Skip to content
សហព័ន្ធកីឡាបាល់ទាត់ហ្វ៊ីលីពីនអនុម័តកញ្ចប់ថវិកាច្រើន​បំផុត​មិនធ្លាប់​មាន​សម្រាប់ប្រើ​ក្នុង​ឆ្នាំ២០២១
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

សហព័ន្ធកីឡាបាល់ទាត់ហ្វ៊ីលីពីនអនុម័តកញ្ចប់ថវិកាច្រើន​បំផុត​មិនធ្លាប់​មាន​សម្រាប់ប្រើ​ក្នុង​ឆ្នាំ២០២១

ក្នុងគោលបំណងបង្កើនសន្ទុះរីកចម្រើននៃវិស័យបាល់ទាត់ក្នុងប្រទេសរបស់ខ្លួន សហព័ន្ធកីឡាបាល់ទាត់ហ្វ៊ីលីពីន (PFF) បានអនុម័តក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី១៧របស់ពួកគេ លើកញ្ចប់ថវិកាចំនួន៥.៦លានដុល្លារសម្រាប់ចំណាយក្នុងឆ្នាំ២០២១។ តួលេខនេះគឺខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រសហព័ន្ធកីឡាបាល់ទាត់ហ្វ៊ីលីពីន។

ទោះបីប្រទេសជាតិកំពុងជួបការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ក្ដី ប៉ុន្តែ PFF នៅតែខ្នះខ្នែងបង្រួបបង្រួមសមាជិកទាំងអស់របស់ខ្លួនដើម្បីពិភាក្សាស្វែងរកវិធីសាស្ត្រល្អៗដើម្បីអភិវឌ្ឍបាល់ទាត់ហ្វ៊ីលីពីនឱ្យកាន់តែប្រសើរឡើង។

ក្នុងឆ្នាំ២០២០ ព្រឹត្តិការណ៍បាល់ទាត់រៀបចំដោយ PFF ដែលបានបញ្ចប់ទៅថ្មីថ្មោង មានដូចជាការប្រកួតដណ្ដើមជើងឯកលីគបុរស Philippines Football League, ជើងឯកលីគនារី PFF Women’s League និងពាន PFF U15 Boys Championship ជាដើម។ បន្ថែមលើនេះ PFF ក៏បានបើកវគ្គបណ្ដុះបណ្ដាលថ្នាលយុវជន វគ្គគ្រូបង្វឹក និងវគ្គអាជ្ញាកណ្ដាល ជាច្រើនវគ្គផងដែរ។

សម្រាប់ឆ្នាំ២០២១ PFF មានគោលដៅនិងទំនួលខុសត្រូវជាច្រើនទៀតដើម្បីអភិវឌ្ឍបាល់ទាត់ក្នុងប្រទេស ទាំងបុរស នារី និងយុវជន រួមទាំងក្រុមជម្រើសជាតិទាំង២ភេទផងដែរ។ ពិសេសពួកគេត្រូវអនុលោមតាមគោលការណ៍កំណត់របស់ FIFA និង AFC៕