Skip to content
Kagawa រកឃើញទ្រនំថ្មី ក្រោយទំនេរពីបាល់ទាត់ជាង៣ខែ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Kagawa រកឃើញទ្រនំថ្មី ក្រោយទំនេរពីបាល់ទាត់ជាង៣ខែ

អតីតខ្សែបម្រើ Manchester United និង Borussia Dortmund, Shinji Kagawa បានចុះកិច្ចសន្យាផ្ទេរចូលរួមក្លិប PAOK FC កាលពីថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ ក្រោយទំនេរតាំងពីខែតុលា ឆ្នាំ២០២០ ពេលបញ្ចប់កិច្ចសន្យាមុនពេលកំណត់ ជាមួយក្លិបអេស្ប៉ាញ Zaragoza។

Kagawa ជាកីឡាករដែលសំខាន់មួយរូបនៅក្នុងជម្រើសកីឡាកររបស់ក្រុមជម្រើសជាតិជប៉ុនដែលចូលរួមការប្រកួត FIFA World Cup ២០១៤ និង ២០១៨។

រីឯការលេងកម្រិតក្លិបវិញ Kagawa ជាចំណែកជួយឱ្យក្រុម Borussia Dortmund ដែលដឹកនាំដោយលោក Jurgen Klopp ឈ្នះ Bundesliga រដូវកាល ២០១០-១១ និង ២០១១-១២ មុនឈ្នះ Premier League ជាមួយ Manchester United នៅរដូវកាលបន្ទាប់។

ក្លិប PAOK ដែលឈ្នះជើងឯកលីគកំពូលក្រិកជាលើកដំបូង ចាប់តាំងពីពាក់កណ្ដាលទសវត្សរ៍១៩៨០មក បានប្រកាសថាកីឡាករជនជាតិជប៉ុនរូបនេះ នឹងចុះកុងត្រាលេងនៅទីនោះរយៈពេល១៨ខែ។

បច្ចុប្បន្នក្រុម PAOK កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៤ក្នុងតារាងក្របខណ្ឌកំពូលរបស់ក្រិក មាន៣៦ពិន្ទុ ខណៈក្រុម Olympiakos ដែលឈរនៅកំពូលតារាងមាន៤៨ពិន្ទុ៕