Skip to content
អ្នកកីឡាល្បីៗដែលបាត់បង់ជីវិតនៅក្នុងឆ្នាំ២០២០
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

អ្នកកីឡាល្បីៗដែលបាត់បង់ជីវិតនៅក្នុងឆ្នាំ២០២០

មរណភាពរបស់វីរបុរស Diego Maradona បានធ្វើអ្នកគាំទ្រកីឡាបាល់ទាត់ ជាពិសេសប្រជាជនអាហ្សង់ទីនមានភាពសោកសៅ ចំពោះការបាត់បង់បុគ្គលឆ្នើមដែលបានជួយក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពាន FIFA World Cup ជាលើកដំបូង។

វីរបុរសអាហ្សង់ទីនស្ថិតនៅក្នុងចំណោមបុគ្គលល្បីៗនៅក្នុងវិស័យកីឡាជាច្រើនរូប ដែលបាត់បង់ជីវិតនៅឆ្នាំ២០២០ ដែលអ្នកទាំងនោះមានដូចជា៖

Diego Maradona

លោក Diego Maradona បានលាចាកលោកនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងវ័យ៦០ឆ្នាំ។ កាលនៅជាកីឡាកររបស់ Napoli លោក Maradona ធ្លាប់ជួយឱ្យក្លិបអ៊ីតាលីមួយនេះ ឈ្នះពាន Serie A ២លើក និង UEFA Cup នៅឆ្នាំ១៩៨៩។ សម្រាប់ក្រុមជម្រើសជាតិ​ Maradona បានជួយក្រុមអាហ្សង់ទីនឈ្នះពាន World Cup 1986 ផងដែរ។

Kobe Bryant

Bryant បានស្លាប់នៅខែមករា ក្នុងវ័យ៤១ឆ្នាំ ជាមួយកូនស្រីរបស់ខ្លួនដែលមានអាយុ១៣ឆ្នាំ នៅក្នុងឧប្បទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅក្រៅទីក្រុង ឡូស អាន់ជេលែស ដែលធ្វើឱ្យមនុស្សបាត់បង់ជីវិតសរុប៧នាក់។ វីវបុរសរបស់ក្រុមបាល់បោះធ្លាប់ជួយក្រុម LA Lakers ឈ្នះពាន NBA ៦លើកនៅក្នុងអាជីពរបស់ខ្លួន។

Paolo Rossi

វីរបុរសអ៊ីតាលី Paulo Rossi បានទទួលមរណភាពនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងជន្មាយុ ៦៤ឆ្នាំ។ លោក Rossi បានជួយក្រុមជម្រើសជាតិអ៊ីតាលីឈ្នះពាន World Cup 1982។ លោកជាកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុត(Top Scorer) នៅក្នុងព្រឹត្ដិការណ៍ប្រកួតនោះ ដោយរកបានសរុប៦គ្រាប់ រួមមាន ការស៊ុតហេតទ្រីគយកឈ្នប្រេស៊ីល ៣-២, គ្រាប់បាល់ពីរគ្រាប់ក្នុងការប្រកួតជ័យជម្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ២-០ ទល់នឹងប៉ូឡូញ និងគ្រាប់បាល់នាំមុខនៅវគ្គផ្ដាច់ព្រ័ត្រ ទល់នឹងក្រុមអាល្លឺម៉ង់ខាងលិច។

Stirling Moss

លោក Stirling Moss ត្រូវបានចាត់ទុកថា ជាអ្នកប្រណាំងរថយន្ដដ៏ឆ្នើមមួយរូប ទោះមិនដែលឈ្នះជើងឯកពិភពលោក Formula One។ លោកទទួលបានជោគជ័យច្រើនក្នុងវិស័យកីឡាប្រណាំងរថយន្ដ។ លោក Moss បានបាត់បង់ជីវិតនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២០ ក្នុងវ័យ៩០ឆ្នាំ។

Gerard Houllier

អតីតកីឡាករបារាំងរូបនេះ បានជួយ Liverpool ក្លាយជាក្លិបជោគជ័យនៅអង់គ្លេស និង ការប្រកួតពានអឺរ៉ុប ក្នុងនាមជាអ្នកចាត់ការក្លិបចន្លោះពីឆ្នាំ ១៩៩៨ ដល់ ឆ្នាំ២០០៤ ដោយបានឈ្នះពានបីនៅក្នុងឆ្នាំ២០០១។ លោក Houllier បានទទួលអនិច្ចកម្មនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ក្នុងជន្មាយុ ៧៣ឆ្នាំ។

Michel Hidalgo

Hidalgo បានចំណាយពេល៨ឆ្នាំដឹកនាំក្រុមជម្រើសជាតិបារាំង ដោយរួមបញ្ចូលកីឡាករឆ្នើមៗជាច្រើនរូបនៅក្នុងក្រុមដែលរួមមាន Michel Platini, Alain Giresse និង Jean Tigana ជាដើម។ លោក Hidalgo បានដឹកនាំក្រុមមាន់គកបារាំងឈ្នះពាន UEFA Euro 1984 ហើយវាជាពានដំបូងដែលក្រុមបារាំងបានឈ្នះនៅពេលនោះ។ លោក Hidalgo បានបាត់បង់ជីវិតនៅថ្ងៃទី ២៦ ឆ្នាំមីនា ឆ្នាំ២០២០ ក្នុងវ័យ ៨៧ឆ្នាំ។

Ray Clemence

អតីតអ្នកចាំទីក្រុមហង្សក្រហម Ray Clemence ស្ថិតនៅក្នុងចំណោមអ្នកចាំទីល្អបំផុតមួយរូបនៅក្នុងជំនាន់របស់លោក ដោយបានជួយ Liverpool ឈ្នះ European Cup ៣លើក និងពានលីគកំពូលអង់គ្លេស First Division ៥លើក សម្រាប់ការចំណាយពេល១៤ឆ្នាំជាមួយក្លិបអង់គ្លេសមួយនេះ។ លោក Clemence បានស្លាប់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងជន្មាយុ ៧២ឆ្នាំ។

Viktor Ponedelnik

អតីតខ្សែប្រយុទ្ធរុស្ស៊ី Ponedelnik រកគ្រាប់បាល់ជួយឱ្យ សហភាពសូវៀតឈ្នះពាន EURO 1960 ដោយការតែតបញ្ចូលទី នៅម៉ោងបន្ថែមសម្រាប់ ក្រុមសូវៀតយកឈ្នះ យូហ្គោស្លាវីដោយលទ្ធផល ២-១ នៅវគ្គផ្ដាច់ព្រ័ត្រនាទីក្រុងប៉ារីសប្រទេសបារាំង។ ក្នុងវ័យ៨៣ឆ្នាំលោក Ponedelnik បានទទួលមរណភាពនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០៕