ពេលវេលារបស់ខ្សែបម្រើប្រយុទ្ធអាល្លឺម៉ង់ Mesut Ozil នៅ Arsenal ជិតដល់ទីបញ្ចប់ហើយ ដោយមានសេចក្ដីរាយការណ៍ថាក្របខ័ណ្ឌ Major League Soccer ជាគោលដៅរបស់គេក្នុងរដូវរងានេះ។
តាំងពីលោក Mikel Arteta ចូលដឹកនាំ Arsenal មក Ozil លែងជាកីឡាករសំខាន់នៅក្នុងក្រុម ហើយថែមទាំងត្រូវបានដកឈ្មោះចេញពីបញ្ជីទៀតផង។
សារព័ត៌មាន Football London បានរាយការណ៍ថាអតីតសមាជិក Schalke, Werder Bremen និង Real Madrid វ័យ៣២ឆ្នាំខាងលើ កំពុងស្ថិតក្នុងរ៉ាដារបស់ក្លិបអាមេរិក DC United។ ម្ចាស់ពានកីឡាករបាល់ទាត់អាល្លឺម៉ង់ឆ្នើមបំផុត៥ដងខាងលើ ខានលេងឱ្យ Arsenal តាំងពីខែមីនាឆ្នាំ២០២០មកម្ល៉េះ ខណៈបច្ចុប្បន្នគេហាត់ដោយឡែកម្នាក់ឯងដាច់ពីមិត្តរួមក្រុម។ DC United សង្ឃឹមថាអាចយកបានតារាវ័យ៣២ឆ្នាំរូបនេះ។ ពួកគេជាក្លិបដែលមានប្រវត្តិចុះកិច្ចសន្យាជាមួយតារាល្បី Premier League មួយចំនួន។ ជាក់ស្ដែងក្លិបនេះបានចុះកិច្ចសន្យាជាមួយ Wayne Rooney កាលពីឆ្នាំ២០១៨។
អ្នកចាំទីអាហ្សង់ទីនវ័យ៣៣ឆ្នាំ Sergio Romero ក៏ត្រូវបានរាយការណ៍ថាអាចចេញពី Manchester United ទៅលេងនៅលីគអាមេរិកដែរ ដោយក្នុងនោះមានក្លិប Inter Miami របស់លោក David Beckham ជាគោលដៅ។
តាំងពីយក Dean Henderson ពី Sheffield United មកវិញ Romero មិនដែលបានលេងឱ្យក្រុមបិសាចក្រហមឡើយក្នុងរដូវកាល២០២០-២១នេះ ហើយលោក Ole Gunnar Solskjaer ចង់បញ្ចេញចោលកីឡាករដែលលោកលែងប្រើមួយចំនួន។ ឆ្នាំមុន Romero កៀកនឹងការចូលរួម Everton ម្ដងហើយ។ Daily Mail រាយការណ៍ថាមានច្រើនក្លិបចង់បាន Romero ទាំងក្លិបនៅអង់គ្លេស នៅអេស្ប៉ាញ និងនៅអាមេរិក។ Brighton ដែលបានបញ្ជាក់ថាអ្នកចាំទីអូស្ត្រាលី Matt Ryan អាចចេញបានដោយសេរីក្នុងខែមករានេះ ចាប់អារម្មណ៍ចង់បាន Romero ទៅជំនួស។ តែក្លិប Inter Miami ត្រូវបានមើលឃើញជាគោលដៅនាំមុខគេរបស់ អតីតសមាជិក Racing Club, AZ Alkmaar, Sampdoria និង Monaco ខាងលើ។ ក្លិបរបស់លោក Beckham កំពុងមានកីឡាករអាហ្សង់ទីនល្បីល្បាញម្នាក់គឺ Gonzalo Higuain រួមទាំងតារាឈ្នះ World Cup 2018 បារាំង Blaise Matuidi ផងដែរ។
ដោយឡែក ខ្សែការពារ Marcos Rojo កៀកនឹងចេញពី Man Utd ទៅប្រទេសកំណើតជាថ្មីហើយ ដោយគេបានព្រមព្រៀងផ្ទាល់មាត់ជាមួយក្លិប Boca Juniors លើកិច្ចសន្យា៣ឆ្នាំ។ អ្វីដែលនៅរង់ចាំគឺការយល់ព្រមពី Man Utd ក្នុងការបញ្ចប់កិច្ចសន្យាបច្ចុប្បន្នរបស់គេ។
កីឡាករវ័យ៣០ឆ្នាំដែលត្រូវបានលោក Louis van Gaal ទិញពីក្លិប Sporting Lisbon ក្នុងរដូវក្ដៅ២០១៤រូបនេះ បានចេញពី Man Utd ម្ដងហើយកាលពីដើមឆ្នាំ២០២០ដើម្បីទៅលេងឱ្យ Estudiantes លើកិច្ចសន្យាខ្ចី។ តែពេលវេលានៅជាមួយក្លិបដើមរបស់គេមិនកាក់កបឡើយ ដោយសាររបួសនិងបញ្ហារាតត្បាតកូវីដ១៩។ Rojo សល់កិច្ចសន្យាជាមួយ Man Utd ដល់ខែមិថុនាឆ្នាំ២០២១ តែគេមិនស្ថិតក្នុងផែនការរបស់លោក Solskjaer ទេ។ ទោះយ៉ាងណា Man Utd ត្រូវបានជឿថាចង់បានតម្លៃផ្ទេរខ្លះជាជាងឱ្យ Rojo ចេញហ៊្វ្រីៗ៕