លោក ភា សុភ័ក្ត្រា ចុះឈ្មោះចូលរៀនវគ្គគ្រូបង្វឹកកម្រិត Pro ភ្ជាប់បំណងវិលជួយជម្រើសជាតិជាថ្មីនៅថ្ងៃមុខ

0 នាទីអាន

លោក ភា សុភ័ក្ត្រា គ្រូបង្គោលសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានបង្ហោះពីការចុះឈ្មោះដោយជៅកជ័យសម្រាប់ការចូលរួមរៀនវគ្គគ្រូបង្វឹកបាល់ទាត់កម្រិត Pro ដែលកម្ពុជានឹងរៀបចំជាលើកដំបូងចុងឆ្នាំ២០២៦នេះ។

លោកសង្កត់ធ្ងន់ថា នេះជាបំណងប្រាថ្នាដ៏សំខាន់មួយរបស់លោកក្នុងការចូលរួមសិក្សាវគ្គគ្រូបង្វឹកកម្រិត Pro នេះ ម្យ៉ាងលោកក៏ចង់វិលទៅជួយក្រុមបាល់ទាត់ជម្រើសជាតិសាជាថ្មីនាពេលខាងមុខ។

លោក ភា សុភ័ក្ត្រា ថ្លែងថា “៖ ខ្ញុំចង់នៅឱ្យបានយូរជាមួយកីឡាបាល់ទាត់ខ្មែរ។ ប្រសិនបើជាប់វគ្គដ៏ធំនេះ ខ្ញុំចង់វិលទៅជួយជម្រើសជាតិ ព្រោះមិនចង់បោះបង់ចោលចំណេះដឹង និងបទពិសោធកីឡាបាល់ទាត់ដ៏យូរឆ្នាំរបស់ខ្ញុំ។ ខ្ញុំក៏ចង់កែប្រែការយល់ខុសរបស់មហាជន។”

ជុំវិញការសិក្សាវគ្គគ្រូបង្វឹកនេះ លោក ភា សុភ័ក្ត្រា បានបញ្ចប់វិញ្ញាបនបត្រកម្រិត C ក្នុងឆ្នាំ២០០៥ និង កម្រិត B ឆ្នាំ២០១០ មុនទទួលបានកម្រិត A កាលឆ្នាំ២០១២។ លោកធ្លាប់ឆ្លងកាត់ការងារជាច្រើនក្នុងកីឡាបាល់ទាត់ ទាំងការបង្ហាត់ក្រុមយុវជន និងក្រុមធំ ទាំងកម្រិតក្លិប និងជម្រើសជាតិ។

ពាក់ព័ន្ធនឹងវគ្គគ្រូបង្វឹកម្រិត Pro លោក ឃួន ឡាបូរ៉ាវី អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា និងបច្ចុប្បន្នជាមន្ត្រីផ្នែកបច្ចេកទេសនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសរសេរថា គ្រូខ្មែរយើងចុះឈ្មោះបានច្រើនហើយ សង្ឃឹមថា ការវិនិយោគលើចំណេះដឹងនេះបានផលសម្រាប់អនាគតបាល់ទាត់ជាតិយើង៕