Sergio Aguero លេង២៥នាទីហើយរកបាន១គ្រាប់ក្នុងជ័យជម្នះ៣-០របស់ Manchester City លើ Marseille នៅ Etihad Stadium យប់ថ្ងៃពុធទី៩ខែធ្នូឆ្នាំ២០២០ ក្នុងជំនួបបង្ហើយពូល C នៃ UEFA Champions League។
ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ៣២ឆ្នាំរូបនេះបានអាក់ខានការប្រកួត៣លើកចុងក្រោយរបស់ Man City ដោយសាររបួសជង្គង់។ តែយប់មិញ លោក Pep Guardiola បានប្ដូរគេចូលលេងជំនួស Riyad Mahrez ក្នុងនាទី៦៦ ហើយគេរកបានគ្រាប់បាល់ក្នុងនាទី៧៧ បន្ទាប់ពី Ferran Torres ស៊ុតគ្រាប់បើកឆាកក្នុងនាទី៤៨។ Alvaro Gonzalez ធ្វើឱ្យបាល់ចូលទីខ្លួនឯងក្នុងនាទី៩០ក្រោយព្យាយាមរារាំង Raheem Sterling។
Aguero ទើបតែចូលលេងលើកទី៥សម្រាប់ Man City រដូវកាល២០២០-២១នេះ តែលោក Pep និយាយថាសភាវគតិនៃការរកគ្រាប់បាល់របស់គេនៅដដែល ភាពគំរាមកំហែងមុខទីគូប្រកួតរបស់គេនៅតែបន្ត។
អតីតសមាជិក Atletico Madrid ខាងលើពេលនេះរកបាន៤១គ្រាប់ក្នុង UCL ស្មើនឹង Neymar។
ទោះយ៉ាងណា លោក Pep ថាការប្រកួត Manchester derby ទល់នឹង Man Utd ថ្ងៃទី១២ខែធ្នូ ចុងសប្ដាហ៍នេះ លឿនពេកសម្រាប់អតីតកូនប្រសាលោក Diego Maradona ខាងលើ។
Man City រកបាន១៦ពិន្ទុពី៦ប្រកួតក្នុងពូល C ស្មើកំណត់ត្រាពិន្ទុដែលក្រុមអង់គ្លេសធំៗធ្លាប់ធ្វើបាន ដូចជា Arsenal (២០០៥-០៦), Tottenham (២០១៧-១៨) និង Man Utd (២០០៧-០៨) ប៉ុន្តែមានតែក្រុមខាងក្រោយប៉ុណ្ណោះដែលនៅទីបំផុតឈ្នះជើងឯកក្នុងរដូវកាលនោះ។
Man City របូតតែ១គ្រាប់គត់ក្នុងពូល C ដែលក្រុមអង់គ្លេសធ្វើបានបែបនេះចុងក្រោយគេគឺ Man Utd ក្នុងរដូវកាល២០១០-១១។
ដោយឡែក Ederson ជាអ្នកចាំទីទី១ដែលរក្សាទីមិនរបូតគ្រាប់៥គ្រាប់ប្រកួតឬលើសពីនេះសម្រាប់ក្រុមរបស់អង់គ្លេសក្នុងពាន UCL តាំងពី Pepe Reina បានធ្វើសម្រាប់ Liverpool ក្នុងរដូវកាល២០០៥-០៦៕