កីឡាវាយសីផ្ដល់ដល់ វ៉ាត់ វណ្ណធន ទាំងសុខភាពរឹងមាំ ប្រាក់ចំណូលសមរម្យ និងការងារល្អ

0 នាទីអាន

ចាប់ផ្ដើមបោះជំហានចូលក្នុងវិស័យកីឡាវាយសីតាំងពីអាយុ ១៣ ឆ្នាំ ក្រោមការណែនាំ និងជ្រោមជ្រែងយ៉ាងយកចិត្តទុកដាក់ពីអ្នកជាអ៊ំ កីឡាករ វ៉ាត់ វណ្ណធន ដែលមានស្រុកកំណើតមកពីខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា កីឡាមួយនេះមិនត្រឹមតែផ្ដល់ឱ្យរូបគេនូវសុខភាពមាំមួន និងការស្គាល់ច្បាស់ពីចាស់ទុំនៃសមត្ថភាពខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបណ្ដុះរូបគេឱ្យមានជំនាញច្បាស់លាស់មួយក្នុងជីវិតផងដែរ។

រឿងរ៉ាវកាន់តែពិសេសនោះ កីឡាវាយសីបានក្លាយជាប្រភពចំណូលយ៉ាងគួរសមសម្រាប់រូបគេ ទាំងបានមកពីប្រាក់រង្វាន់នៃការប្រកួត និងការចែករំលែកចំណេះដឹងតាមរយៈការបង្ហាត់បង្ហាញដល់មហាជន។ ផ្លែផ្កា និងការខិតខំប្រឹងប្រែងទាំងនេះហើយ ដែលបានធ្វើឱ្យឪពុកម្ដាយរបស់គេផ្លាស់ប្ដូរចិត្ត ពីការហាមប្រាមមកជាការគាំទ្រយ៉ាងពេញទំហឹងវិញ។

កាន់តែអស្ចារ្យជាងនេះទៅទៀត តាមរយៈស្នាដៃ និងសមិទ្ធផលលេចធ្លោជាបន្តបន្ទាប់ក្នុងវិស័យកីឡាវាយសី វ៉ាត់ វណ្ណធន ត្រូវបានផ្ដល់កិត្តិយស និងទំនុកចិត្ត ដោយទទួលបានក្របខណ្ឌផ្លូវការជានគរបាលជាតិថែមទៀតផង។