វាយសីពានរង្វាន់សសសយក ភ្នំពេញ ទទួលបានអ្នកចុះឈ្មោះលើសការរំពឹងទុក

Neak Tola
11 មើល
0 នាទីអាន

កំណត់ត្រាថ្មីមិនធ្លាប់មានក្នុងការប្រកួតកីឡាវាយសីពានរង្វាន់មិត្តភាពសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដោយព្រឹត្តិការណ៍សម្រាប់ឆ្នាំ២០២៥ និងជាលើកទី៣ផងនោះ ទទួលបាន​អ្នកចុះឈ្មោះដល់ទៅជាង៤០០នាក់ហើយគិតត្រឹមថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥ នេះ។

បើតាមការឱ្យដឹងពីគណៈកម្មការរៀបចំ ការប្រកួតលើកទី១ និងលើកទី២ ពោលឆ្នាំ២០២៣ និង ២០២៤ កន្លងទៅ មួយលើកៗមានអ្នកចុះឈ្មោះចូលរួមតែជាង១០០នាក់ប៉ុណ្ណោះ។ កំណត់ត្រាថ្មីពិសេសនេះត្រូវបានចាត់ទុកថា អ្នកនិយមលេងកីឡា ជាពិសេសកីឡាវាយសីនេះមានចំនួនកាន់តែច្រើន ហើយក៏បង្ហាញពីការយកចិត្តទុកដាក់លើសុខភាពកាន់តែខ្លាំងពីមហាជនខ្មែរ។

តាមគម្រោងការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ និងថ្ងៃទី០៦ ខែកក្កដា នាក្លឹបកីឡាវាយសីភ្នំពេញនៃអគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។

អ្វីដែលប្លែកជាងឆ្នាំមុនដែរនោះ វិញ្ញាសាប្រកួតត្រូវបានបន្ថែមមួយទៀត គឺ វាយគូអាយុក្រោម ១៥ឆ្នាំ
ពីលើវិញ្ញាសាផ្សេងទៀតដែលមានស្រាប់ គឺ វាយគូបុរសមិនគិតអាយុ វាយគូនារីមិនគិតអាយុ និង វាយគូចម្រុះ(បុរស+នារី) មិនគិតអាយុ។

នេះជាលើកទី៣ហើយដែលសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញរៀបចំការប្រកួតនេះឡើងដើម្បីប្រមូលផ្ដុំអ្នកស្នេហាវិស័យកីឡា ពង្រឹងសាមគ្គីភាព មិត្តភាព ទំនាក់ទំនងល្អ ក្នុងសង្គម តាមរយៈការលេងកីឡា ចូលរួមទាំងអស់គ្នាក្នុងការលើកកម្ពស់ ការលេងកីឡាវាយសីនិងបំផុសស្មារតីក្នុងស្រទាប់យុវជនឲ្យចូលរួមលេងកីឡាកាន់តែផុសផុល។ ទន្ទឹមនឹងនេះ ការបន្ថែមវិញ្ញាសាយុវជនវាយគូអាយុក្រោម១៥ឆ្នាំទៀតនោះ គឺដើម្បីផ្ដល់ឱកាសដល់យុវជនបានចូលរួមលេងកីឡា និងជាការបណ្ដុះគ្រាប់ពូជធនធានកីឡាវាយសីឱ្យបានកាន់តែច្រើន។

សម្រាប់មហាជនចាប់អារម្មណ៍ចង់ចូលរួមការប្រកួត អាចទាក់ទងតាមលេខទូរសព្ទ 096 822 6078 និង QR លើវីដេអូនេះបាន ដោយចាប់ផ្តើមចុះឈ្មោះពីឥលូវនេះរហូតដល់ម៉ោង៥ល្ងាចថ្ងៃព្រហស្បតិ៍ ទី០៣ ខែ កក្កដា៕