ជឿជាក់ថាប្រជាជនខ្មែរស្ទើរតែទូទាំងប្រទេស ពិតជាបានស្គាល់ច្បាស់នូវឈ្មោះរបស់កីឡាការិនី ស្រួង ភាវី ដែលជាកីឡាការិនីប៊ីយ៉ាការ៉ុម ៣ បាំង (3-Cushion) ដ៏ល្បីល្បាញ។ ប៉ុន្តែ នៅពីក្រោយភាពជោគជ័យដ៏ត្រចះត្រចង់ និងការគ្រងប្រាក់រង្វាន់សរុបរហូតដល់ទៅជាង ៣៨៣ លានវ៉ុន (ប្រហែល ២៨ ម៉ឺនដុល្លារអាមេរិក) នាពេលបច្ចុប្បន្ន តើលោកអ្នកដឹងទេថាតារាឆ្នើមរូបនេះធ្លាប់ឆ្លងកាត់ខ្សែជីវិតតស៊ូជូរចត់បែបណាខ្លះ?

ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងត្បូង បានចុះផ្សាយយ៉ាងក្បោះក្បាយពីប្រវត្តិ និងការលះបង់ដ៏អស្ចារ្យរបស់កីឡាការិនីខ្មែររូបនេះ ដោយបានប្រសិទ្ធនាមនាងថាជា «គីម យូណា នៃប្រទេសកម្ពុជា» (ប្រៀបប្រដូចទៅនឹងវីរការិនីលំដាប់ជាតិផ្នែកកីឡាជិះស្គីទឹកកករបស់កូរ៉េ)។
ក្ដីស្រមៃជាគ្រូពេទ្យ ដែលត្រូវរលាយរលត់ដោយសារភាពក្រីក្រ
កាលពីវ័យកុមារ កុមារី ស្រួង ភាវី មានក្តីស្រមៃចង់ក្លាយជាវេជ្ជបណ្ឌិតម្នាក់ ដើម្បីព្យាបាលអ្នកជំងឺនៅក្នុងភូមិ។ ប៉ុន្តែជាអកុសល ភាពក្រីក្របានបង្ខំឱ្យនាងត្រូវបោះបង់ការសិក្សាត្រឹមឆ្នាំទីមួយនៅអនុវិទ្យាល័យ ហើយត្រូវដើរតាមឪពុកទៅធ្វើការនឿយហត់នៅក្នុងចម្ការដំឡូង។ ភាវី ធ្លាប់បានរំលឹកថា កាលណោះ ម្រាមដៃរបស់នាងមិនដែលខានមួយថ្ងៃណាឡើយដែលមិនប្រឡាក់ទៅដោយជ័រស្មៅ និងដីចម្ការ។

រហូតដល់ឆ្នាំ ២០១០ ក្នុងវ័យ ២០ ឆ្នាំ ក្មេងស្រីចម្ការដំឡូងរូបនេះ បានធ្វើការសម្រេចចិត្តដ៏ធំមួយក្នុងជីវិត គឺការរៀបការឆ្លងដែនជាមួយបុរសជនជាតិកូរ៉េម្នាក់ ឈ្មោះ លោក គីម ម៉ាន់ស៊ិក (Kim Man-sik) ដែលបម្រើការក្នុងវិស័យបោះពុម្ព ហើយបានផ្លាស់ទៅរស់នៅលើទឹកដីកូរ៉េជាលើកដំបូងដែលនាងមិនធ្លាប់មកពីមុនសោះ។
ដងប៊ីយ៉ាដែលស្វាមីហុចឱ្យ និងការហ្វឹកហាត់ទាំងបង្ហូរទឹកភ្នែក
ជីវិតជាស្រ្តីរៀបការឆ្លងដែននៅក្រៅប្រទេសដំបូងៗ ពិតជាពោរពេញដោយភាពឯកោ។ មើលឃើញបែបនេះ ស្វាមីរបស់នាងបាននាំនាងទៅលេងក្លិបប៊ីយ៉ានៅជិតផ្ទះក្នុងឆ្នាំ ២០១១។ អ្វីដែលនឹកស្មានមិនដល់ គឺ ភាវី មានដុងសង្កេត និងការយល់ដឹងពីគ្រាប់ប៊ីយ៉ាយ៉ាងរហ័ស។ ដោយដឹងថាភរិយាមានទេពកោសល្យពីកំណើត ស្វាមីរបស់នាងសុខចិត្តទទួលបន្ទុកមើលថែផ្ទះសម្បែង និងដើរស្វែងរកគ្រូបង្វឹកល្អៗមកបង្រៀននាង។
ទោះជាយ៉ាងណា ក្រុមអ្នកជំនាញកូរ៉េបានបញ្ជាក់ថា អាវុធពិតប្រាកដដែលធ្វើឱ្យ ស្រួង ភាវី ជោគជ័យមិនមែនជាទេពកោសល្យតែមួយមុខនោះទេ ប៉ុន្តែវាជា «សេចក្តីក្លាហាន និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ»។ ដោយសារតែនាងមិនស្ទាត់ជំនាញភាសាកូរ៉េប៉ុន្តែនាងបានរៀនបច្ចេកទេសដោយគូររូបភាព នៅពេលដែលនាងមិនអាចទំនាក់ទំនងបាន។ នាងបានខិតខំហ្វឹកហាត់យ៉ាងស្វិតស្វាញ ពី ១២ ទៅ ២០ ម៉ោងក្នុងមួយថ្ងៃ ដែលជាចំនួនច្រើនជាងកីឡាការិនីដទៃដល់ទៅ ៣ ឬ ៤ ដង។ នៅពេលណាដែលម្រាមដៃឡើងរោលរលាត់ ហើយស្មារបស់នាងឈឺចុកចាប់ហៀបនឹងបាក់ នាងតែងតែប្រាប់ខ្លួនឯងថា៖ «ខ្ញុំត្រូវតែជោគជ័យដើម្បីត្រឡប់ទៅជួយកុមារក្រីក្រនៅឯស្រុកកំណើតវិញ»។

ជាលទ្ធផល ត្រឹមតែមួយឆ្នាំនៃការហ្វឹកហាត់ នាងបានឈ្នះពានរង្វាន់ស្ម័គ្រចិត្តជាបន្តបន្ទាប់ ហើយបានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងតារាងផ្នែកនារីរបស់សហព័ន្ធកីឡាប៊ីយ៉ាកូរ៉េ (KBF) ក្នុងឆ្នាំ ២០១៧។
វីរការិនីជាតិដែលអង្រួនចិត្តថ្នាក់ដឹកនាំប្រទេសទាំងពីរ
ភាពល្បីល្បាញរបស់ ស្រួង ភាវី បានធ្វើឱ្យកក្រើកដល់មាតុភូមិកម្ពុជា។ នៅក្នុងខែមិថុនា ឆ្នាំ ២០១៨ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានបង្កើតសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជាឡើង ក្នុងគោលបំណងបើកផ្លូវជាផ្លូវការឱ្យ ស្រួង ភាវី អាចតំណាងឱ្យកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិបាន។
ភាវី មិនបានធ្វើឱ្យប្រជាជនកម្ពុជាខកបំណងឡើយ ដោយនាងបានដណ្តើមបានមេដាយសំរឹទ្ធពិភពលោកនៅប្រទេសទួរគី និងចុងក្រោយបានដណ្តើមបាន មេដាយមាស ជាប្រវត្តិសាស្ត្រជូនជាតិ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

មិនត្រឹមតែប៉ុណ្ណោះ នាងក៏ជាតួអង្គការទូតដ៏សំខាន់រវាងកម្ពុជា និងកូរ៉េ។ កាលពីឆ្នាំ ២០១៩ អំឡុងពេលអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន ធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា លោកបានណែនាំពី ស្រួង ភាវី នៅក្នុងវេទិកាធុរកិច្ចដោយក្តីមោទនភាពថា៖ «ប្រសិនបើកូរ៉េមាន គីម យូណា នោះកម្ពុជាមាន ស្រួង ភាវី»។
មិនអាចធ្វើជាគ្រូពេទ្យ ប៉ុន្តែអាចព្យាបាលបេះដូងមនុស្សតាមរយៈកីឡា
ទោះបីជាក្ដីស្រមៃចង់ក្លាយជាគ្រូពេទ្យកាលពីក្មេងត្រូវខកខាន ប៉ុន្តែបច្ចុប្បន្ន ស្រួង ភាវី បានបង្ហាញថា នាងអាចជួយសង្គ្រោះ និងព្យាបាលមនុស្សបានតាមវិធីមួយផ្សេងទៀត។

តាមរយៈការបង្កើត មូលនិធិសប្បុរសធម៌ ភាវី កូរ៉េ-កម្ពុជា ក្នុងឆ្នាំ ២០២១ នាងបានសហការជាមួយមូលនិធិធំៗនៅកូរ៉េ និងសមាគមគ្រូពេទ្យវះកាត់ឆ្អឹងកូរ៉េ ដើម្បីនាំយកក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ និងកុមារក្រីក្រនៅកម្ពុជាដោយឥតគិតថ្លៃជាហូរហែរ។ លើសពីនេះ នាងបានប្រើប្រាស់ថវិកាផ្ទាល់ខ្លួនសាងសង់ «សាលាបឋមសិក្សា ភាវី» នៅក្នុងស្រុកកំណើតរបស់នាងនាខេត្តកំពង់ចាម ដែលបានបើកទ្វារទទួលសិស្សានុសិស្សឱ្យចូលរៀនតាំងពីឆ្នាំ ២០២៣ មកម្ល៉េះ។
នៅក្នុងបទសម្ភាសន៍មួយ ភាវី បាននិយាយទាំងស្នាមញញឹមថា៖
«កីឡាការិនីប៊ីយ៉ាក៏អាចព្យាបាលមនុស្សបានដែរ។ នៅពេលដែលកុមារខ្មែរដែលកំពុងឈឺ មើលមកខ្ញុំ ពួកគេញញឹមហើយនិយាយថា ‘ខ្ញុំចង់ខ្លាំងពូកែដូចបងស្រី ភាវី’។ នេះហើយជាវិធីដែលខ្ញុំប្រើប្រាស់កីឡាប៊ីយ៉ា ដើម្បីព្យាបាល និងផ្តល់ក្តីសង្ឃឹមដល់ពួកគេ។»

គិតត្រឹមរដូវកាលបច្ចុប្បន្ន ស្រួង ភាវី នៅតែបន្តសាងប្រវត្តិសាស្ត្រក្នុងនាមជាកីឡាការិនីលំដាប់កំពូលលំដាប់ទី២ នៅក្នុងកម្មវិធី LPBA Tour (២០២៥-២០២៦) របស់កូរ៉េខាងត្បូង ជាមួយនឹងការឈ្នះជើងឯកធំៗចំនួន ៩ ដង។ ពីក្មេងស្រីដែលធ្លាប់លះបង់ក្តីស្រមៃដើម្បីគ្រួសារ នៅក្នុងចម្ការដំឡូង ឥឡូវនេះបានក្លាយជាវីរការិនីដ៏អស្ចារ្យ ដែលកំពុងប្រើប្រាស់ភាពជោគជ័យ និងដងប៊ីយ៉ារបស់នាង ដើម្បីផ្លាស់ប្តូរវាសនារបស់កុមារ និងប្រជាជនកម្ពុជារាប់ពាន់នាក់ផ្សេងទៀត៕
