Skip to content
- ក្លិប Tottenham Hotspur កំពុងបង្ហាញការចាប់អារម្មណ៍ខ្សែប្រយុទ្ធ Danny Ings របស់ក្លិប Southampton មុនការដោះដូរ រដូវក្ដៅខាងមុខឈានចូលមកដល់។ អតីតខ្សែប្រយុទ្ធក្រុមហង្សក្រហមរូបនេះ ត្រូវបានរំពឹងថាបន្ដកុងត្រាថ្មីជាមួយ Southampton កាលពីឆ្នាំ ២០២០ ប៉ុន្ដែការចរចាពុំត្រូវរូវគ្នា ហើយតាមការចុះផ្សាយរបស់ Telegraph កីឡាករជនជាតិអង់គ្លេសរូបនេះ ចង់លេងឱ្យក្លិបណាដែលបានលេងនៅ UEFA Champions League។ កាលពីដើមរដូវកាលនេះ ក្លិមមាន់ខ្នាយមាសធ្លាប់បានកំណត់យក Ings ជាកីឡាករគោលដៅមកពង្រឹងនៅតំបន់ប្រយុទ្ធ ប៉ុន្ដែពួកគេបានផ្លាស់ប្ដូរដោយបានខ្ចី Carlos Vinicius ពីក្លិប Benfica ពេលដឹងថាកីឡាកររបស់ Southampton មិនទាន់ចង់ចាកចេញ។
- អនាគតរបស់ Dele Alli នឹងមិនទាន់ត្រូវបានសម្រេចទេ រហូតដល់សប្ដាហ៍ចុងក្រោយនៃទីផ្សារដោះដូរ ព្រោះគេពុំទាន់ប្រាកដថាក្លិប Tottenham Hotspur នឹងយល់ព្រមលើកិច្ចសន្យាខ្ចីកីឡាករអង់គ្លេសរូបនេះ ទៅក្លិបបារាំង Paris Saint-Germain នៅឡើយទេ។ នេះបើតាមប្រភពពី Euro Sport។ ក្លិបមាន់ខ្នាយមាសបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេមិនផ្ដល់លក្ខខណ្ឌទិញផ្ដាច់ ចំពោះការផ្ទេរ Alli ទៅក្លិបបារាំងនៅខែមករានេះឡើយ។ នាយកប្រតិបត្តិក្លិប Tottenham លោក Daniel Levy យល់ថា Alli ចង់ផ្លាស់ចេញពីទីក្រុងឡុងដុង តែលោកយល់ឃើញថា គេនៅតែជាកីឡាករសំខាន់មួយរូបរបស់ Spurs នាពេលអនាគត បើទោះបីពេលនេះ មិនស្ថិតនៅក្នុងគម្រោងរបស់លោក Jose Mourinho ក៏ដោយ។ ការចរចារវាងក្លិបទាំងពីរកំពុងនៅបន្ដ ប៉ុន្ដែបច្ចុប្បន្ន Spurs មិនចង់ឱ្យក្លិបបារាំងខ្ចីកីឡាករពួកគេ ក្នុងរយៈពេលវែងជាងពេលចប់រដូវកាលនេះទេ។ រីឯ PSG រំពឹងថាអាចនាំយក Alli មកកាន់ទីក្រុងប៉ារីសរយៈពេល១៨ខែ និងមានគម្រោងទិញផ្ដាច់បើគ្រប់យ៉ាងដំណើរការដូចរំពឹងទុក ពេលចប់រដូវកាលនេះ។
- ក្លិបបារាំង Nice បានប្ដូរចិត្តលែងចង់បាន ខ្សែបម្រើ Jesse Lingard ក្នុងកិច្ចសន្យាខ្ចីពីក្លិបអង់គ្លេស Manchester United។ Sky Sports បានរាយការណ៍កាលពីសប្ដាហ៍មុនថា អ្នកតំណាងរបស់ Lingard បានជួបពិភាក្សាជាមួយភាគីក្លិបបារាំង ប៉ុន្ដែមិនមានសំណើជាផ្លូវការដាក់នៅលើតុនោះទេ។ Man United មិនទានសម្រេចឱ្យ ខ្សែបម្រើជនជាតិអង់គ្លេសរូបនេះចាកចេញ ឬនៅបន្ដជាក្លិប នៅឡើយទេ។ ដូច្នេះមានតែរង់ចាំមើល រហូតដល់ថ្ងៃទីផ្សារដោះដូរត្រូវបានបិទបញ្ចប់ ស្របពេលដែលភ្នាក់ងាររបស់គេ កំពុងចរចាជាមួយក្លិបជាច្រើននៅអឺរ៉ុប។ នៅរដូវកាលនេះ Lingard មិនទាន់បានចូលលេងនៅឡើយទេ ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស ដោយរូបគេទទួលបានឱកាសចូលលេង ក្នុងការប្រកួត Cup តែ៣លើកប៉ុណ្ណោះ។
- ខ្សែបម្រើវ័យក្មេង Martin Odegaard បានស្នើសុំចាកចេញពី Real Madrid បន្ទាប់ពីកីឡាករជនជាតិន័រវែសរូបនេះ មិនសូវទទួលបានឱកាសបង្ហាញខ្លួនលើទីលានប្រកួតដូចកាលពីដើមរដូវកាល។ Odegaard បានត្រលប់មកកាន់ទឹកដី Santiago Bernabeu វិញ ក្រោយបញ្ចប់កិច្ចសន្យាខ្ចីពី Real Sociedad។ ប៉ុន្ដែ ខ្សែបម្រើវ័យ២២ឆ្នាំ បានទទូចសុំក្លិបដាក់រូបគេឱ្យក្លិបដទៃខ្ចីសារជាថ្មី ដើម្បីមានឱកាសបានចូលលេង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca។ បើគិតពីដើមរដូវកាល ២០២០-២១ មកទល់នឹងពេលនេះ Odegaard ចូលលេងបានត្រឹមតែ ៣៦៧នាទីប៉ុណ្ណោះ ឱ្យក្រុមបង្វឹកដោយលោក Zinedine Zidane។
- ក្លិប Bayern Munich និងកីឡាករ Jamal Musiala មិនទាន់ឈានដល់ការចរចាត្រូវរ៉ូវគ្នា ក្នុងការបន្ដកុងត្រាថ្មី បន្ទាប់ពីកីឡាករវ័យក្មេងរូបនេះ បានបំបែកកំណត់ត្រាជាច្រើនសម្រាប់ក្លិបអាល្លឺម៉ង់មួយនេះ ក្នុងឆ្នាំ២០២០។ នេះបើតាម Goal.com។ នៅក្នុងវ័យ១៧ឆ្នាំ Musiala ចង់បានកិច្ចសន្យាថ្មីដែលអនុញ្ញាតឱ្យរូបគេទទួលបានប្រាក់អាទិត្យ ១០ម៉ឺនផោនពី Bayern Munich ខណៈក្លិបធំៗមួយចំនួននៅអង់គ្លេសដូចជា Liverpool, Manchester United និង Manchester City កំពុងតាមដានស្ថានភាពបច្ចុប្បន្នរបស់គេ។ កីឡាករជម្រើសជាតិអង់គ្លេសក្រោមអាយុ២១ឆ្នាំរូបនេះ ជាកីឡាករដែលមានអាយុតិចបំផុត ដែលបានចូលលេង និង រកគ្រាប់បាល់នៅ Bundesliga ហើយគេទទួលបានឱកាសចូលលេង ១៨លើកឱ្យក្រុមរបស់លោកHansi Flick។
- ខ្សែប្រយុទ្ធ Romelu Lukaku មិនមានបំណងក្នុងការចាកចេញពី Inter Milan ត្រលប់ទៅទីក្រុង Manchester វិញនោះទេ ទោះគេស្ថិតនៅបញ្ជីកីឡាករខ្សែប្រយុទ្ធដែល Manchester City ចង់បានក៏ដោយ ព្រោះ គេរីករាយនឹងជីវិតនៅប្រទេសអ៊ីតាលី ស្របពេលគេមានឱកាសបង្ហាញគុណផលខ្ពស់ ក្រោមការបង្វឹកដោយលោក Antonio Conte។ នេះបើតាមការចុះផ្សាយរបស់ Express។ កីឡាករជនជាតិបែលហ្ស៊ិកបានចាយពេល ២ឆ្នាំជាមួយក្លិបបិសាចក្រហម Manchester United មុនពេលចាកចេញពី Old Trafford ទៅចូលរួម Inter Milan៕