ពេលវេលានៃការកាន់តួនាទីជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនរបស់លោក Hajime Moriyasu ត្រូវបានបញ្ចប់ក្នុងការប្រកួតមិត្តភាពទល់ប៉ាារ៉ាហ្កាយកាលពីថ្ងៃអង្គារកន្លងទៅ ប៉ុន្ដែគ្រូបង្វឹករូបនេះ បានបន្សល់ទុកនូវរឿងល្អៗជាច្រើនជូនក្រុមមុនចាកចេញ។
ត្រូវបានតែងតាំងក្នុងខែកក្កដា ឆ្នាំ២០១៨ លោក Moriyasu បានចាកចេញក្នុងនាមជា គ្រូបង្វឹកដែលដឹកនាំយូរជាងគេក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិជប៉ុន ដោយបានដឹកនាំការប្រកួតសរុបជាង ១០៩ ប្រកួត និងបានជួយផ្លាស់ប្ដូរចំណាត់ថ្នាក់ FIFA ពិភពលោករបស់ជប៉ុនពី លេខ ៥៥ មកលេខ ១៧។
ក្រោមការដឹកនាំរបស់លោក Moriyasu ជប៉ុនលែងជាក្រុមដែលគូប្រកួតអាចមើលស្រាលបាននោះទេ បន្ទាប់ពីពួកគេបានបង្កើតរឿងភ្ញាក់ផ្អើលជាច្រើនគឺការយកឈ្នះក្រុមធ្លាប់ឈ្នះជើងឯកបាល់ទាត់ពិភពលោក FIFA World Cup។ ក្នុងចំណោម ១២ ប្រកួតទល់នឹងអតីតម្ចាស់ជើងឯកពិភពលោក ក្រុមសាម៉ូរ៉ៃខៀវដឹកនាំដោយលោក Moriyasu ទទួលបានលទ្ធផលយ៉ាងល្អប្រសើរគឺ ឈ្នះ ៨ ស្មើ ២ និងចាញ់ ២។
ជ័យជម្នះជាប្រវត្តិសាស្ត្រសំខាន់ៗក្នុងសម័យកាលរបស់លោករួមមាន៖
- ជប៉ុនទទួលបានជ័យជម្នះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រលើក្រុមម្ចាស់ជើងឯកពិភពលោក ៥ សម័យប្រេស៊ីល ក្នុងជំនួបមិត្តភាពដ៏ជក់ចិត្តក្នុងលទ្ធផល ៣–២ នៅទីក្រុងតូក្យូ កាលពីខែតុលា ឆ្នាំ២០២៥ និងបានបន្តយកឈ្នះក្នុងលទ្ធផល ៣–២ ម្តងទៀតនៅប្រទេសសិង្ហបុរីកាលពីថ្មីៗនេះ។
- លោក Moriyasu បានដឹកនាំក្រុមបង្កភាពភ្ញាក់ផ្អើលដោយយកឈ្នះក្រុមយក្សអឺរ៉ុបទាំងពីរគឺអាល្លឺម៉ង់ និងអេស្ប៉ាញក្នុងលទ្ធផល ២–១ ដូចគ្នានៅវគ្គចែកពូលព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតា ហើយបន្ទាប់មកបានបន្តយកឈ្នះអាល្លឺម៉ង់ ៤–១ ក្នុងការប្រកួតមិត្តភាពកាលពីខែកញ្ញា ឆ្នាំ២០២៣។
- ជប៉ុនដណ្តើមបានជ័យជម្នះក្រៅដីជាប្រវត្តិសាស្ត្រក្នុងលទ្ធផល ១–០ ទល់នឹងក្រុមជម្រើសជាតិអង់គ្លេស នៅកីឡដ្ឋាន Wembley កាលពីខែមីនា ឆ្នាំ២០២៦។
លើសពីនេះទៅទៀត លោកបានដឹកនាំជប៉ុនឡើងដល់វគ្គ Knockout ក្នុងព្រឹត្តិការណ៍ World Cup ពីរលើកជាប់ៗគ្នា ដោយឈរនៅកំពូលតារាងក្នុងពូលដ៏តឹងតែងកាលពីឆ្នាំ២០២២ មុនពេលចាញ់ក្រូអាតដោយបាល់ប៉េណាល់ទីក្នុងវគ្គ ១៦ ក្រុមចុងក្រោយ និងឆ្លងផុតវគ្គចែកពូលដោយមិនស្គាល់ចាញ់សោះក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ មុនពេលចាញ់ប្រេស៊ីលយ៉ាងប្រផុតប្រផើយ ២–១ ដោយសារគ្រាប់បាល់នៅនាទីទី ៩៥។
កំណត់ត្រាសមិទ្ធផលក្នុងព្រឹត្តិការណ៍ផ្សេងទៀតរបស់លោកក៏រួមមាន៖
- ពានរង្វាន់ EAFF E-1 Football Championship៖ ឈ្នះជើងឯកប្រចាំតំបន់ពីរសម័យកាលជាប់គ្នាក្នុងឆ្នាំ ២០២២ និង ២០២៥ បន្ទាប់ពីបញ្ចប់ត្រឹមជើងឯករងក្នុងឆ្នាំ២០១៩។
- ពានរង្វាន់ AFC Asian Cup៖ ដឹកនាំជប៉ុនឡើងដល់ វគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៩ (ទទួលបានជើងឯករងបន្ទាប់ពីចាញ់កាតា) និងឡើងដល់វគ្គ ៨ ក្រុមចុងក្រោយក្នុងឆ្នាំ២០២៣។
- ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០៖ បានដឹកនាំក្រុមជម្រើសជាតិអាយុក្រោម ២៣ ឆ្នាំ (U-23) របស់ជប៉ុនក្នុងនាមជាម្ចាស់ផ្ទះ ទទួលបានចំណាត់ថ្នាក់លេខ ៤។
