Skip to content
លទ្ធផលនៃការចាប់ឆ្នោតប្រកួតជម្រុះ World Cup នៅអឺរ៉ុប
    ទំព័រដើម  »  កីឡាអន្តរជាតិ

លទ្ធផលនៃការចាប់ឆ្នោតប្រកួតជម្រុះ World Cup នៅអឺរ៉ុប

ការចាប់ឆ្នោតវគ្គជម្រុះ World Cup 2022 នៅទ្វីបអឺរ៉ុបត្រូវបានប្រកាសកាលពីយប់ថ្ងៃចន្ទ ទី៧ ខែធ្នូ ឆ្នាំ២០២០ ដែលមាន៥៥ក្រុមចូលរួម ត្រូវបានបែកចែកជា១០ពូល ( ពូល A ដល់ពូល J )។ ពូល A ដល់ពូល E មាន៥ក្រុមក្នុងមួយពូល។ ចំណែកពូល F ដល់ពូល J មាន៦ក្រុមក្នុងមួយពូល។

លទ្ធផលនៃការចាប់ឆ្នោត៖

  • ពូល A: ព័រទុយហ្គាល់, ស៊ែប៊ី, សាធារណរដ្ឋអៀរឡង់, លុចសំបួ, អាស៊ែបៃហ្សង់
  • ពូល B: អេស្ប៉ាញ, ស៊ុយអែត, ក្រិក, ហ្សកហ្ស៊ី, កូសូវ៉ូ
  • ពូល C: អ៊ីតាលី, ស្វីស, អៀរឡង់ខាងជើង, ប៊ុលហ្ការី, លីទុយអានី
  • ពូល D: បារាំង, អ៊ុយក្រែន, ហ្វាំងឡង់, បូស្ន៊ី និង អ៊ែរសេកូវីន(Bosnia and Herzegovina), កាហ្សាក់ស្ថាន
  • ពូល E: បែលហ្ស៊ិក, វេលស៍, សាធារណរដ្ឋឆែក, បេឡារុស, អេស្ដូនី
  • ពូល F: ដាណឺម៉ាក, អូទ្រីស, ស្កុតឡែន, អ៊ីស្រាអែល, កោះហ្វារ៉ូ(Faroe Islands), ម៉ុលឌីវ៉ា
  • ពូល G: ហូឡង់, តួកគី, ន័រវែស, ម៉ុងតេណេក្រូ, ឡេតូនី(Latvia), ហ្ស៊ីប្រាល់តា
  • ពូល H: ក្រូអាស៊ី, ស្លូវ៉ាគី, រុស្ស៊ី, ស្លូវ៉ានី, ស៊ីប(Cyprus), ម៉ាល់តា
  • ពូល I: អង់គ្លេស, ប៉ូឡូញ, ហុងគ្រី, អាល់បានី, អង់ដូរ៉ា, សាំងម៉ារ៉ាំង(San Marino)
  • ពូល J: អាល្លឺម៉ង់, រ៉ូម៉ានី, អ៊ីស្លង់, ម៉ាសេដ្វានខាងជើង(North Macedonia), អាមេនី, លិចចតិនស្ដាញ(Liechtenstein)

ក្រុមលេខ១ប្រចាំពូលទាំង១០នៃយុទ្ធនាការជម្រុះនឹងបានកៅអីទៅវគ្គ៣២ក្រុមចុងក្រោយ។ ដោយឡែក ក្រុមលេខ២នៃពូលទាំង១០ បូកជាមួយ២ក្រុមដែលមានចំណាត់ថ្នាក់ល្អជាងគេក្នុងពាន UEFA Nations League (ក្រុមដែលមិនជាប់លេខ១ និង លេខ២ ក្នុងតារាងវគ្គជម្រុះ World Cup) នឹងត្រូវបានប្រមូលមកប្រកួតវគ្គ play-off ដើម្បីដណ្ដើម៣កៅអីដែលនៅសល់។ ក្រុមទាំង១២ ត្រូវប្រកួតខ្វែង ក្នុងបីប្លុកផ្សេងគ្នា (១ប្លុកមាន៤ក្រុម)។ អ្នកឈ្នះវគ្គផ្ដាច់ព្រ័ត្រ នៅក្នុងប្លុក នីមួយៗ នឹងបានសិទ្ធិទៅប្រកួត ជុំ ៣២ក្រុមចុងក្រោយនៅកាតារ។

កាលបរិច្ឆេទប្រកួតជម្រុះ  នឹងធ្វើឡើងចន្លោះពីខែមីនា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ហើយវគ្គជម្រុះ play-off នឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២២។

ហូឡង់ជាក្រុមដែលមានគ្រាប់បាល់ច្រើនបំផុត ២៩៦គ្រាប់ ក្នុងវគ្គជម្រុះ World Cup នៅអឺរ៉ុប ហើយពួកគេក៏ជាក្រុមដែលឈ្នះការប្រកួតនៅវគ្គជម្រុះច្រើនបំផុតផងដែរ ដោយក្នុងចំណោម១២៥ប្រកួត ពួកគេទទួលបានជ័យជម្នះ៨២លើក។

Cristiano Ronaldo រកគ្រាប់បាល់ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ដ្រវគ្គជម្រុះ World Cup នៅអឺរ៉ុប ដោយខ្សែប្រយុទ្ធរបស់ក្រុមព័រទុយហ្គាល់ រកបាន៣០គ្រាប់ ពី២៨ប្រកួត ហើយកាលជម្រុះ ទៅប្រកួតនៅរុស្ស៊ី ម្ចាស់ពាន Ballon dÓr ៥សមួយរូបនេះរកបាន១៥គ្រាប់។

Robert Lewandowski បានបំបែកកំណត់ត្រាអ្នករកគ្រាប់បាល់ច្រើនបំផុត ក្នុងយុទ្ធនាការទោលនៃវគ្គជម្រុះ World Cup នៅអឺរ៉ុប ជាមួយនឹងគ្រាប់បាល់១៦គ្រាប់ឱ្យក្រុមប៉ូឡូញ កក់កៅអីវគ្គចែកពូល World Cup 2018 នៅរុស្ស៊ី៕