ទោះឆ្នាំ២០២០ ទើបតែកន្លងផុតទៅថ្មីៗនេះក៏ពិតមែន ប៉ុន្ដែកំណត់ត្រា និងស្ថិតិការប្រកួតបាល់ទាត់ ត្រូវកត់ត្រាទុក ហើយកាលពីកន្លងទៅថ្មីៗនេះ AMS Sports បានបង្ហាញបញ្ជីឈ្មោះកីឡាករ ដែលរកគ្រាប់បាល់សរុបច្រើនបំផុតនៅឆ្នាំ ២០២០។ ប៉ុន្ដែថ្ងៃនេះ យើងខ្ញុំសូមលើកយកកីឡាករ៥រូប ដែលរកគ្រាប់បាល់ដោយការស៊ុតបាល់ប៉េណាល់ទីច្រើនបំផុតវិញម្ដង។
១. Cristiano Ronaldo (១៧គ្រាប់)
Cristiano Ronaldo ពេលខ្លះត្រូវបានអ្នកគាំទ្រគូប្រជែងរបស់ខ្លួនហៅថា Penaldo ដោយសារស្ថិតិការស៊ុតបាល់ពិន័យ១១ម៉ែត្រ របស់គេមានភាពច្បាស់លាស់បំផុត ដែលធ្វើឱ្យអ្នកចាំទីមានភាគរយទាប ក្នុងការរារាំងបាល់មិនឱ្យចូលទី។ ខ្សែប្រយុទ្ធជនជាតិព័រទុយហ្គាល់រូបនេះ អាចរកគ្រាប់បាល់ដោយការស៊ុតប៉េណាល់ទី១៧លើក ឱ្យ Juventus នៅក្នុងឆ្នាំ២០២០។
២. Bruno Fernandes(១៥គ្រាប់)
Bruno ត្រូវបានចាត់ទុកថា ជាកីឡាករដែលមានឥទ្ធិពលខ្លាំងបំផុតនៅក្នុងក្រុម Manchester United ចាប់តាំងពីផ្លាស់មកកាន់ទឹកដី Old Trafford កាលពីដើមឆ្នាំមុន។ ខ្សែបម្រើវ័យ២៦ឆ្នាំ បានរួមចំណែកដ៏សំខាន់ក្នុងការរកគ្រាប់បាល់បញ្ចូលទី និងការ assist គ្រាប់បាល់ឱ្យមិត្តរួមក្រុម។ ខ្សែបម្រើជនជាតិព័រទុយហ្គាល់រូបនេះ ក៏ស៊ុតបាល់ប៉េណាល់ទីបានល្អផងដែរ ដោយគេអាចរកគ្រាប់បាល់បាន ១៥គ្រាប់ពីការស៊ុតបាល់១១ម៉ែត្រ។
៣. Ciro Immobile (១៤គ្រាប់)
ម្ចាស់ពានស្បែកជើងមាសអឺរ៉ុបរដូវកាល ២០១៩-២០ Immobile កម្រនឹងខកខានឱកាសគ្រាប់បាល់ដោយការស៊ុតប៉េណាល់ទីណាស់ ដូច្នេះហើយទើបគេ ត្រូវបានជ្រើសរើសជាអ្នកទី១ ដែលស៊ុតបាល់១១ម៉ែត្រឱ្យក្រុម Lazio។ បើគិតនៅក្នុងឆ្នាំ ២០២០ ខ្សែប្រយុទ្ធជនជាតិអ៊ីតាលីរូបនេះ ស៊ុតប៉េណាល់ទីចូល១៤គ្រាប់។
៤. Romelu Lukaku (១០គ្រាប់)
Romelu Lukaku បានបង្ហាញថា គេសក្ដិសមឱ្យ Inter Milan ចំណាយ៨០លានអឺរ៉ូ ផ្ទេរគេចេញពីក្លិប Manchester United មកកាន់ទឹកដី San Siro នៅរដូវក្ដៅឆ្នាំ២០១៩។ ក្រៅពីកាយសម្បទាំរឹងមាំ និង ការបញ្ចប់ទីបានច្បាស់លាស់ ខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះ ក៏មានសមត្ថភាពស៊ុតប៉េណាល់ទីបានល្អផងដែរ ហើយនៅឆ្នាំ២០២០ គេអាចរកគ្រាប់បាល់បាន ១០គ្រាប់ ពីការស៊ុតបាល់ពិន័យ១១ម៉ែត្រ។
៥. Andrej Kramaric (៩គ្រាប់)
Andrej Kramaric ជាខ្សែប្រយុទ្ធលេចធ្លោម្នាក់នៅ Bundesliga ដែលពុំសូវទទួលបានការចាប់អារម្មណ៍។ ទោះយ៉ាងណាក្ដី ខ្សែប្រយុទ្ធជនជាតិក្រូអាតរូបនេះ ស៊ុតប៉េណាល់ទីចូល៩លើក នៅឆ្នាំ២០២០ ឱ្យក្រុមអាល្លឺម៉ង់ Hoffenheim៕