មានរយៈពេលជិត២ខែមកហើយដែលកីឡាការិនីប្រដាល់សកលឆ្នើម វី ស្រីខួច បានចូលរួមជួយបង្ហាត់ក្រុមថ្នាលយុវជនកីឡាប្រដាល់សកលជម្រើសជាតិកម្ពុជា អំឡុងការប្រមូលផ្ដុំហ្វឹកហាត់នេះ។
ម្ចាស់មេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០២៣ ប្រាប់ថា ការបង្ហាត់យុវជនមានភាពប្លែកខ្លះដែរពីការហ្វឹកហាត់ដោយខ្លួនឯង តែមិនជាលំបាកណាស់ណាទេ ព្រោះសុទ្ធតែមានមូលដ្ឋានគ្រឹះ និងធ្លាប់បានប្រកួតហើយស្រាប់។ ស្រីខួច បន្ថែមថា ការឆ្លៀតបង្ហាត់យុវជន ក៏ស្រដៀងទៅនឹងការហ្វឹកហាត់ខ្លួនឯងខ្លះដែរ។
វី ស្រីខួច ប្រាប់ថា កន្លងមកក៏ធ្លាប់ចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកដែរដើម្បីក្រេបជញ្ជក់ចំណេះវិជ្ជាក្នុងការបង្ហាត់។ តែសម្រាប់ការឈានទៅផ្ដោតធ្វើជាគ្រូបង្វឹកទាំងស្រុងតែម្ដងនាពេលអនាគត ស្រីខួច ប្រាប់ថា មិនទាន់ច្បាស់នៅឡើយទេ៕
