ជា រិទ្ធ៖ តម្លៃខ្លួនកីឡាករនៅ One ឈ្នះ១ប្រកួតកើន១ពាន់ដុល្លារ

Sophana Pen
24 មើល
1 នាទីអាន
- Advertisement -

ភ្នាក់ងារនាំកីឡាករចេញទៅការប្រកួតក្រៅស្រុកដែល គេនិយមហៅថា ប្រូម៉ូទ័រ លោក ជា រិទ្ធ បានបង្ហើបពីតម្លៃខ្លួនកីឡាករខ្មែរលើសង្វៀនអន្តរជាតិ One Championship ថាទទួលពី ៣ទៅ៤ពាន់ដុល្លារ សម្រាប់ការបង្ហាញខ្លួនលើកដំបូង។

នេះជាការបង្ហើបមកកាន់ការចោទសួររបស់ក្រុមកាងារ AMS Sports អំពីតម្លៃខ្លួនកីឡាករ ដែលលោក ជា រិទ្ធ ធ្លាប់នាំទៅកន្លងមក ខណៈពេលនេះ អាជ្ញាកណ្ដាលឆ្នើមនៅស៊ីហ្គេម២០១៩រូបនេះ ក៏កំពុងដំណើរការរៀបចំឯកសារបញ្ជូន ជើងខ្លាំងខ្មែរ៤នាក់ ទៅកាន់ សង្វៀនលំដាប់កំពូលរបស់អាស៊ី One Championship នេះ ផងដែរ។

លោក ជា រិទ្ធលើកឡើងថា៖ «ទីផ្សារតម្លៃខ្លួនសម្រាប់បច្ចុប្បន្ននេះគឺខ្ញុំមិនទាន់បាននិយាយជាមួយគេនៅឡើយ។ ប៉ុន្តែសម្រាប់កន្លងមក កីឡាករដែលខ្ញុំនាំទៅ មិនថាប្រកួត ប្រដាល់សេរី រឺ Kickboxing ទេ គឺតម្លៃខ្លួន ៣ពាន់ ៤ពាន់ដុល្លារ។ បើឈ្នះបាន៤ពាន់ដុល្លារ និងទទួលបានកុងត្រា ៥ប្រកួតទៀត ហើយបើយើងបន្តឈ្នះគឺតម្លៃខ្លួន ១ប្រកួតឡើង១ពាន់ដុល្លាររហូត»។

លោក ជា រិទ្ធ ទើបតែទទួលបានការចាប់អារម្មណ៍ខ្លាំង តាមរយៈការបង្ហើបពីគម្រោងការនាំយក អ្នកប្រយុទ្ធជួរមុខ៤រូបទៅកាន់ One Championship រួមមាន ឡៅចិត្រា ឡៅចន្ទ្រា ឈុតសេរីវណ្ណថង និង ឃីម បូរ៉ា។ គម្រោងការលោក កំពុងស្ថិតក្នុងដំណាក់កាលរៀបចំឯកសារ និងរង់ចាំការស្ងប់ទៅវិញនូវ វិបត្តិកូវីដ១៩ ដែលអាចឲ្យការបើកព្រំដែនវិលទៅសភាពធម្មតាវិញសិន៕

លោក ប៉ែន សុផាន់ណា ជាអ្នកផលិត និង យកព័ត៌មានកីឡា ដែលបានឆ្លងកាត់បទពិសោធខ្ពស់ ពីប្រព័ន្ធផ្សព្វផ្សាយដ៏លេចធ្លោមួយចំនួន ទាំងទូរទស្សន៍ និង អនឡាញ។ លោក សុផាន់ណា កំពុងបម្រើការងារជា អ្នកផលិត ព័ត៌មានកីឡា ប្រកបដោយការទទួលស្គាល់ ក្នុងវិស័យព័ត៌មានកីឡានៅ កម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ជាអ្នកផលិត ព័ត៌មានកីឡា និង បទយកការណ៍ អំពីជិវិតកីឡាករ ដ៏មានវិជ្ជាជីវៈ។