ទីបំផុតក្លិប Paris Saint-Germain បានបញ្ជាក់ពីការបណ្ដេញលោក Thomas Tuchel ចេញពីតំណែងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្រោយមានចចាមអារ៉ាមជាហូរហែ តាំងពីថ្ងៃពុធសប្ដាហ៍មុន។
សារព័ត៌មានធំៗបានរាយការណ៍ថា អ្នកចាត់ការវ័យ៤៧ឆ្នាំ ត្រូវបានបញ្ចប់តំណែងក្រោយដឹកនាំ PSG ឈ្នះការប្រកួត Ligue 1 លើក្រុម Strasbourg ដោយលទ្ធផល ៤-០ ប៉ុន្ដែក្លិបបារាំងទើបតែបញ្ជាក់ជាផ្លូវការនៅលើវេបសាយរបស់ពួកគេ។
ប្រធានក្លិប PSG លោក Nasser Al-Khelaifi បានមានប្រសាសន៍ថា៖ “ខ្ញុំសូមអរគុណដល់លោក Thomas Tuchel និងបុគ្គលិករបស់គាត់ សម្រាប់គ្រប់យ៉ាងដែលពួកគេបាននាំយកសម្រាប់ក្លិប។ Thomas បានបានបញ្ចូលថាមពល និង ការប្រឹងប្រែង នៅក្នុងការងាររបស់គាត់ ហើយពិតណាស់ យើងនឹងចងចាំពេលវេលាល្អ ដែលយើងបានចែករំលែកជាមួយគ្នា។ ខ្ញុំជូនពរគាត់ឱ្យមានសំណាងល្អ នាពេលអនាគត”។
សូមបញ្ជាក់ថា លោក Tuchel បានដឹកនាំ PSG ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League លើកដំបូង កាលពី៤ខែមុន ដោយពេលនោះពួកគេបរាជ័យ ១-០ ក្រោមថ្វីជើងរបស់ Bayern Munich។
នៅរដូវកាល ២០១៩-២០ លោកបានជួយពួកគេឈ្នះ Ligue 1, Coupe de France និង Coupe de la Ligue។ ហើយបើសរុបរយៈពេល២រដូវកាលកន្លងមកនេះ អតីតអ្នកចាត់ការក្លិប Borussia Dortmund បានដឹកនាំ PSG ឈ្នះពាន៦នៅក្នុងស្រុក ក្រោយកាន់តំណែងជំនួសលោក Unai Emery កាលពីរដូវក្ដៅឆ្នាំ ២០១៨។
ប៉ុន្ដែនៅរដូវកាល ២០២០-២១ នេះ PSG ទទួលបានលទ្ធផលមិនសូវល្អនោះទេ ដោយបច្ចុប្បន្នពួកគេឈរនៅលេខ៣ក្នុងតារាង Ligue 1 ដោយតាមពីក្រោយក្រុមកំពូលតារាង Lyon និង ក្រុមលេខ២ Lille ជាមួយគម្លាត១ពិន្ទុ៕