ក្រុមការពារជើងឯក UEFA Champions League: Bayern Munich បញ្ចប់ការប្រកួតពូល A ដោយផ្ដួល Lokomotiv Moscow ២-០ យប់ថ្ងៃពុធទី៩ខែធ្នូឆ្នាំ២០២០ តាមរយៈគ្រាប់បាល់របស់ Niklas Sule ក្នុងនាទី៦៣ និង Choupo-Moting ក្នុងនាទី៨០។
មកទល់ពេលនេះ Bayern លេងមិនចាញ់១៧ប្រកួតជាប់គ្នាក្នុងពាន UCL។ ពួកគេបានឈ្នះទាំង១១ប្រកួតតាំងពីវគ្គដំបូងរហូតដល់ថ្ងៃលើកពានរដូវកាលមុន ហើយរដូវកាលនេះពួកគេឈ្នះ៥ដងនិងស្មើ១ដងក្នុងពូល។
ក្រុមលោក Hansi Flick យប់មិញគ្មានខ្សែប្រយុទ្ធ Robert Lewandowski ឡើយដោយសាររបួសសាច់ដុំ។
ដោយឡែក Atletico Madrid បានលេខ២ក្នុងពូល ក្រោយឈ្នះ២-០លើ Red Bull Salzburg។
ក្រុម Salzburg ធ្លាក់ទៅលេងពាន Europa League វគ្គ៣២ក្រុមចុងក្រោយ ដោយមាន៤ពិន្ទុពី៦ប្រកួត ចំណែក Lokomotiv Moscow ហាលហាវពីពានអឺរ៉ុបត្រឹមនេះ ដ្បិតមានតែ៣ពិន្ទុ៕