នៅក្នុងកីឡាបាល់ទាត់ សមិទ្ធផលរបស់កីឡាករត្រូវបានវាយតម្លៃ តាមរយៈចំនួនគ្រាប់បាល់ ការឈ្នះពានរង្វាន់ និងរាត្រីដ៏អស្ចារ្យនៅលើទីលាន។ ប៉ុន្តែសម្រាប់ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Arsenal កីឡាករ Bukayo Saka ជ័យជម្នះដ៏មានន័យបំផុតមួយរបស់លោក គឺបានកើតឡើងនៅក្រៅទីលាន — គឺនៅក្នុងមន្ទីរពេទ្យ ថ្នាក់រៀន និងសហគមន៍ក្រីក្រ ដែលជាកន្លែងសេវាថែទាំសុខភាពជាមូលដ្ឋាន អាចផ្លាស់ប្តូរវាសនានិងអនាគតរបស់កុមារម្នាក់ៗបានយ៉ាងពិតប្រាកដ។
សារព័ត៌មាន The Cable និង The Standard បានរាយការណ៍ថា នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Ballon d’Or ដែលបានរៀបចំឡើងនៅមហោស្រព Palladium Theatre ក្នុងក្រុងឡុងដ៍ កីឡាករ Bukayo Saka ត្រូវបានប្រកាសជាម្ចាស់ពានរង្វាន់មនុស្សធម៌ Socrates Award ឆ្នាំ២០២៦។ ពានរង្វាន់ដ៏មានឥទ្ធិពលមួយនេះ ត្រូវបានបង្កើតឡើងដើម្បីផ្ដល់កិត្តិយសដល់កីឡាករបាល់ទាត់ទាំងឡាយណា ដែលបានលះបង់ធនធាន និងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងការជួយជ្រោមជ្រែងកិច្ចការសង្គម។ ពានរង្វាន់នេះត្រូវ បានផ្ដល់ឱ្យកីឡាករ ដំបូងក្នុងឆ្នាំ២០២២ (ដោយកាលនោះបានទៅលើកីឡាករ Sadio Mané) ហើយនៅក្នុងព្រឹត្តិការណ៍រាត្រីនោះ តារាចម្រៀងជើងដ៏ល្បីរបស់នីហ្សេរីយ៉ា Burn Boy គឺជាអ្នកឡើងប្រគល់ពានផ្ទាល់ដៃជូនដល់ Saka។
ការទទួលបានពានរង្វាន់ Socrates Award នេះ គឺកើតចេញពីការរៀបចំកម្មវិធីសប្បុរសធម៌យ៉ាងសកម្ម និងការលះបង់ឥតឈប់ឈររបស់ Saka គ្រួសាររបស់លោក ព្រមទាំងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសប្បុរសធម៌ Big Shoe ដែលជាអង្គការផ្តល់ជំនួយវេជ្ជសាស្ត្រ និងការគាំទ្រផ្នែកមនុស្សធម៌ដល់កុមារ និងគ្រួសារខ្វះខាតជុំវិញពិភពលោក។
Saka ដែលមានខ្សែស្រលាយនីហ្សេរីយ៉ា តែងតែមានទឹកចិត្តជ្រាលជ្រៅក្នុងការជួយកុមារដែលរស់នៅក្នុងស្ថានភាពលំបាកក្នុងតំបន់អាហ្រិក។ កិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌ដ៏ធំបំផុតមួយរបស់គេ បានចាប់ផ្តើមនៅក្នុងឆ្នាំ២០២២ នៅពេលដែលគេបានឧបត្ថម្ភជំនួយផ្នែកវេជ្ជសាស្ដ្រ ដូចជាការវះកាត់ជាដើម ហើយផ្លាស់ប្តូរជីវិតដល់កុមារចំនួន ១២០ នាក់នៅក្នុងទីក្រុង Kano ប្រទេសនីហ្សេរីយ៉ា។
លើសពីនេះទៅទៀត ក្នុងឆ្នាំបន្ទាប់ Saka បានពង្រីកបេសកកម្មមនុស្សធម៌នេះបន្ថែមទៀត ដោយបានជួយឧបត្ថម្ភថវិកាសម្រាប់ការវះកាត់ដល់កុមារចំនួន ១០០ នាក់ នៅទូទាំងប្រទេសរវ៉ាន់ដា (Rwanda) កេនយ៉ា (Kenya) និងតង់ហ្សានី (Tanzania) ដើម្បីនាំយកសេវាសុខភាពដ៏សំខាន់នេះ ផ្ដល់ឱ្យកុមារនៅក្នុងសហគមន៍កំពុងអភិវឌ្ឍន៍។
រឿងរ៉ាវដ៏រំជួលចិត្តមួយ ត្រូវបានលើកយកមកបង្ហាញក្នុងពិធីប្រគល់ពានរង្វាន់ Socrates Award គឺរឿងរ៉ាវរបស់កុមារា Biringiro អាយុ ១៤ ឆ្នាំ មកពីប្រទេសរវ៉ាន់ដា។ Biringiro បានចាប់ផ្តើមស្រពោន និងបាត់បង់ពន្លឺភ្នែកបន្តិចម្តងៗតាំងពីអាយុ ១២ ឆ្នាំ។ រស់នៅក្នុងភូមិដាច់ស្រយាលមួយដែលគ្មានអគ្គិសនីប្រើប្រាស់ ការបាត់បង់ភ្នែកបានធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់គេជួបការលំបាកយ៉ាងខ្លាំង ហើយគេមិនអាចចូលរួមរៀនសូត្រ ឬមើលក្ដារខៀនក្នុងថ្នាក់បានដូចកុមារដទៃទៀតឡើយ។
ប៉ុន្តែ តាមរយៈកម្មវិធីព្យាបាល និងការឧបត្ថម្ភពី Saka និងអង្គការ Big Shoe កុមារា Biringiro បានទទួលការវះកាត់ព្យាបាលភ្នែករហូតអាចមើលឃើញឡើងវិញជាស្ថាពរ។ រូបគេអាចត្រឡប់ទៅសិក្សា រៀនសូត្រ និងធ្វើសកម្មភាពផ្សេងៗបានដោយរលូន ដូចកុមារធម្មតាវិញ ហើយអាចមានលទ្ធភាពសរសេរសំបុត្រមួយច្បាប់ ឱ្យខ្សែប្រយុទ្ធរបស់ Arsenal រូបនេះ បានអានក្នុងពេលទទួលពាន Socrates Award។
ក្នុងសំបុត្រនោះ Biringiro បានសរសេរថា៖
«ជូនចំពោះអ្នកទាំងអស់គ្នាដែលបានវត្តមាននៅទីនេះ ខ្ញុំឈ្មោះ Biringiro អាយុ ១៤ ឆ្នាំ និងរស់នៅប្រទេសរវ៉ាន់ដា។ ខ្ញុំចង់ចែករំលែករឿងរ៉ាវរបស់ខ្ញុំជូនអ្នកទាំងអស់គ្នា។
កាលខ្ញុំអាយុ ១២ ឆ្នាំ ភ្នែករបស់ខ្ញុំចាប់ផ្តើម បាត់បង់ការមើលឃើញ។ ក្នុងភូមិរបស់ខ្ញុំគ្មានអគ្គិសនីប្រើប្រាស់ទេ ហើយពេលដែលស្ថានភាពភ្នែករបស់ខ្ញុំកាន់តែអាក្រក់ទៅ វាកាន់តែធ្វើឱ្យខ្ញុំលំបាកសូម្បីតែការដើរនៅក្នុងផ្ទះ។ នៅសាលារៀន ខ្ញុំមិនអាចមើលឃើញ អក្សរលោកគ្រូអ្នកគ្រូសរសេរនៅលើក្ដារខៀនបានឡើយ ហើយខ្ញុំក៏ពិបាកក្នុងការលេង ជាមួយមិត្តភក្តិដែរ។ ខ្ញុំគ្រាន់តែចង់លេងដោយសេរី និងមានអារម្មណ៍ថាខ្លួនឯងដូចក្មេងដទៃទៀតដែរ។
បន្ទាប់មក សូមអរគុណដល់អង្គការ BigShoe ខ្ញុំបានទទួលការថែទាំព្យាបាលភ្នែកដែលខ្ញុំត្រូវការយ៉ាងចាំបាច់។ ថ្ងៃនេះ ខ្ញុំអាចមើលឃើញក្ដារខៀនច្បាស់ល្អ ទោះបីជាអង្គុយនៅតុក្រោយក្នុងថ្នាក់រៀនក៏ដោយ។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺខ្ញុំលែងបារម្ភពីរឿងមានអារម្មណ៍ថាខុសគេទៀតហើយ។ ខ្ញុំអាចរីករាយនឹងជីវិតជាក្មេងធម្មតាវិញបាន។ ជាលើកដំបូងក្នុងពេលដ៏យូរ ដែលខ្ញុំមានអារម្មណ៍រំភើបនិងមានក្តីសង្ឃឹមចំពោះអនាគតរបស់ខ្ញុំ។ ថ្ងៃអនាគត ខ្ញុំចង់ក្លាយជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់។
ខ្ញុំដឹងថា អ្នកទាំងអស់គ្នាដែលបានមកទីនេះនៅយប់នេះ សុទ្ធតែជាអ្នកដែលសម្រេចបាននូវក្តីសុបិនតាំងពីក្មេង រួចទៅហើយ ហើយពេលនេះ ខ្ញុំក៏ជឿជាក់ថាខ្លួនឯងអាចសម្រេចក្តីសុបិននោះបានដូចគ្នា។ សូមព្រះប្រទានពរ ដល់អ្នកទាំងអស់គ្នា ដោយក្តីស្រឡាញ់ និងសេចក្ដីដឹងគុណ។ ពីខ្ញុំ Biringiro។ សូមអរគុណ!»
រឿងរ៉ាវរបស់ Biringiro បានបង្ហាញពីឥទ្ធិពលនៃពានរង្វាន់ដែល Saka ទទួលបាន មិនមែនគ្រាន់តែជាសមិទ្ធផលផ្ទាល់ខ្លួនរបស់កីឡាករម្នាក់នោះទេ ប៉ុន្តែវាជាការផ្ដល់នូវក្តីសង្ឃឹម និងជីវិតថ្មីដែលកុមារ និងសហគមន៍ជាច្រើនចង់ទទួលបាន។
