Skip to content
ក្រុមទាំង៥ ដែលឈ្នះជើងឯកលីគកំពូលអង់គ្លេស ក្រោយតម្លើងពីលីគទី២
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ក្រុមទាំង៥ ដែលឈ្នះជើងឯកលីគកំពូលអង់គ្លេស ក្រោយតម្លើងពីលីគទី២

ក្របខណ្ឌកំពូលអង់គ្លេស ជាលីគបាល់ទាត់ដែលមានការប្រកួតប្រជែងខ្ពស់ ដោយរាល់ការប្រកួតក្រុមនីមួយៗមានការពិបាកក្នុងការយកជ័យជម្នះ ជាពិសេសសម្រាប់ក្រុមដែលទើបតែតម្លើងមកពីលីគលំដាប់ទី២ ហើយរឿងដែលកាន់តែពិបាកជាងនេះទៅទៀតគឺ ការឡើងមកលីគកំពូលហើយឈ្នះជើងឯក។

ទោះយ៉ាងណាក្ដី មាន៥ក្រុមដែលអាចគ្រងតំណែងជើងឯក ក្រោយប្រម៉ូតឡើងមកកាន់លីគកំពូលអង់គ្លេស។

Liverpool (រដូវកាល ១៩០៤-០៥)

មុនពេលក្លាយជាក្រុមខ្លាំងនៅអង់គ្លេស និង នៅអឺរ៉ុប Liverpool ធ្លាប់ធ្លាក់ចេញពីលីគកំពូលអង់គ្លេស ជាច្រើនលើកផងដែរ។ បន្ទាប់ពី ឈ្នះពានលីគកំពូលអង់គ្លេសជាលើកដំបូងនៅឆ្នាំ ១៩០១ ក្រុមហង្សក្រហមបានធ្លាក់ទៅលីគទី២នៅ៣រដូវកាលបន្ទាប់ ប៉ុន្ដែពួកគេត្រលប់មក First Division សារជាថ្មីនៅរដូវកាល ១៩០៤-០៥ ហើយឈ្នះជើងឯកនៅ១២ខែបន្ទាប់ ទោះបីបរាជ័យ៣ប្រកួតដំបូងនៅក្នុងលីគ។ បច្ចុប្បន្ន Liverpool ជាក្រុមការពារជើងឯកក្របខណ្ឌកំពូលអង់គ្លេស ដែលប្ដរូមក Premier League នៅរដូវកាល ១៩៩១-៩២។

Everton (១៩៣១-៣២)

ក្រោយឡើងពីលីគទី២ Second Division, Everton បានគ្រងតំណែងជាជើងឯកលីគកំពូលអង់គ្លេស First Division នៅរដូវកាល ១៩៣១-៣២ ខ្សែប្រយុទ្ធ Dixie Dean ជាកីឡាករដ៏លេចធ្លោបំផុតនៅរដូវកាលនោះ ដោយអាចរកគ្រាប់បាល់បាន ៤៥គ្រាប់ ពីការលេង ៣៨ប្រកួតក្នុងលីគនៅរដូវកាលនោះ។ បច្ចុប្បន្នក្រុម Everton ដែលដឹកនាំដោយលោក Carlo Ancelotti ឈរនៅលេខ៤ ក្នុងតារាង Premier League។

Tottenham Hotspur (១៩៥០-៥១)

Tottenham Hotspur បានក្លាយជាជើងឯក First Division ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ដ្ររបស់ពួកគេ នៅរដូវកាល ១៩៥០-៥១ ពោលគឺមួយរដូវកាលក្រោយប្រូម៉ូតឡើងពីលីគទី២។ ក្រុមមាន់ខ្នាយមាសបញ្ចប់រដូវកាលដោយឈរនៅកំពូលតារាង មានគម្លាត៤ពិន្ទុពីក្រុមលេខ២ Manchester United។ បច្ចុប្បន្នពួកគេលេងនៅ Premier League។

Ipswich Town (១៩៦១-៦២)

Sir Alf Ramsey បានដឹកនាំក្រុម Ipswich Town ឈ្នះពានលីគកំពូលអង់គ្លេស First Division ជាលើកដំបូង និង តែម្ដងគត់ក្នុងប្រវត្តិសាស្ដ្ររបស់ពួកគេ នៅរដូវកាល ១៩៦១-៦២ ក្រោយប្រូម៉ូតឡើងពីលីគទី២។ ក្រោយចប់រដូវកាល ១៩៦២-៦៣ លោក Ramsey បានចាកចេញទៅដឹកនាំក្រុមជម្រើសជាតិអង់គ្លេស ហើយជួយពួកគេឈ្នះពាន FIFA World Cup នៅឆ្នាំ ១៩៦៦។ បច្ចុប្បន្ន Ipswich លេងនៅក្របខណ្ឌទី៣អង់គ្លេស League One។

Nottingham Forest(១៩៧៧-៧៨)

Nottingham Forest ជាក្រុមចុងក្រោយក្នុងចំណោមក្រុមទាំង៥នៅក្នុងបាល់ទាត់អង់គ្លេស ដែលគ្រងតំណែងជើងឯក ក្រោយត្រូវបានតម្លើងមកលីគកំពូល First Division។ ក្រុមដែលបង្វឹកដោយលោក Brian Clough បញ្ចប់រដូវកាល ១៩៧៧-៧៨ ក្នុងតំណែងជាក្រុមកំពូលតារាង និងមានគម្លាត៧ពិន្ទុពីក្រុមលេខ២ Liverpool។ បច្ចុប្បន្ន Nottingham Forest លេងនៅ Championship ដែលជាលីគទី២អង់គ្លេស៕