Chiellini៖ “ចំណេះដឹងក្នុងសាលា ពិតជាមានសារប្រយោជន៍ណាស់សម្រាប់អាជីពបាល់ទាត់របស់ខ្ញុំ”

Narong
4 មើល
0 នាទីអាន

Giorgio Chiellini ត្រូវបានចាត់ទុកថាជាខ្សែការពារដ៏ឆ្នើម និងជោគជ័យបំផុតមួយរូប​ អំឡុងពេលប្រកបអាជីពជាកីឡាករបាល់ទាត់រយៈពេលជាងពីរទសវត្សរ៍ ជាពិសេសនៅក្លិប Juventus និងក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី។ ក្រៅពីអាជីពបាល់ទាត់ Chiellini បានផ្ដល់តម្លៃខ្ពស់ទៅលើការសិក្សា ហើយលោកបានសារភាពថា លោកបានយកចំណេះដឹងដែលបានក្របជញ្ជក់ពីសាលា មកអនុវត្តនៅលើទីលានប្រកួត។

Chiellini វ័យ៤១ឆ្នាំ ចាប់ផ្ដើមអាជីពបាល់ទាត់អំឡុងទសវត្សរ៍ ១៩៩០ នៅក្លិបមួយចំនួននៅអ៊ីតាលី មុនពេលក្លាយជាសមាជិករបស់ Juventus នាឆ្នាំ២០០៥។ ខ្សែការពាររូបនេះធ្លាប់មានក្ដីស្រមៃកាលពីក្មេងចង់ធ្វើជាវ​េជ្ជបណ្ឌិត ប៉ុន្ដែពេលចូលរួមក្នុងសាកលវិទ្យាល័យ លោកបានជ្រើសរើសឯកទេស សេដ្ឋកិច្ច និងពាណិជ្ជកម្ម​ នៅសាកលវិទ្យាល័យទូរីន ហើយបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ក្នុងខែកក្កដា​ ឆ្នាំ២០១០។ ក្រោយមកលោកក៏បានបន្ដការសិក្សារហូតបានបញ្ចប់ផ្នែកបណ្ឌិតជំនាញគ្រប់គ្រងពាណិជ្ជកម្មនៅទីនោះ។

ក្នុងកម្មវិធី Footballers Unfiltered, ដែលមានអតីតអ្នកចាំទី Joe Hart ជាអ្នកសម្របសម្រួល Chiellini ដែលជាភ្ញៀវកិត្តិយសដំបូងក្នុងកម្មវិធីនោះ បានទម្លាយឱ្យដឹងនូវបទពិសោធសិក្សានៅសាកលវិទ្យាល័យអំឡុងពេលប្រកបអាជីពបាល់ទាត់។

ក្នុងនោះអតីតប្រធានក្រុមសេះបង្កង់ ប្រើប្រាស់ចំណេះដឹងដែលខ្លួនទទួលបានពីការសិក្សាមកអនុវត្តក្នុងការប្រកួត។ Chiellini បាននិយាយថា៖ “នៅវិទ្យាល័យ ខ្ញុំធ្លាប់មានគំនិតចូលសាកលវិទ្យាល័យ ដើម្បីក្លាយជាវេជ្ជបណ្ឌិត។ បន្ទាប់មកខ្ញុំបាននិយាយថា មិនអីទេ ខ្ញុំអាចរៀនបាន ហើយប្រហែលជាអាចមានប្រយោជន៍សម្រាប់អនាគតរបស់ខ្ញុំ”។

“អ្វីដែលខ្ញុំមិនរំពឹងទុកនោះគឺ​ ដំណើររបស់ខ្ញុំនៅសាកលវិទ្យាល័យ ពិតជាមានប្រយោជន៍សម្រាប់អាជីពកីឡារបស់ខ្ញុំផងដែរ។ វាមធ្យោបាយដែលខ្ញុំអាច បើកចិត្តឱ្យទូលាយ ក្នុងការផ្ដោតច្រើនជាងមុន ទៅលើការស្វែងយល់អំពីថាតើគ្រប់យ៉ាងផ្ដាសល់ប្ដូរបែបណា ហើយវាជាវិធីមួយផ្សេងទៀតក្នុងការហ្វឹកហាត់ខួរក្បាល។ ខ្ញុំជំនួសការរៀននៅសាកលវិទ្យាល័យដោយរៀនសូត្រពីគូប្រកួត និងការប្រកួត”៕