា៖ «ការបូកបញ្ចូល​ប្រទេសកម្ពុជាចូលទៅក្នុងតារាងកាល​វិភាគនៃ​ការប្រកួត គឺជាជំហានដ៏មានសារៈសំខាន់មួយ ខណៈពេលដែលយើងកំពុងបន្តពង្រីកវិសាលភាព​នៃកីឡាវាយកូនហ្គោលយើង ទៅកាន់ទស្សនិកជនគោលដៅ​ថ្មីៗ។ តាមរយៈព្រឹត្តិការណ៍នេះ យើងបានផ្ដល់នូវ​ឱកាស​ក្នុងការជម្រុះរកអ្នកមានថ្វីដៃនៅក្នុងតំបន់ ក៏ដូចជាពង្រឹងវិស័យវាយ​កូនហ្គោលជាសកល ដោយការអភិវឌ្ឍសមត្ថភាពក្នុងការលេងកីឡា​ប្រភេទ​នេះ ឱ្យចាក់ឬស​ជ្រៅទៅក្នុងទីផ្សារតែម្ដង។

ព្រឹត្តិការណ៍ថ្មីនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសតំបន់ អាស៊ីអាគ្នេយ៍ ដែលមានឈ្មោះជាសមាជិកក្លឹបវាយកូនហ្គោលអន្តរជាតិ។ ជាងនេះទៅទៀត​រមណីយដ្ឋានវាយ​កូនហ្គោលអង្គរនៅខេត្តសៀមរាប ក៏ជាទិសដៅលេចធ្លោមួយ ដែលធ្លាប់​ជាម្ចាស់​ផ្ទះរៀបចំព្រឹត្តិការណ៍វាយកូនហ្គោល  Handa Faldo Cambodian Classic កាលពីឆ្នាំ ២០១២ និងការប្រកួត​ដណ្ដើមពានជើងឯកថ្នាក់តំបន់ ដែលរៀបចំដោយក្លឹបវាយកូនហ្គោលដ៏ចំណាស់ R&A កាលពីឆ្នាំ​មុនផងដែរ។ ការរៀបចំឱ្យមាននូវវេទិកាប្រកួតប៉ុន្មានលើកមកនេះ គឺមានគោលបំណង​ជម្រុញកីឡា​ប្រភេទនេះ ឱ្យកាន់តែទូលំទូលាយ។

ជាមួយគ្នានេះ លោក Cho Minn Thant, ស្នងការ និងជានាយកប្រតិបត្តនៃក្លឹបវាយកូនហ្គោល​ប្រចាំតំបន់អាស៊ីបា​នបន្ថែមថា ៖ «នេះគឺជាថ្ងៃដ៏សំខាន់ សម្រាប់ការប្រកួតជម្រុះ​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍។ ​កម្ពុជា ជាប្រទេសដែលយើង​បានភ្ជាប់ទំនាក់​ទំនង​យ៉ាងស្អិតរមួតក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ។»

ក្នុងរយៈពេលបួនរដូវកាលចុងក្រោយនេះ ព្រឹត្តិការណ៍ផ្សេងៗរបស់ The International Series បានផ្ដល់នូវប្រាក់រង្វាន់យ៉ាងខ្ពស់ និងបើកផ្លូវដ៏ច្បាស់លាស់សម្រាប់ការឆ្ពោះទៅ LIV Golf League។

សម្រាប់ព័ត៌មានបន្ថែមអំពី The International Series សូមចូលទៅកាន់គេហទំព័រ www.internationalseries.com

ចុងបញ្ចប់

រូបភាពទី១៖ ទិដ្ឋភាពពីលើអាកាសនៃរន្ធទី១ នៅរមណីយដ្ឋាន ឈុន អន នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត The International Series Cambodia ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែតុលា នេះ ដែលជាព្រឹត្តិការណ៍ទី ៦ ក្នុងចំណោម ១០ ព្រឹត្តិការណ៍របស់ The International Series សម្រាប់ឆ្នាំ ២០២៥។ រូបភាពដោយ រមណីយដ្ឋាន ឈុន អន ។

រូបភាពទី២៖ រង្វាន់សម្រាប់ជើងឯកនៃការប្រកួត The International Series Cambodia ដែលប្រគល់ដោយក្រុមហ៊ុន Royal Group ដែលជាពានរង្វាន់ International Series ដ៏មានកិត្យានុភាព។

រូបភាពទី៣៖ ទិដ្ឋភាពរន្ធទី៨ នៅរមណីយដ្ឋាន ឈុន អន ដែលមានទីតាំងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត The International Series Cambodia ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែតុលា ដែលជាព្រឹត្តិការណ៍ទី ៦ ក្នុងចំណោម ១០ ព្រឹត្តិការណ៍របស់ The International Series សម្រាប់ឆ្នាំ ២០២៥។ រូបភាពដោយ រមណីយដ្ឋាន ឈុន អន ។

ដើម្បីទាញយកឯកសាររូបភាពដែលមានគុណភាពខ្ពស់ សូមចុចទីនេះ

អំពីThe International Series

ណែនាំដំបូងតាមរយៈការវិនិយោគដ៏សំខាន់ជាមួយ LIV Golf ក្នុងរដូវកាលឆ្នាំ 2022, The International Series គឺជាការប្រកួត ១០ ដងដែលបានបន្ថែមលើកាលវិភាគរបស់ Asian Tour ដោយផ្តល់នូវរង្វាន់ទឹកប្រាក់ខ្ពស់ ទីតាំងប្រកួតបែបឆាកអន្តរជាតិ និងផ្លូវឆ្ពោះទៅកាន់ LIV Golf League សម្រាប់កីឡាករវាយកូនហ្គោលមកពីទូទាំងពិភពលោក។

ឥឡូវនេះចូលដល់ឆ្នាំទី ៤, The International Series ត្រូវបានរៀបចំធ្វើឡើងនៅតំបន់ផ្សេងៗទូទាំងអាស៊ី អឺរ៉ុប អាហ្វ្រិក និងមជ្ឈិមបូព៌ា ក្នុងទីផ្សារកីឡាវាយកូនហ្គោលដែលទាំងមានរួចជាស្រេចនិងកំពុងអភិវឌ្ឍ។

កាលវិភាគឆ្នាំ 2025 មានប្រទេសជាដូចជា៖ ឥណ្ឌា ម៉ាកាវ ជប៉ុន ម៉ារ៉ុក ឥណ្ឌូនេស៊ី កម្ពុជា ហ្វីលីពីន ហុងកុង សឹង្ហបុរី និងអារ៉ាប៊ីសាអ៊ូឌីត។

ក្នុងរយៈពេលបីរដូវកាលចុងក្រោយ ការប្រកួតក៏បានធ្វើឡើងនៅប្រទេសចិន អង់គ្លេស ស្កុតឡែន សឹង្ហបុរី កាតារ អូម៉ង់ ថៃ អេហ្ស៊ីប និងវៀតណាមផងដែរ។

អំពីការប្រកួតវាយកូនហ្គោលជម្រុះក្នុងតំបន់អាស៊ី

ព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលជម្រុះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ទទួលបានការអនុញ្ញាតជា​ផ្លូវការ ក្នុងការរៀបចំការប្រកួត ហើយដែលប្រទេសរៀបចំទាំងនោះគឺជា​សមាជិក​របស់ សហព័ន្ធកីឡាវាយ​កូនហ្គោលអន្តរជាតិ (PGA Tours) ។

ការប្រកួតជម្រុះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ក៏មានទំនាក់ទំនងជាមួយក្លឹបវាយកូនហ្គោល​ដ៏ចំណាស់​ជាងគេ (The Royal & Ancient Golf Club of St Andrews) ស្ថិតក្នុងទីក្រុង St Andrew នៃប្រទេសស្កុតលែនផងដែរ។

ព្រឹត្តិការណ៍ប្រកួតជម្រុះក្នុងតំបន់អាស៊ីអាគ្នេយ៍នេះផងដែរ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៤ មានទំនួលខុសត្រូវលើការថែរក្សាផលប្រយោជន៍នៃសមាជិកទាំង ៣៥០ ដំណាងឱ្យប្រទេសចំនួន ៣៥ ដែលជាអ្នកគ្រប់គ្រងកាលវិភាគនៃព្រឹត្តិការណ៍ប្រកួតនៅទូទាំង៥ទ្វីប។

ការប្រកួតជម្រុះកីឡាវាយកូនហ្គោលអន្តរជាតិ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០២២ ក្រោមការគាំទ្រ និងសហការ យ៉ាងពេញទំហឹងពីសំណាក់លីគកំពូល (LIV Golf)​។  ទម្រាំឈានទៅដល់លីគកំពូល ការប្រកួតជម្រុះនឹងត្រូវធ្វើឡើងចំនួន១០ជុំ ដែលប្រព្រឹត្តិទៅនៅទីតាំងខុសៗគ្នា។

ដោយឡែក សម្រាប់ការផ្សព្វផ្សាយលើការប្រកួតវិញ អ្នករៀបចំបានគ្រប់គ្រងការផលិត និង​ចែកចាយ​​ទៅបណ្ដាញទូរទស្សន៍នានា ដែលតាមការប៉ាន់ស្មាននឹងផ្សាយបន្តផ្ទាល់ទៅដល់ទស្សនិក​ជនជាង​មួយពាន់លានគ្រួសារ នៅ​ទូទាំងពិភព​លោក។

គណកម្មការរៀបចំការប្រកួតជម្រុះនេះក៏បានបើកដំណើរការឱ្យមានដំណើរទស្សនៈកិច្ចសម្រាប់ការ អភិវឌ្ឍអាស៊ីផងដែរ ដើម្បីជាការបើកផ្លូវដល់អ្នកមានទេពកោសល្យឱ្យចូលរួមក្នុងការប្រកួត។

ការប្រកួតក្នុងវគ្គជម្រុះក្នុងតំបន់់នេះ ក៏នឹងផ្ដល់ឱកាសដល់ស្ថាប័នបណ្ដុះបណ្ដាលកីឡា​វាយកូន​ហ្គោលដែលមានស្តង់ដារ។ ​ការណ៍នេះបានទាក់ទាញអ្នកចុះឈ្មោះចូលរៀនប្រមាណ ៦៥០នាក់ ដើម្បីដណ្ដើមយកពានចំនួន 35 សម្រាប់ការប្រកួតក្នុងរដូវកាលក្រោយ។

នៅក្នុងឆ្នាំ ២០១៨ គេបានបន្ថែមយកគោលដៅនៅក្នុងតំបន់អាស៊ី ដើម្បីបង្កើនទំនាក់ទំនងផ្ដាច់មុខ​នូវក្លឹបវាយកូនហ្គោលលំដាប់ពិភពលោក ទៅនឹងទូទាំងតំបន់តែម្ដង។

គណកម្មការរៀបចំការប្រកួតជម្រុះក្នុងតំបន់អាស៊ី មានទីស្នាក់ការកណ្ដាលនៅលើកោះ Sentosa នៃប្រទេសសិង្ហបុរី ដែលជាទីតាំងនៃក្លឹបឆ្នើម​ Sentosa មួយ។

អំពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនវិនិយោគដ៏ធំដែលមានការវិវឌ្ឍន៍ និងភាពចម្រុះនៃអាជីវកម្មច្រើនជាងគេនៅកម្ពុជា ដោយមានការចូលរួមក្នុងវិស័យជាច្រើន រួមមានធនាគារ និងហិរញ្ញវត្ថុ ការធានារ៉ាប់រង ការផលិតថាមពល ទូរគមនាគមន៍ ការដឹកជញ្ជូន ព័ត៌មានវិទ្យា និងកម្សាន្ត  អភិវឌ្ឍអចលនទ្រព្យ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ការអប់រំ និងសេវាសុខាភិបាល។

ក្រុមហ៊ុននេះគឺជាច្រកទ្វារវិនិយោគយ៉ាងសំខាន់មួយចំពោះប្រទេសកម្ពុជា ដែលមានប្រវត្តិនៃភាពជោគជ័យក្នុងការចូលរួមជាមួយដៃគូវិនិយោគមួយចំនួនដ៏ល្អបំផុត និងផ្តល់នូវសក្តានុពលវិនិយោគក្នុងប្រទេសដែលមានអត្រាកំណើនលឿនបំផុតមួយក្នុងសេដ្ឋកិច្ចទីផ្សារសេរីនៅក្នុងតំបន់ទន្លេមេគង្គនៃអាស៊ី។