ក្រុម Chelsea ដែលបង្វឹកដោយលោក Frank Lampard បានបរាជ័យក្រោមថ្វីជើង Leicester City ដោយលទ្ធផល ២-០ កាលពីថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ ដែលធ្វើឱ្យអតីតខ្សែបម្រើឆ្នើមជនជាតិអង់គ្លេសរូបនេះ ប្រឈមនឹងការបណ្ដេញចេញពីតំណែង។ លោក Lampard ស្ថិតនៅក្នុងចំណោមអ្នកចាត់ការទាំង៦រូប ដែលអាចអស់ឱកាសដឹកនាំក្រុម ទទួលលទ្ធផលខុសពីការរំពឹងទុក។
Sean Dyche
Burnley អាចប្រឈមនឹងការធ្លាក់ចេញពី Premier League ដោយបច្ចុប្បន្នពួកគេស្ថិតនៅលេខរៀងទី១៧ និងមានគម្លាតតែ៤ពិន្ទុប៉ុណ្ណោះពីតំបន់ត្រូវកាត់ចេញ។ ទន្ទឹមនឹងការមកដល់នៃម្ចាស់ក្លិបថ្មី Burnley ប្រហែលជាមានការផ្លាស់ប្ដូរ។ អ្នកចាត់ការ Sean Dyche ត្រូវប្រឹងប្រែងធ្វើយ៉ាងណាឱ្យក្រុមរបស់លោក ទទួលបានលទ្ធផលល្អបំផុត ដើម្បីរក្សាតំណែងរបស់ខ្លួន។
Nuno Espirito Santo
Wolverhampton Wanderers ជាក្រុមដែលមានការប្រកួតប្រជែងជាមួយក្រុមធំៗនៅ Premier League ប៉ុន្មានរដូវកាលចុងក្រោយនេះ ហើយអ្នកចាត់ការ Nuno Espirito Santo ជាអ្នកនៅពីក្រោយនៃលទ្ធផលពួកគេទទួលបានកន្លងមក។
Wolves បញ្ចប់រដូវកាល ២០១៨-១៩ និង ២០១៩-២០ នៅចំណាត់ថ្នាក់លេខ៧ ក្នុងតារាង Premier League ប៉ុន្ដែនៅឆ្នាំនេះ ពួកគេធ្លាក់មកលេខ១៤។ អ្នកចាត់ការជនជាតិព័រទុយហ្គាល់ ប្រឈមនឹងការបាត់បង់តំណែង ក្រោយដឹកនាំក្រុម មិនទាន់ស្គាល់ពាក្យថាឈ្នះ ពី៦ប្រកួតចុងក្រោយនៅលីគកំពូលអង់គ្លេស។
Chris Wilder
រដូវកាលមុន Sheffield United មានគម្លាតតែ៥ពិន្ទុប៉ុណ្ណោះ ពីតំណែងក្រុមកំពូលទាំង៦ក្នុងតារាង Premier League ប៉ុន្ដែនៅរដូវកាលនេះ ពួកគេទើបតែរកបានតែ៥ពិន្ទុ ពីការលេង១៩ប្រកួតនៅលីគកំពូលអង់គ្លេស ក្រោមការបង្វឹកដោយលោក Chris Wilder។
ទោះយ៉ាងណាក្ដី អ្នកចាត់ការវ័យ៥៣ នៅតែទទួលបានឱកាសបន្ថែមក្នុងការដឹកនាំក្រុម ដោយសារលោកធ្លាប់ជួយពួកគេឡើងពីបាតតារាងក្រុមខណ្ឌ League One មកលេងនៅលីគកំពូលអង់គ្លេស។ ប៉ុន្ដែយើងពុំទាន់ដឹងថា Sheffield United អាចបន្ដការអត់ធ្មត់រហូតពេលណានៅឡើយទេ។
Sam Allardyce
លោក Sam Allardyce ត្រូវបានរំពឹងថា ចូលខ្លួនមកជួយ West Brom ឱ្យឆ្លងផុតពីតំបន់ត្រូវកាត់ចេញ ប៉ុន្ដែពួកគេមិនទាន់ដោះស្រាយស្ថានភាពដុនដាបនេះ បាននៅឡើយទេ។ លោក Allardyce ដឹកនាំ West Brom ទទួលបានសរុប៤ពិន្ទុពីការប្រកួតទល់ Liverpool និង Wolves ប៉ុន្ដែ៤ប្រកួតផ្សេងក្រៅពីនេះ ពួកគេទទួលបានបរាជ័យទាំងអស់។
ថ្នាក់ដឹកនាំរបស់ក្លិបមិនចង់ធ្លាក់ទៅលីគ២នោះទេ ខណៈលោក Allardyce ផ្ទាល់ក៏មិនចង់បញ្ចប់កំណត់ត្រាដឹកនាំក្រុមមិនឱ្យធ្លាក់ចេញពីក្របខណ្ឌកំពូលផងដែរ។ ប្រសិនបើស្ថានភាពមិនប្រសើរឡើង អ្នកចាត់ការវ័យ៦៦ឆ្នាំ អាចនឹងត្រូវបញ្ចប់តំណែង។
Frank Lampard
លោក Frank Lampard បានចំណាយជាង២០០លានផោន អំឡុងការដោះដូរកាលពីរដូវក្ដៅកន្លងទៅ ក្នុងការទិញយកកីឡាករឆ្នើមមកជួយពង្រឹងក្រុម ដើម្បីមានឱកាសប្រជែងពានរង្វាន់នៅអង់គ្លេស និង នៅអឺរ៉ុប។
ប៉ុន្ដែ Chelsea មិនទាន់ស្ថិតនៅក្នុងកម្រិតប្រកួតប្រជែងពាននៅទេ ដោយក្រុមរបស់លោក Lampard មិនទាន់អាចយកឈ្នះក្រុម Top 6 នៅ Premier League នៅឡើយ ខណៈជំនួបជាមួយក្រុមមានកម្រិតទាបជាង ក៏ពួកគេមិនប្រាកដថាអាចយកបាន៣ពិន្ទុដែរ។
មានមតិខ្លះបានលើកឡើងថា គ្រូបង្វឹកដទៃដែលប្រឈមនឹងស្ថានភាពដូចបច្ចុប្បន្ននេះ ត្រូវក្លិបដេញចោលបាត់ទៅហើយ ប្រសិនបើមិនមែនជា Lampard ព្រោះលោកធ្លាប់ជួយក្រុមតោខៀវឈ្នះពានជាច្រើនកាលនៅជាកីឡាករ។ ទោះយ៉ាងណាក្ដី តំណែងរបស់អ្នកចាត់ការវ័យ៤២ឆ្នាំរូបនេះ ពិបាកនឹងធានាបើ Chelsea បន្ដជួបស្ថានភាពដូចពេលនេះតទៅទៀត។
Steve Bruce
ក្រោយមិនទទួលបានជ័យជម្នះ៩ប្រកួតជាប់គ្នា Newcastle United បានធ្លាក់ទៅកាន់លេខ១៥ក្នុងតារាង Premier League ខណៈការលេងរបស់ក្រុមកាន់តែពិបាកទទួលយក។
លោក Bruce អាចនឹងអស់ឱកាសដឹកនាំ Newcastle បើមិនអាចកែខៃលទ្ធផលការប្រកួតឱ្យបានប្រសើរឡើង ខណៈកីឡាកររបស់ Newcastle លេងនៅលើទីលានដោយខ្វះទំនុកចិត្ត និងមិនមានការស្រេកឃ្លានចង់បានជ័យជម្នះ៕