មិនមែនរាល់ថ្ងៃឡើយដែលអ្នកឃើញអ្នកចាំទីរកបានគ្រាប់ជ័យជម្នះនៅក្នុងម៉ោងបន្ថែម។ រឹតតែពិសេសនៅក្នុងប្រវត្តិសាស្ត្រអាយុកាល១២៩ឆ្នាំរបស់ Liverpool មិនធ្លាប់មានឡើយអ្នកចាំទីដែលរកបានគ្រាប់បាល់ក្នុងការប្រកួតផ្លូវការសម្រាប់ក្លិប។
តែកាលពីយប់ថ្ងៃអាទិត្យទី១៦ខែឧសភាឆ្នាំ២០២១ ក្នុងការប្រកួត Premier League សប្ដាហ៍ទី៣៦ អ្នកចាំទី Alisson Becker បានតែតបញ្ចូលទីបាល់លើកចេញពីជ្រុងក្នុងនាទី៩០+៥ ជួយ Liverpool ឈ្នះ២-១នៅទឹកដី West Bromwich Albion ដែលបានរក្សាក្ដីសង្ឃឹមប្រជែងកៅអី Champions League ជាបន្តទៀតសម្រាប់ក្រុមហង្សក្រហម។
ទឹកភ្នែកបានហូរស្រក់ចុះនៅទីបញ្ចប់នៃការប្រកួត អមដោយសញ្ញាចង្អុលទៅលើមេឃ និងមានរូបកាយពណ៌ក្រហមច្រាលជាច្រើនលោតមកសង្កត់សង្កិនលើ Alisson ជាការអបអរ ក្នុងលក្ខណៈមួយដែលអ្នកចាត់ការ Jurgen Klopp ពណ៌នាថាជា«វេលាដ៏វិសេសវិសាល»។
Alisson បានឧទ្ទិសគ្រាប់បាល់ដ៏ពិសេសនេះជូនឪពុករបស់គេ Jose Agostinho Becker ដែលបានបាត់បង់ជីវិតក្នុងវ័យ៥៧ឆ្នាំកាលពីខែកុម្ភៈកន្លងទៅដោយសារលង់ទឹកទំនប់វារីអគ្គិសនីមួយនៅក្បែរផ្ទះលម្ហែរបស់គេនៅ Lavras do Sul ក្នុងប្រទេសប្រេស៊ីល។
ក្នុងប្រកួតយប់មិញនេះ West Brom ដែលធ្លាក់ទៅ Championship ដោយស្វ័យប្រវត្តិទៅហើយនោះ បានបើកការនាំមុខមុនក្នុងនាទី១៥ដោយ Hal Robson-Kanu។ នៅវគ្គទី២ Mohamed Salah បានតាមស្មើឱ្យហង្សក្រហមក្នុងនាទី៣៣។ ការព្យាយាមរកជ័យជម្នះដើម្បីបន្តក្ដីសង្ឃឹមប្រជែងចំណាត់ថ្នាក់ Top 4 បានជំរុញឱ្យ Liverpool ប្រឹងសម្រុក ហើយនៅក្នុងនាទីបន្ថែមបង្គ្រប់៩០+៥ Alisson បានចោលទីរបស់ខ្លួនដើម្បីឡើងទៅជួយប្រយុទ្ធពេលក្រុមហង្សក្រហមទទួលបានបាល់ជ្រុង។ ខ្សែការពារស្លាបស្ដាំ Trent Alexander-Arnold លើកបាល់ចេញពីជ្រុងខាងឆ្វេងយ៉ាងល្អ ហើយ Alisson តែតបញ្ចូលទីយ៉ាងអស្ចារ្យយក៣ពិន្ទុឱ្យ Liverpool។
អតីតអ្នកចាំទី Internacional និង Roma និយាយក្នុងសម្ភាសន៍ក្រោយការប្រកួតថា៖ «ខ្ញុំសង្ឃឹមថាលោកប៉ាបានឃើញគ្រាប់បាល់មួយនេះ។ ខ្ញុំប្រាកដថាគាត់កំពុងអបអរគ្រាប់បាល់នេះជាមួយព្រះជាម្ចាស់នៅឋានរបស់គាត់។ ខ្ញុំពិតជាក្ដុកក្ដួលខ្លាំងណាស់ចំពោះអ្វីគ្រប់យ៉ាងដែលបានកើតឡើងចំពោះខ្ញុំនិងចំពោះគ្រួសាររបស់ខ្ញុំ។ ប៉ុន្តែបាល់ទាត់ជាជីវិតខ្ញុំ។ ខ្ញុំលេងបាល់តាំងពីខ្ញុំចាប់ផ្ដើមចាំមុខប៉ារបស់ខ្ញុំម្ល៉េះ»។
Alisson ពេលនេះក្លាយជាអ្នកចាំទីទី៦ដែលរកបានគ្រាប់បាល់ក្នុង Premier League តែជាអ្នកចាំទីដំបូងដែលរកបានគ្រាប់បាល់ដោយការតែត។
Liverpool ពេលនេះមាន៦៣ពិន្ទុពី៣៦ប្រកួត ស្ថិតនៅលេខរៀងទី៥ នៅក្រោមក្រុមលេខ៤ Chelsea ចំនួន១ពិន្ទុប៉ុណ្ណោះ និងនៅក្រោមក្រុមលេខ៣ Leicester City ចំនួន៣ពិន្ទុ។
២ប្រកួតចុងក្រោយ Liverpool ត្រូវលេងនៅទឹកដី Burnley ថ្ងៃពុធទី១៩ខែឧសភា និងបិទរដូវកាលនៅ Anfield ទល់ Crystal Palace ថ្ងៃទី២៣ខែដដែលនេះ៕