ការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអេឡិចត្រូនិកកម្រិតអន្តរជាតិសាជាថ្មីគឺជាឱកាសដ៏ល្អសម្រាប់ក្រុមកីឡាអេឡិចត្រូនិកកម្ពុជាទទួលបានបទពិសោធថ្មីៗ។ នេះជាការលើកឡើងរបស់ឯកឧត្ដម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក្នុងពិធីចាប់គូព្រឹត្តិការណ៍កីឡា Exprez Mekong Warrior Invitations 2025 នារសៀលថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះក៏ជាការតេស្ដសមត្ថភាពកីឡាករកម្ពុជាត្រៀមស៊ីហ្គេម២០២៥ចុងឆ្នាំនេះ។
ការប្រកួត Mobile Legend ដ៏ពិសេសនេះបានចាប់ផ្ដើមពីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៥ ឈានទៅ final round ដែលប្រព្រឹត្តទៅពីថ្ងៃទី០៣ ដល់ ៦ ខែកក្កដា ឆ្នាំ២០២៥ ដែលមានក្រុមមកពី៣ប្រទេសទៀត គឺឡាវ ប្រទេសវៀតណាម និងប្រទេសសឹង្ហបូ ចូលរួមដែររី។ ចំណែកម្ចាស់ផ្ទះកម្ពុជាមាន ៥ ក្រុម ដូចជា ក្រុម CFU Gaming ក្រុមGalaxy Legends ក្រុម PRO Esports ក្រុម Team Flash KH និង ក្រុម Team Max ហើយ៣ប្រទេសទៀតមាន ក្រុម Leon Esports (ឡាវ) ក្រុមLegion Esports (វៀតណាម) និងក្រុម RSG Singapore (សិង្ហបុរី)។
សម្រាប់ការប្រកួតក្នុងស្រុកវិញ ឯកឧត្ដម លន់ សាមឌី មានប្រសាសន៍ថា ក៏នៅមានទៀតដែរទាំងការប្រកួត Road to SEA Games និងជើងឯកថ្នាក់ជាតិ៕