ការប្រកួតបាល់ទាត់ត្រូវបានរំខាននៅក្នុងឆ្នាំ ២០២០ ដោយកូវីដ១៩។ ទោះបីជាមានបញ្ហារាតត្បាតនៃជំងឺនេះ ប៉ុន្ដែនៅតែមានកីឡាករ ដែលអាចបង្ហាញគុណផលល្អ សម្រាប់ការប្រកួតនៅអឺរ៉ុប។
AMS Sports សូមបង្ហាញឈ្មោះកីឡាករ៥រូប ដែលបញ្ជូន(assist) បានច្រើនគ្រាប់បំផុត ទាំងនៅក្នុងលីគ និង ការប្រកួតពានអឺរ៉ុប(UEFA Champions League / UEFA Europa League) នៅក្របខណ្ឌកំពូលៗទាំង៥នៅអឺរ៉ុប ក្នុងឆ្នាំ២០២០ ផ្អែកតាមទិន្នន័យរបស់វេបសាយ transfermarkt។
៥. Joshua Kimmich (Bayern Munich) ១៧គ្រាប់
Joshua Kimmich ជាកីឡាករដ៏ប៉ិនប្រសប់មួយរូប ដែលអាចលេងបានល្អទាំងតំណែង ខ្សែបម្រើ និង ខ្សែការពារស្លាបស្ដាំ ហើយកីឡាករអាល្លឺម៉ង់រូបនេះ ជាចំណែកដ៏ធំមួយ ក្នុងការជួយ Bayern Munich ឈ្នះទាំងពានក្នុងស្រុក និង ពានអឺរ៉ុប នៅរដូវកាល ២០១៩-២០។ នៅក្នុងឆ្នាំ ២០២០ Kimmich បញ្ជូន assist បាន១៧គ្រាប់ ក្នុងការបង្ហាញខ្លួន ៣១លើក។
៤. Angel Di Maria (Paris Saint-Germain) ១៩គ្រាប់
ខ្សែបម្រើអាហ្សង់ទីនរូបនេះ បញ្ជូនឱ្យមិត្ដរួមក្រុមបញ្ចប់ទីបាន១៩គ្រាប់ ពីការលេង៣០ប្រកួត និងជួយឱ្យ Paris Saint-Germain ឈានដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League និងឈ្នះពានទាំង៣នៅបារាំង ក្នុងឆ្នាំ២០២០។
៣. Kevin de Bruyne (Manchester City) ២០គ្រាប់
ម្ចាស់ពានកីឡាករល្អបំផុតប្រចាំឆ្នាំនៅអង់គ្លេស(PFA Player of the Year) ត្រូវបានចាត់ទុកថា ជាកំពូលកីឡាករមួយរូបនៅ Premier League។ De Bruyne ជាកីឡាករដែល assist គ្រាប់បាល់បានច្រើនបំផុតពោលគឺ ២០គ្រាប់ ពីការចូលលេង៣៤លើក។ ខ្សែបម្រើបែលហ្ស៊ិករូបនេះ រំពឹងថាអាចបន្ដបង្ហាញគុណផលល្អបែបនេះ នៅក្នុងការប្រកួត UEFA Champions League ជាពិសេសការប្រកួត UEFA EURO 2020 ដែលលើកមកប្រកួតនៅរដូវក្ដៅឆ្នាំ២០២១ខាងមុខនេះ។
២. Thomas Muller (Bayern Munich) ២២គ្រាប់
Thomas Muller បានក្លាយជាកីឡាករសំខាន់បំផុតមួយរូបសារជាថ្មីសម្រាប់ Bayern Munich ដោយបានជួយពួកគេឈ្នះពាននៅក្នុងស្រុក និង ពានអឺរ៉ុប។ កីឡាករជនជាតិអាល្លឺម៉ង់ assist បាន២២គ្រាប់ ពីការលេង៤០លើកឱ្យ Bayern Munich នៅឆ្នាំ២០២០។
១. Lionel Messi(Barcelona) ២៦គ្រាប់
Lionel Messi ជាកីឡាករល្អបំផុតមួយរូប មិនត្រឹមតែអាចរកគ្រាប់បាល់បញ្ចូលទីតែមួយមុខនោះទេ ប៉ុន្ដែខ្សែប្រយុទ្ធអាហ្សង់ទីន ក៏ជាអ្នកបញ្ជូនឱ្យមិត្តរួមក្រុមសម្រេចទីបានច្រើនគ្រាប់ផងដែរ។ នៅក្នុងឆ្នាំ ២០២០ Messi បញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចូលទី បាន២៦គ្រាប់ ពីការចូលលេងបាន ៤៤ប្រកួត៕