កំណើនកីឡាករ កីឡាការិនី និង ប្រតិភូ សរុបដែលដែលចូលរួមប្រកួតប្រជែង ការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ បានកើនឡើងស្ទើរទ្វេរដង ពីរដូវកាលចាស់។ នេះបើតាមការលើកឡើងរបស់ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន ក្នុងសន្និសទីតប្រកាសការប្រកួត ដែលធ្វើឡើងនៅសាល គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលថ្ងៃអង្គារ៍។
លោកលើកឡើងថា បរិបទកូវីដ ជាង១ឆ្នាំចុងក្រោយនេះ បានធ្វើឲ្យពលរដ្ឋជាច្រើនងាកមកជិះកង់ដើម្បីហាត់កីឡា។ របត់នេះ បានរួមចំណែកក្នុងការបណ្ដុះធនធាន មួយកម្រិតទៀត សម្រាប់វិស័យកីឡាទោចក្រយាន។ លោកថា បើទោះជាឆ្នាំនេះ សហព័ន្ធ បានសម្រិតសម្រាំង និងរឹតត្បិតបទបញ្ជារប្រកួតឲ្យតឹងរឹង ដើម្បីបង្ការកូវីដផង ប៉ុន្តែចំនួនកីឡាករ កីឡាការិនី ដែលដាក់ពាក្យប្រកួតប្រជែង បានហក់កើនឡើងយ៉ាងច្រើន ដែលសហព័ន្ធស្ទើរមិននឹកស្មានដល់។
បើតាមការបញ្ជាក់របស់អគ្គលេខាធិការ រូបនេះ ឲ្យដឹងទៀតថា គោលដៅធំៗ២ នៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីពង្រឹងបច្ចកទេស និងការរៀបចំ ឆ្ពោះទៅកាន់ស៊ីហ្គេម ២០២៣ និងការប្រកួតកម្រិតអន្តរជាតិផ្សេងទៀត។ ទី២គឺដើម្បី បង្កើនបច្ចេកទេសកីឡាករ និងសម្រិតសម្រាំងស្វែងរក យុវជនដែលមាន ទេពកោសល្យ គ្រប់ខេត្ត ក្រុង ឲ្យពួកគេមានឱកាស បង្ហាញសមត្ថភាព។
ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ ២០២០ គ្រោងនឹងធ្វើឡើងលើទឹកដី ខេត្តសៀមរាប នៅថ្ងៃទី ២២ និង ២៣មករា ខណៈឆ្នាំនេះ ជាឆ្នាំដំបូង ដែលសហព័ន្ធ ទទួលបានសហការឧបត្ថម្ភថវិកាជាង ២ម៉ឺនដុល្លារពីក្រុមហ៊ុន Herballife ដើម្បីដំណើការរៀបចំ ព្រឹត្តិការណ៍ដែលមាន ៣វិញ្ញាសា សម្រាប់កងកួក និង ៤វិញ្ញសារសម្រាប់កង់ភ្នំ៕