Pro E-Sports ពុំមានគម្រោងបោះជំរំហ្វឹកហាត់នៅក្រៅប្រទេសមុនចេញទៅ MSC

1 នាទីអាន

ក្នុងការត្រៀមឆ្ពោះទៅចូលរួមការប្រកួតព្រឹត្តិការណ៍ Mid Seasons Cup 2026 ក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកកម្រិតពិភពលោកក្នុងប្រទេសបារាំងនាពេលឆាប់ៗខាងមុខ លោក ឈឹម វិទូ គ្រូបង្គោលក្រុម Pro E Sports ប្រាប់ថា ក្រុមរបស់លោកមិនមានគម្រោងចេញទៅបោះជំរំហ្វឹកហាត់នៅក្រៅប្រទេសឡើយ។

គ្រូបង្វឹកឈ្មោះហៅក្រៅថា CatGod សង្កត់ធ្ងន់ថា មូលហេតុមិនមានគម្រោងបោះជំរំហ្វឹកហាត់នៅក្រៅប្រទេសបែបនេះ ព្រោះការហ្វឹកហាត់ក្នុងស្រុកមានស្ថានភាពអំណោយផលជាង ទាំងបរិយាកាស និងការទទួលទានហូបចុក ដូច្នេះអាចជួយឱ្យស្មារតីកីឡាករល្អប្រសើរជាង។ លោកអះអាងថា នឹងផ្ដោតកាន់តែខ្លាំងថែមទៀតលើការហ្វឹកហាត់ក្នុងក្រុម។

ក្រុមកីឡាអេឡិចត្រូនិក PRO Esports បានគ្រងជើងឯកលីគអាជីពកីឡាអេឡិចត្រូនិក MPL Cambodia រដូវកាលទី១០ លើកដំបូងបង្អស់ បន្ទាប់ពីផ្តួលក្រុម Galaxy Legends លទ្ធផល ៤-០ ក្នុងជំនួបផ្តាច់ព្រ័ត្រនៅថ្ងៃទី១៧ ខែឧសភា។ PRO Esports ទទួលបានឱកាសក្នុងនាមជាក្រុមតំណាងឱ្យកម្ពុជា ទៅប្រកួត Mid Seasons Cup 2026 ក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកកម្រិតពិភពលោក Esports World Cup 2026 នៅប្រទេសបារាំង។

នៅការប្រកួត MPL Cambodia រដូវកាលទី១០ ក្រុម PRO Esports ជាក្រុមខ្លាំងមួយចាប់តាំងពីការប្រកួតវគ្គសន្សំពិន្ទុ Regular Season ដោយពួកគេប្រកួតមិនចាញ់សូម្បីមួយប្រកួត។ លុះចូលការប្រកួតក្នុងវគ្គជម្រុះដណ្តើមពាន (Playoffs) ក្រុម PRO Esports ភ្លាត់ចាញ់ការប្រកួតម្តង ទល់នឹងក្រុម Galaxy Legends លទ្ធផល ៣-០ អំឡុងការប្រកួតវគ្គ Final Upper Bracket។

PRO Esports ទោះធ្លាក់ទៅប្រកួតនៅវគ្គ Final Lower Bracket ប៉ុន្តែពួកគេអាចប្រកួតយកឈ្នះក្រុម CFU Gaming ជាក្រុមការពារជើងឯក នៅក្នុងលទ្ធផល ៤-៣ ដ៏តានតឹង រហូតរកបានឱកាសត្រឡប់ឡើងទៅវគ្គផ្តាច់ព្រ័ត្រវិញ។

ឈានជើងចូលជំនួបផ្តាច់ព្រ័ត្រ PRO Esports បានបង្ហាញទម្រង់លេងល្អខ្លាំង ការយល់ចិត្តគ្នារវាងកីឡាករ និងការរៀបចំយុទ្ធសាស្ត្រក្នុងការរើសតួអង្គប្រកួតបានល្អពីគ្រូបង្វឹក ជួយឱ្យក្រុមមួយនោះសងសឹងក្រុម Galaxy Legends វិញបាន ក្នុងលទ្ធផល ៤-០ គ្មានការតដៃវិញបាន ហើយក៏គ្រងជើងឯក MPL KH រដូវកាលនេះ។

នេះជាការគ្រងជើងឯកលើកដំបូងបង្អស់សម្រាប់ក្រុម PRO Esports ចាប់តាំងពីក្រុមមួយនេះ បានចូលប្រលូកក្នុងវិស័យកីឡាអេឡិចត្រូនិក និងលីគអាជីព MPL KH ចាប់តាំងពីរដូវកាលទី៤ មក។ លើសពីនេះ វាក៏ជាកំណត់ត្រាថ្មីបន្ថែមទៀតសម្រាប់ PRO Esports បន្ទាប់ពីរដូវកាលទី៩ ពួកគេធ្វើបានល្អដែរ ដោយបានបញ្ចប់ចំណាត់ថ្នាក់លេខ ៣។